ព័ត៌មាន​ពិស្ដារ​រឿង​ចោរ​ប្រដាប់​អាវុធ​ប្លន់​ថៅកែ​ឈើ​ស្រុក​ស្វាយ​អ​ន្ទ​រ

ព័ត៌មាន​ពិស្ដារ​រឿង​ចោរ​ប្រដាប់​អាវុធ​ប្លន់​ថៅកែ​ឈើ​ស្រុក​ស្វាយ​អ​ន្ទ​រ

ខេត្តព្រៃវែង ៖ ចោរ​១​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម​បាន​ចូល​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​លក់​ឈើ​១​កន្លែង​នៅ​ភូមិ​ព្រៃខ្លា​ទី​២ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ប្រមូល​យក​បាន​គ្រឿងអលង្ការ និង​ប្រាក់​សរុប​ជាង​៥​ម៉ឺន​ដុល្លារ រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នៅផ្ទះ​លក់​ឈើ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៦ នៅ​ក្រោយ​ពេល​ដែល​ម្ចាស់ផ្ទះ​ប្រុស​ៗ​នាំ​គ្នា​ចេញ​ទៅ​ផឹកស៊ី​នៅ​ខាងក្រៅ​អស់ ក្នុងផ្ទះ​សល់​តែ​ក្មេង​ៗ​និង​ស្ត្រី​ម្នាក់ ។

ទាក់ទង​នឹង​សកម្មភាព​នៃ​ការ​ប្លន់​ខាងលើ​នេះ ត្រូវ​បាន​ជន​រង​គ្រោះ​ឈ្មោះ អ៊ា ប៊​ន អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ល្ងាច​មុន​ពេល​កើតហេតុ​នោះ ផ្ទះ​របស់​គាត់​បាន​រៀបចំ​កម្មវិធី​ជប់លៀង​មួយ​អបអរ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ដោយ​បាន​ប្រមូល​កូនចៅ​បងប្អូន​មិត្តភក្តិ​ជា​ច្រើន​នាក់​មក​ផឹកស៊ី​សប្បាយ​ទាំងអស់​គ្នា ។ ម្ចាស់​រង​គ្រោះ​រៀបរាប់​ទៀត​ថា រហូត​ដល់​ម៉ោង​៧​ល្ងាច កូនស្រី​របស់​គាត់​ឈ្មោះ ស្រី ស្រស់ អាយុ​២៣​ឆ្នាំ និង​កូនប្រសារ​ប្រុស​ឈ្មោះ ថា​ច អាយុ​២៩​ឆ្នាំ រួម​ទាំង​មិត្តភក្តិ​បាន​នាំ​គ្នា​ចេញ​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ខាងក្រៅ​អស់ ។ ចំណែក​រូប​គាត់​ជា​ឪពុក​ក៏​បាន​ចេញ​ទៅ​ផឹកស៊ី​បន្ត​ជាមួយ​លោក​មេ​ប៉ុស្ដិ៍​នៅ​ខាងក្រៅ​ដែរ ។ គាត់​ថា ក្នុងផ្ទះ​គឺ​នៅ​សល់​តែ​កូនស្រី​ឈ្មោះ ស្រី អាត អាយុ​៣៦​ឆ្នាំ និង​ចៅប្រុស​-​ស្រី​២​នាក់​ទៀត​ប៉ុណ្ណោះ ។ លុះដល់​ម៉ោង​៨​យប់​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ទើប​ដឹង​ថា​មាន​ចោរ​ចូល​ប្លន់ និង​ប្រមូល​យក​អស់ទ្រព្យ​សម្បត្តិ​ជា​ច្រើន​នៅ​ក្នុងផ្ទះ​។

យុវជន​ឈ្មោះ ឌី អាយុ​១៧​ឆ្នាំ ដែល​ជា​ចៅប្រុស​ម្ចាស់ផ្ទះ និង​ជា​អ្នក​នៅ​ក្នុង​ហេតុ​ការ​ណ៌​ផ្ទាល់​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ខណៈ​ពេល​ដែល​ម្តាយ​ឈ្មោះ ស្រី អាត ចូល​ទៅ​មុជទឹក​ក្នុង​បន្ទប់ រូបគេ​និង​ប្អូនស្រី​ឈ្មោះ ម៉ី អាយុ​១៣​ឆ្នាំ កំពុង​អង្គុយ​មើល​ទូរទស្សន៍​ក្នុងផ្ទះ ។ សុខ​ៗ​ស្រាប់តែ​លឺ​សំឡេង​គាស់​ទ្វារ​នៅ​ខាងក្រោយ​ផ្ទះ ទើប​ដើរទៅ​មើល​ក៏​ប្រទះ​ឃើញ​ក្រុម​ចោរ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​៣​ដើម​ចូល​មក​ដល់​ក្នុងផ្ទះ ហើយ​បាន​ចាប់​គេ​ភ្ជង់​គំរាម​មិន​ឱ្យ​មាត់ ។ ពេល​ប្អូនស្រី​និង​ម្តាយ​ចេញ​មក​ទៀត ក៏​ត្រូវ​ចាប់​ភ្ជង់​គំរាម​មិន​ឱ្យ​មាត់​ទៀត រួច​ក្រុម​ចោរ​ក៏​នាំ​គ្នា​ឡើង​ទៅ​បន្ទប់​ខាងលើ​ផ្ទះ គាស់​បន្ទប់​ចូល​ប្រមូល​យក​បាន​ប្រាក់​ដុល្លារ​១៣.០០០​ដុល្លារ ប្រាក់​ខ្មែរ​១៥០​លាន​រៀល ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ ទម្ងន់​៧​ជី កងដៃ​១​វង់​ទម្ងន់​៥​ជី និង​ចិញ្ចៀន​ប្លា​ទី​ន​១​វង់​ទម្ងន់​៣​ជី គិត​ជា​ទឹកប្រាក់​សរុប​ជាង​៥​ម៉ឺន​ដុល្លារ  ។

យុវជន​ដដែល​នេះ​បាន​រៀបរាប់​ថា ពេល​ដែល​ក្រុម​ចោរ​កំពុង​ចូល​ប្រមូល​យក​ទ្រព្យសម្បត្តិ​នោះ រូបគេ​បាន​រត់​ចេញពីផ្ទះ​ទៅ​ផ្ទះ​មេ​ភូមិ និង​ហៅ​មេ​ប៉ុស្ដិ៍​ឱ្យទៅ​ជួយ​ចាប់ចោរ ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះ​វិញ ក្រុម​ចោរ​បាន​ចេញ​ទៅ​ផុត​បាត់​អស់​ទៅ​ហើយ ។ ចំណែក​អ្នក​នៅ​ក្នុងផ្ទះ​មិន​ត្រូវ​បាន​ក្រុម​ចោរ​វាយ​ធ្វើបាប​អោយ​មាន​របួស​អ្វី​នោះ​ទេ ។

លោក​ឧត្ដមសេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព​ត៌​មាន អំពី​សកម្មភាព​ប្លន់​ខាងលើ​នេះ​ភ្លាម លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ទាំង​ប៉ុស្ដិ៍​រដ្ឋបាល និង​អធិការ​ស្រុក​ចុះ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​កើតហេតុ និង​ពង្រាយ​កម្លាំង​ចាំ​ស្ទាក់​នៅ​គ្រប់​ច្រក ។ ប៉ុន្តែ​ពុំ​បាន​ប្រទះ​ឃើញ​ដាន ឬ​មុខសញ្ញា​ក្រុម​ចោរ​នោះ​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ កម្លាំង​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ នៅ​តែ​បន្ត​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​កន្លែង​កើតហេតុ និង​ដាក់​កម្លាំង​តាម​ឃ្លាំមើល​នៅ​គ្រប់​គោលដៅ​ទាំងអស់ រហូត​មក​ដល់​ពេល​នេះ​។

លោកស្នងការ​បាន​បញ្ជាក់​ទៀត​ថា តាម​រយៈ​ការ​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​ដុតដៃដុតជើង រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ កម្លាំង​សមត្ថកិច្ច​មើលឃើញ​ថា អំពើ​ប្លន់​នេះ​ហាក់​បង្កប់​នូវ​ភាព​មិន​ប្រក្រតី​ច្រើន ហើយ​តាម​ការ​សន្និដ្ឋាន វា​ក៏​អាច​មានការ​ពាក់​ព​ន្ធ័​នឹង​មនុស្ស​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ផង​ដែរ ។ ចំណែក​ទឹកប្រាក់​ដែល​បាត់បង់​សរុប​រហូត​ដល់​ទៅ​ជាង​៥​ម៉ឺន​ដុល្លារ​នោះ ក៏​អាច​មិន​ពិត​ដែរ ប៉ុន្តែ​កម្លាំង​របស់​លោក​នឹង​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​ទៀត ដើម្បី​ស្វែងរក​ការ​ពិត​និង​ចាប់​ជនល្មើស​ឱ្យ​ទាល់តែ​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៥ និង​រយៈពេល​ជាង​១​ខែ​ដើមឆ្នាំ ២០១៦​នេះ ខេត្តព្រៃវែង បាន​កើត​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​ធំ​ៗ ចំនួន​៥​ករណី​មក​ហើយ គឺ​នៅ​ស្រុក​បាភ្នំ​១​ករណី ស្រុក​ពារាំង​១​ករណី ស្រុក​កំចាយមារ​១​ករណី និង​ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន​២​ករណី​បូក​រួម​ទាំង​លើក​នេះ ។

លោកស្នងការ​នគរបាល​ខេត្ត​បាន​អះអាង​ថា ក្នុង​ចំណោម​ករណី​ប្លន់​ទាំង​៥​នេះ កំលាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ចាប់ខ្លួន​ក្រុម​ចោរ បាន​ចំនួន​៣​ករណី គឺ​ករណី​ប្លន់​នៅ​ស្រុក​បាភ្នំ ប្លន់​នៅ​ស្រុក​ពារាំង និង​ប្លន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ កាលពី​លើក​មុន​។ ដោយឡែក​២​ករណី​ទៀត គឺ​ប្លន់​នៅ​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ និង​ប្លន់​ផ្ទះ​លក់​ឈើ​នៅ​ស្វាយ​អ​ន្ទ​រ​នេះ គឺ​នៅ​មិន​ទាន់​ចាប់ខ្លួន​ជនល្មើស​បាន​នៅឡើយ​ទេ ៕