ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

វេ​ប​សាយ «ET Today» របស់​ចិន​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​នាំ​គូស្នេហ៍​អាយុ​២៧​ឆ្នាំ ជា​កូន​អ្នក​មាននៅ​ក្រុង​សៀង​ហៃ ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​សួរសុខទុក្ខ​ឪពុក​ម្ដាយ ប៉ុន្ដែ​ស្រាប់តែ​ពេល​នេះ​នាង​សុំ​ផ្ដាច់ចំណង​ស្នេហ៍ ព្រោះ​មិន​ចូល​ចិត្ត​អាហារ​ដែល​ម្ដាយ​របស់​គេ​ចំអិន​ឱ្យ​នាង​ទទួល​ទាន។

រឿង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អី​ុ​ន​ធើ​រ​ណេ​តរបស់​ចិន ក្រោយ​ពី​ភាគី​ខាង​ស្រី​ថតរូប​មុខម្ហូប​៦​ទៅ​៧​មុខ ដែល​ម្ដាយ​របស់​គូស្នេហ៍​ចំអិន​ឱ្យ​ទទួលទាន ។ នារី​នោះ​ស្ថិត​ក្នុង​គ្រួសារ​ស្ដុកស្ដម្ភ​នៅ​ក្រុង​សៀង​ហៃ ឯ​ភាគី​បុរស​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ខេត្ត​ជាំ​ង​សី​ុ ។ អ្នក​ទាំង​ពីរ​បាន​សេពគប់​គ្នា​រយៈពេល​១​ឆ្នាំ ហើយ​ឪពុក​ម្ដាយ​ខាង​ស្រី​បាន​ជំទាស់ ព្រោះ​ខ្លាច​កូនប្រសា​មិន​មាន​ប្រាក់​ទិញ​ផ្ទះ​ល្អ​ដល់​កូនស្រី​របស់​ខ្លួន​នៅ​ក្រុង​សៀង​ហៃ​បាន និង​រូបគេ​មាន​ឋានៈ​មិន​ថ្កុំថ្កើង ។

ភាគី​ខាង​ស្រី​ក្រោយ​ពី​អង្គុយ​ទទួលទាន​អាហារ​ជាមួយ​ឪពុក​ម្ដាយ​របស់​គូស្នេហ៍ បាន​បន្តិច​ក៏​សម្រេចចិត្ត​ផ្ដាច់ចំណង​ស្នេហ៍​ហើយ​ជិះ​រថភ្លើង​ត្រឡប់​ទៅ​ក្រុង​សៀង​ហៃ​វិញ ។
មហាជន​បាន​រិះគន់ និង​ភាគច្រើន​រិះគន់​លើ​ភាគី​ខាង​ស្រី​ថា ជា​មនុស្ស​គ្មាន​មារយាទ ប៉ុន្ដែ​អ្នកខ្លះ​យល់​ឃើញ​ថា នាង​ចេញពី​ក្រុម​គ្រួសារ​មាន​ស្ដុកស្ដម្ភ ធ្វើ​ឱ្យ​មាន​គម្លាត​នៃ​ឋានៈ​របស់​អ្នក​ទាំង​ពីរ ទើប​ក្លាយជា​ឧបសគ្គ​ក្នុង​ការ​រស់នៅ ។ រីឯ​ខ្លះ​ទៀត​យល់​ថា អាហារ​ទាំងនោះ​ជា​អាហារ​ដ៏​ប្រសើរ​មួយ​នៅ​ទី​ជនបទ​របស់​ចិន ព្រោះ​មាន​ត្រី និង​សាច់​មាន់ ដែល​ម្ដាយ​ខាង​ប្រុស​ចំអិន​ជូន​នាង​ទទួលទាន ៕