​អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​បង្កើត​សហគមន៍​រទេះគោ នៅ​ភូមិ​ស្រះស្រង់ និង​ភូមិ​រហាល ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​

ភ្នំពេញ: ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សាយ​ថា រទេះគោ​គឺជា​យានជំនិះ និង​ជា​ឧបករណ៍​ដឹកជញ្ជូន​ផល​កសិកម្ម ដ៏​យូរលង់​របស់​បុព្វបុរស​ខ្មែរ​។ បច្ចុប្បន្ន មធ្យោបាយ​ដឹកជញ្ជូន​នេះ​បាន​បាត់បង់​ជា​បណ្តើរៗ ដោយ​ជំនួស​មកវិញ​នូវ​គ្រឿងចក្រ​មាន​ឡាន និង​គោយន្ត​ជាដើម​។ នៅ​តំបន់​អង្គរ មធ្យោបាយ​ដឹកជញ្ជូន​នេះ​នៅមាន​ប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​នៅឡើយ តែ​ក៏​មិនមាន​គ្រប់​ផ្ទះ ឬ​ច្រើន​លើសលុប​ដូច​សម័យបុរាណ​នោះដែរ​។​

​ដើម្បី​រួមចំណែក​ថែរក្សា​ការប្រើប្រាស់​ឧបករណ៍​ខ្មែរ​បុរាណ និង​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ឲ្យ​បាន​គង់វង្ស ព្រមទាំង​ទាញ​ផលប្រយោជន៍​ពី​ឧបករណ៍​ទាំងនេះ សម្រាប់​ការចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ ទើប​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ និង​បេតិកភណ្ឌ​អង្គរ ហៅ​កាត់​ថា ACHA សហការ​ជាមួយ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន បាន​ដឹកនាំ​បង្កើត​សហគមន៍​ជិះរទេះ​គោ​ឡើង​។​

​សហគមន៍​នេះ បាន​ប្រើប្រាស់​រទេះគោ​ដែល​អ្នកស្រុក​ប្រើប្រាស់​ប្រចាំថ្ងៃ មក​ដឹកជញ្ជូន​ភ្ញៀវទេសចរ ហើយ​បាន​កម្រៃ​ផ្តល់​មក​ម្ចាស់​រទេះគោ និង​សហគមន៍​របស់​ពួកគាត់​។ សហគមន៍​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១០ ក្នុងភូមិ​រហាល និង​ស្រះស្រង់​ខាងជើង​។​

​លោក ទស្ស សុមនា​ថ ប្រធាន​នាយកដ្ឋាន​ស្តីទី​នៃ​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​លំនៅឋាន ក្នុង​ឧទ្យាន​អង្គរ បាន​មានប្រសាសន៍ថាៈ ការបង្កើត​គម្រោង​នេះ​ឡើង គឺ​ដើម្បី​ជួយ​ទាញ​ចំណូល​ដោយផ្ទាល់​ពី​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ដល់ដៃ​ប្រជាពលរដ្ឋ​។ យើង​ជួយ​គាត់​រៀបចំ​ជា​ក្រុម​ឡើង ហើយ​ឲ្យ​ក្រុម​គាត់​ដំណើរការ​ទៅដោយ​ខ្លួនឯង​។ យើង​ជួយ​គាត់​ផ្នែក​បច្ចេកទេស​ដូចជា​រៀបចំ​បញ្ជីស្នាម រៀបចំ​អង្គប្រជុំ និង​ជួយ​ផ្សព្វផ្សាយ​ទៅកាន់​ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុន​ឯកជន​ជាដើម​។​

​អនុប្រធាន​សហគមន៍​លោក ឈុំ សឿត បញ្ជាក់ថា ក្នុង​សហគមន៍​របស់​យើង​មាន ២០​រទេះគោ​។ ក្នុងការ​ដឹកជញ្ជូន​ភ្ញៀវ​ម្តងៗ​យើង​យក​កម្រៃ​៧​ដុល្លារ ដោយ​ចំណូល​នោះ​ត្រូវបាន​បែង​ចែកជា​៣​ចំណែក គឺ​ម្ចាស់​រទេះគោ​បាន​៥​ដុល្លារ គណៈកម្មការ​គ្រប់គ្រង​១​ដុល្លារ និង​សម្រាប់​ជួយ​សហគមន៍​១​ដុល្លារ​។​

​លោក សឿត បន្ថែមថា កន្លងមកនេះ​ថវិកា​ហិប​សហគមន៍​របស់​យើង​បាន​ចូលរួម​ការងារ​សង្គម​មួយចំនួន​ដូចជា ចូលរួម​កសាង​ផ្លូវ​ក្នុងភូមិ ចូលរួម​កសាង​ឈាបនដ្ឋាន ចូលរួម​ឧបត្ថម្ភ​ក្រុម​សន្តិ​សុខភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ល​។​

​លោក សម កុសល បុគ្គលិក​បច្ចេកទេស​នៃ​គម្រោង​ACHA ទទួលបន្ទុក​សម្របសម្រួល​គម្រោង​ទេសចរណ៍​ជិះរទេះ​គោ​បញ្ជាក់ថា គម្រោង​របស់​យើង​បាន​ព្យាយាម​ជួយ​ដល់​អ្នកស្រុក​ឱ្យមាន​លទ្ធភាព​ទាញយក​ប្រាក់ចំណូល​ដោយផ្ទាល់​ពី​ភ្ញៀវទេសចរ តាមរយៈ​ការលក់​ផលិតផល​ទេសចរណ៍ សេវាកម្ម​ទេសចរណ៍​នេះឯង​។ ដូច្នេះ បច្ចុប្បន្ន​ភ្ញៀវទេសចរ​បរទេស​បាន​មកលេង​ដល់ផ្ទះ​អ្នកស្រុក​តែម្តង​។​

​លោក កុសល រៀបរាប់ថា សព្វថ្ងៃនេះ យើង​ព្យាយាម​ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត តាមរយៈ​ការបោះពុម្ពផ្សាយ​ខិ​ត្ត​បណ្ណ ទំនាក់ទំនង​ទៅ​ក្រុ​ហ៊ុន​ឯកជន​។ យើង​ក៏មាន​គម្រោង​លើក​បដា​ធំ​មួយ​នៅត្រង់​ផ្លូវ​ចូល​សហគមន៍ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ដែល​មកដល់​កន្លែង​នេះ ហើយ​ស្គាល់​សហគមន៍​កាន់តែច្បាស់​៕​

​អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​បង្កើត​សហគមន៍​រទេះគោ នៅ​ភូមិ​ស្រះស្រង់ និង​ភូមិ​រហាល ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​

​អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​បង្កើត​សហគមន៍​រទេះគោ នៅ​ភូមិ​ស្រះស្រង់ និង​ភូមិ​រហាល ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​

​អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​បង្កើត​សហគមន៍​រទេះគោ នៅ​ភូមិ​ស្រះស្រង់ និង​ភូមិ​រហាល ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​