ម៉ៅ ស៊ីណាត គ្រោង​​បង្កើត​ជំនួញ​​​រួម​គ្នា​ជា​មួយ​គូស្នេហ៍​ថ្មី

ម៉ៅ ស៊ីណាត គ្រោង​​បង្កើត​ជំនួញ​​​រួម​គ្នា​ជា​មួយ​គូស្នេហ៍​ថ្មី

ក្រោយ​ពី​បាន​លែងលះ​ជា​មួយ​ស្វាមី​ដែល​​ជា​មេធាវី​ល្បី​ឈ្មោះ ហើយ​បា​​ន​ឈាន​មក​មាន​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​យោធា​វ័យ​​ស្របាល​គ្នា​នោះ អ្នកនាង​មៅ ស៊ីណាត បាន​ប្រាប់​ថា បច្ចុប្បន្ន​កំពុង​តែ​​មាន​ទំនាក់ទំនង​​ជា​មួយ​គ្នា​​ស្អិតល្មួត​​ខ្លាំង​ណាស់ ហើយ​អ្នក​នាង​គ្រោង​​បង្កើត​មុខ​របរ​​មួយ​រួម​គ្នា ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​បាន​រស់​នៅ​ជុំ​គ្នា កាន់តែ​មាន​ក្ដី​​សុខ​ថែម​ទៀត។

 

ម៉ៅ ស៊ីណាត គ្រោង​​បង្កើត​ជំនួញ​​​រួម​គ្នា​ជា​មួយ​គូស្នេហ៍​ថ្មី

 

មុខ​របរ​ដែល​ អ្នកនាង​មៅ ស៊ីណាត គ្រោង​បើក​នោះ គឺ​ជា​មុខរបរ​បោះ​ដុំ ស្រាបៀ​ក៏​ដូច​ជា​ភេសជ្ជៈ​ជា​ដើម នៅ​តាម​តំបន់​ជាយ​ក្រុង​ភ្នំពេញ​នេះ ដោយ​មុខរបរ​នោះ ​អាច​ប្រើ​​ដើម​ទុន ខ្ទង់​២ទៅ៣ម៉ឺន​ដុល្លារ។ “ការងារ​គាត់​រាល់​ថ្ងៃ​នៅ​​​ច្រក​អាន​សេះ ខេត្ត ព្រះវិហារ ខ្ញុំ​ចង់​ឲ្យ​គាត់​ដូរ​មក​ភ្នំពេញ​វិញ ហើយ​គិត​ចង់​បើក​មុខរបរ​​មួយ ខ្ញុំ​នៅ​លក់​គាត់​ទៅ​ធ្វើ​ការ​ទៅ យើង​បាន​​នៅ​ជិត​គ្នា”អ្នកនាង​មៅ ស៊ីណាត ថ្លែង។

 

បច្ចុប្បន្ន​​គូ​ស្នេហ៍​​របស់​អ្នក​នាង ម៉ៅ ស៊ីណាត កំពុងតែ​រត់ការ​ឯកសារ ដើម្បី​ប្ដូរ​កន្លែង​ការងារ រក​ពេល​ច្រើន​នៅ​ជួបជុំ​គ្នា។ ចំពោះ​មុខរបរ​ដែល​បាន​រៀបរាប់​ខាង​លើ ទោះបី​ជា​មាន​​ផែនការ​ច្បាស់​លាស់​បែប​នេះ​ក្ដី ​នៅ​មិន​ទាន់​កំណត់​​ថ្ងៃ​​ណា​ចាប់​ផ្ដើម​នៅ​ឡើយ ត្បិត​អី​ភាគី​ទាំង​សង​ខាង​កំពុង​តែ​រក​ដើម​ទុន​មក​បង្គ្រប់។ “ឥលូវ​ហ្នឹង…​អត់​ទាន់​មាន​លុយ​​គ្រប់​ទេ កំពុងតែ​ស្វែង​រក​បន្ថែម ជិត​គ្រប់​ហើយ “។

 

ម៉ៅ ស៊ីណាត គ្រោង​​បង្កើត​ជំនួញ​​​រួម​គ្នា​ជា​មួយ​គូស្នេហ៍​ថ្មី

 

អ្នក​នាង ម៉ៅ ស៊ីណាត និង​សង្សារ​ថ្មី បាន​ស្គាល់​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្នក​ទាំង២ ទើបតែ​មាន​ទំនាក់ទំនង​ហើយ​ឈាន​​ធ្វើ​ជា​សង្សារនឹង​គ្នា ប្រហែល​ជា៣ទៅ៤ ខែ​មក​នេះប៉ុណ្ណោះ ពោល​គឺ បន្ទាប់​ពី​បាន​លែងលះ​ជា​មួយ​ស្វាមី​​​​ដែល​ជា​មេធាវី​រួច។ តាម​ការ​ឲ្យ​ដឹង​ពី  អ្នក​នាង ម៉ៅ ស៊ីណាត សង្សារ​របស់​ខ្លួន​​ជា​មន្ត្រី​យោធា​នោះ មាន​ឋានៈ​ជា វរសេនីយ៍ទោ(ស័ក្កិ៤កន្លះ) ហើយ​ពោះម៉ាយ​កូន១ ដូច​អ្នក​នាង​ដែរ។

 

ទោះបី​ជា បាន​ប្រកាស​​ជា​សាធារណៈ​ថា​ជា​សង្សារ​គ្នា ហើយ​មាន​គម្រោង​រកស៊ី​ជា​មួយ​គ្នា​បែប​នេះ​ក្ដី អ្នក​ទាំង២ នៅ​មិន​ទាន់​មាន​គម្រោង​ចូល​រោងការ​ជាមួយ​គ្នា​នៅ​​ឡើយ​ទេ។ អ្នក​នាង ម៉ៅ ស៊ីណាត ថ្លែង​ថា ប្រហែល​ជា​២ទៅ៣ឆ្នាំ​ទៀត​បាន​គិតគូរ  ព្រោះ​ចាំ​មើល​ចិត្ត​ថ្លើម​គ្នា​សិន ខ្លាច​ទៅ​អនាគត​មិន​សមប្រកប​ដូច​គូស្នេហ៍​ចាស់ ៕

 

អត្ថបទ៖ ខុត សីហា