ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

កំណើន​នៃ​ការ​ទិញ​ទំនិញ និង​ប្រតិបត្តិការ​នានា​នៅ​តាម​អន​ឡាញ​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​នោះ​តម្រូវការ​បង់ថ្លៃ​ទំនិញ​តាម​អន​ឡាញ ក៏​កាន់តែ​កើនឡើង​ផង​ដែរ​នៅ​តាម​ធនាគារ ។ ដូចនេះ​ដើម្បី​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង់ថ្លៃ​ទំនិញ និង​ការ​ចាយវាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ ធនាគារ​ជា​ច្រើន​បាន​ពង្រឹង និង​ពង្រីក​ប្រតិបត្តិការ​ទូទាត់​ទំនិញ​ជា​លក្ខណៈ​សកល ។ ជាក់ស្ដែង ធនាគារ ABA បាន​សហការ​ជាមួយ MasterCard ក្នុង​គោលបំណង​ណែនាំ​ជូន​អ្នក​នូវ​កាត​និម្មិត ABA ជា​វិធីសាស្ត្រ​ទំនើប និង​ឥត​គិតថ្លៃ ដែល​ធ្វើ​ឱ្យ​អតិថិជន​អាច​ទិញ​ទំនិញ​តាម​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព ហើយ​វា​ជា​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ ។ ខាងក្រោម​នេះ ជា​កិច្ច​សម្ភាសន៍​ជាមួយ​កញ្ញា ចាប ចាន់​នី​ង ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​ធនាគារ​ABA ទាក់ទង​នឹង​ការ​បញ្ចេញ​កាត​និម្មិត ម៉ា​ស្ទ័​រកា​ត ដូច​តទៅ ៖

តើ​អ្វី​ទៅ​ជា​កាត​និម្មិត ម៉ា​ស្ទ័​រកា​ត ?
កាត​និម្មិត ម៉ា​ស្ទ័​រកា​ត គឺជា​ការ​បង្កើត​រូបភាព​កាត​នៅ​លើ​អេ​ក្រង់​កុំព្យូទ័រ ដើម្បី​បង់ប្រាក់​ជា​មុន​បាន​ភ្លាម​ៗ​ក្នុង​នាម​ជា​ម៉ា​ស្ទ័​រកា​ត ។ កាត​នេះ​មាន​តម្លៃ និង​អាច​ប្រើប្រាស់​បាន​ដូច​កាត​ទូទាត់​ពិតប្រាកដ គ្រាន់តែ​គ្មាន​រូបរាង​មិន​អាច​កាន់ ឬ​ប៉ះ​បាន​តែ​ប៉ុណ្ណោះ ។ តាម​រយៈ​កាត​និម្មិត ម៉ា​ស្ទ័​រកា​តរបស់​ធនាគារ ABA អ្នក​អាច​ធ្វើការ​ទូទាត់ និង​បញ្ជា​ទិញ​ដូច​កាត​ពិតប្រាកដ​បាន​តាម​ហាង​អន​ឡាញ ដែល​មាន​ស្លាក​សញ្ញា​ម៉ា​ស្ទ័​រកា​ត ដូច​ជា Amazon, EBay ឬ​ក៏ AliExpress ។

តើ​កាត​នេះ​ដំណើរការ​ដោយ​របៀប​ណា ?
តាម​ការ​ស្នើ​សុំ​របស់​អ្នក យើង​នឹង​បង្កើត លេខ​កាត​និម្មិត ដែល​អនុញ្ញាត​ឱ្យ​អ្នកទិញ ឬ​បង់ប្រាក់​តាម​អន​ឡាញ​ដោយ​មិន​ចាំបាច់​បង្ហាញ​ព័ត៌មាន​បឋម​របស់​គណនី ឬ​ព័ត៌មាន​លម្អិត​របស់​កាត​ឡើយ ។ ការ​កម្រិត​ប្រតិបត្តិការ​អនុញ្ញាត​ឱ្យ​អ្នក​កំណត់​បាន​ទាំង​ដំណើរការ ទីកន្លែង និង​ពេលវេលា ដែល​ត្រូវ​ប្រើ​លើ​គណនី​របស់​អ្នក ។ អ្នក​គ្រាន់តែ​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​ចាំបាច់​ត្រូវ​ចំណាយ​ភ្លាម​ៗ មុន​ពេល​ទិញ​ទំនិញ​ម្តង​ៗ ហើយ​កំណត់​រយៈពេល​ត្រូវ​ប្រើ​តែ​ប៉ុណ្ណោះ បន្ទាប់​មក​ទឹកប្រាក់​ដែល​សល់​ដែល​មិន​បាន​ប្រើប្រាស់ វា​នឹង​បញ្ចូល​ត្រឡប់​ទៅ​ក្នុង​គណនី​គោល​របស់​អ្នក​វិញ ។

តើ​អតិថិជន​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ ?
អតិថិជន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដោយ​មិន​គិត​កម្រៃ​ពេល​ចេញ​កាត និង​កម្រៃ​ប្រចាំឆ្នាំ​ឡើយ គឺ​អាច​ចេញ​កាត​ដោយ​ខ្លួនឯង​បាន​ភ្លាម​ៗ ហើយ​មាន​សុវត្ថិភាព​ក្នុង​ការ​ទូទាត់​តាម​អន​ឡាញ និង​មានការ​ជូនដំណឹង​រាល់​ប្រតិបត្តិការ​នីមួយ​ៗ ជា​ពិសេស វា​មាន​សុវត្ថិភាព និង​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ ។ មិន​គិតថ្លៃ​សម្រាប់​ការ​ចេញ​កាត​ម្តង​ក្នុង​មួយ​ខែ ។ ប្រសិនបើ​មានការ​ចេញ​កាត​ច្រើន​ដង​បន្តបន្ទាប់​ក្នុង​ខែ​តែ​មួយ នឹង​ត្រូវ​គិត​កម្រៃ​៣​ដុល្លារ​ក្នុង​កាត​មួយ ។ តម្រូវ​ឱ្យ​មាន ABA Mobile app ។

តើ​ត្រូវ​ធ្វើការ​ស្នើ​សុំ​យ៉ាងដូចម្តេច​ខ្លះ ?
បច្ចុប្បន្ន អ្នក​អាច​ចេញ​កាត​និម្មិត​ដោយ​ខ្លួន​អ្នក​ផ្ទាល់​តាម​រយៈ​សេវាកម្ម​ធនាគារ​តាម​អុ​ី​ន​ធើ​រ​ណេ​ត ។ ប្រសិនបើ​អ្នកជា​អតិថិជន​ថ្មី តម្រូវ​ឱ្យ​បើក​គណនី​មួយ​ជាមួយ​យើង​សិន ។ តម្រូវ​ឱ្យ​មាន​គណនី​នៅ ABA និង​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​អុ​ី​ន​ធើ​រ​ណេ​ត ។

តើ​ប្រភេទ​គណនី​ណាមួយ​ដែល​អាច​ឱ្យ​អតិថិជន​អាច​ចេញ​កាត​និម្មិត​នេះ​បាន ហើយ​ត្រូវ​តម្កល់​ទឹកប្រាក់​ប៉ុន្មាន​នៅ​ពេល​បើក​ដំបូង ?
កាត​និម្មិត ABA អាច​ភ្ជាប់​ជាមួយ​គណនី​ចរន្ត ឬ​ក៏​គណនី​សន្សំ​របស់ ABA ណាមួយ​ក៏​បាន ។ ទឹកប្រាក់​ដែល​ត្រូវ​តម្កល់​ពេល​បើក​ដំបូង គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​គណនី ។ ចំពោះ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ចំនួន សូម​រក​មើល​នៅ​ក្នុង​គេហទំព័រ​របស់​យើង www.ababank.com ។ នៅ​ពេល​ដែល​អតិថិជន​បង្កើត​កាត​និម្មិត​មួយ ពួក​គាត់​អាច​កំណត់​នូវ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក​ពី​គណនី​ដែល​បាន​ជ្រើសរើស​ហើយ ។ ករណី​កាត​និម្មិត​ផុតកំណត់ ឬ​ឈប់​ប្រើប្រាស់ ហើយ​នៅ​មាន​ទឹកប្រាក់​ក្នុង​កាត​នោះ ទឹកប្រាក់​នឹង​ត្រូវ​ផ្ទេរ​ត្រឡប់​ចូល​ទៅ​គណនី​ដែល​អ្នក​បាន​ដក​វិញ​ដោយ​ស្វ័យប្រវត្តិ ។

តើ​ធ្លាប់​បាន​ទទួល​ការ​តវ៉ា​ណាមួយ​ពី​អតិថិជន​អំពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​កាត​និម្មិត​នេះ​ដែរ​ឬទេ ?
ទេ យើង​មិន​ដែល​បាន​ទទួល​ការ​តវ៉ា​ណាមួយ​ពី​អតិថិជន​ដែល​បាន​ប្រើប្រាស់​កាត​និម្មិត​នេះ​ទេ ពីព្រោះ​ថា សុវត្ថិភាព និង​សន្តិសុខ ត្រូវ​បាន​បង្កើត​ឡើងជា​ពិសេស​ជូន​ដល់​អតិថិជន​របស់​យើង ។ គោល​គំនិត​ចម្បង​នៃ​កាត​នេះ គឺ​ប្រើប្រាស់​ដើម្បី​ទិញ​តាម​អន​ឡាញ ដោយ​មិនបាច់​ប្រើ​កាត​ប្លា​ស្ទិ​ក​ពិតប្រាកដ និង​មាន​សុវត្ថិភាព​១០០% ។

តើ​កាត​និម្មិត ABA ទទួល​បាន​អតិថិជន​ប្រើប្រាស់​ចំនួន​ប៉ុន្មាន ?
ក្នុងអំឡុងពេល​បី​ខែ​ចុង​ក្រោយ​នេះ (​វិច្ឆិកា ២០១៥ - មក​រា ២០១៦) មាន​កាត​និម្មិត​ចំនួន​ជិត​៣.០០០​ត្រូវ​បាន​ចេញ និង​ប្រើប្រាស់ ។

មុន​ពេលធ្វើការ​បញ្ជា​ទិញ​តាម​អន​ឡាញ យើង​ត្រូវ​យល់​ដឹង​ពី​ការ​ការពារ​សុវត្ថិភាព​ដូច​ម្តេច​ខ្លះ ?
ខាងក្រោម​នេះ គឺជា​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែល​ជួយ​ការពារ​អ្នក​រាល់ពេល​ធ្វើការ​ទូទាត់​ទំនិញ​តាម​អីុ​ន​ធើ​រ​ណេ​ត ៖

-​ធានា​កេរ្តិ៍ឈ្មោះ​ខ្លួន​អ្នក​ផ្ទាល់​ក្នុង​ការ​ជួញដូរ​តាម​អីុន​ធើ​រ​ណេ​ត មុន​ពេល​បើក​បង្ហាញ​ព័ត៌មាន​លម្អិត​នៃ​កាត​របស់​អ្នក ។ ដើម្បី​ការពារ​សាច់ប្រាក់​របស់​អ្នក យើង​សូម​ណែនាំ​ឲ្យ​អ្នកទិញ​តែ​ទំនិញ​ពី​ហាង​ល្បី​ៗ​មាន​ប្រភព និង​ពី​ពាណិជ្ជករ​ដែល​គួរ​ទុកចិត្ត​បាន​ប៉ុណ្ណោះ ។

-​មុន​ពេល​ដែល​បញ្ចូល​ព័ត៌មាន​លម្អិត​អំពី​កាត​របស់​អ្នក​នៅ​លើ​អីុ​ន​ធើ​រ​ណេ​ត អ្នក​ត្រូវ​ប្រាកដ​ថា អាសយដ្ឋាន​គេហទំព័រ​ចាប់ផ្តើម​ដោយ https:// មាន​ន័យ​ថា រាល់​ព័ត៌មាន​ដែល​បាន​បញ្ចូល ត្រូវ​បានការ​ពារ​ដោយ​លេខ​កូដ​បិទ និង​មិន​អាច​ថត​ទុក​ដោយ​ជនខិលខូច ។

-​នៅ​ពេល​ដែល​ចុះ​ឈ្មោះ​តាម​អីុ​ន​ធើ​រ​ណេ​ត សូមកុំ​ធ្វើការ​ឆ្លើយ​តប​នឹង​អីុ​ម៉ែ​ល​ណា ដែល​សុំ​ឲ្យ​អ្នក​បញ្ជាក់​នូវ​ទិន្នន័យ​កាត​របស់​អ្នក ឬ​ឈ្មោះ​ប្រើប្រាស់ និង​លេខ​សម្ងាត់ ។

-​យើង​សូម​ណែនាំ​ឲ្យ​អ្នកទិញ​ទំនិញ​នៅ​តាម​ហាង​ណា ដែល​គេហទំព័រ​របស់​ហាង​មាន​ស្លាក​សញ្ញា “SecureCode” និង “3D-Secure” ដែល​ចេញ​ដោយ​ម៉ា​ស្ទ័​រកា​ត ។ ទាំងនេះ គឺជា​ប្រព័ន្ធ​ទំនើប​ចុង​ក្រោយ​បំផុត ដែល​ជួយ​ការពារ​សន្តិសុខ​រាល់ពេល​ផ្ទេរ​ទិន្នន័យ និង​ទូទាត់​នៅ​តាម​អីុ​ន​ធើ​រ​ណេ​ត ៕