ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ការ​បង្កើត​អាជីវកម្ម​ជា​របស់​ខ្លួន ចាត់​ទុក​ថា ជា​រឿង​មួយ​ដែល​មនុស្ស​ជា​ច្រើន​តែង​សុបិន​ចង់បាន ជា​ពិសេស អ្នកធ្វើការ​ស៊ីប្រាក់ខែ​ទាំងឡាយ ដែល​ចាប់ផ្តើម​សន្សំ​លុយ ដើម្បី​បោះ​ជំហាន​ចេញពី​ជីវិត​ដើម​របស់​ខ្លួន ។ ប្រសិនបើ​អ្នក​មិន​ទាន់​ដឹង​ថា តើ​គួរ​ចាប់ផ្តើម​ធ្វើ​បែប​ណា​ល្អ គួរ​សាកល្បង​ធ្វើ​តាម​ចំណុច​ដូច​ខាងក្រោម​នេះ ។

១-​គិត ៖
ប្រសិនបើ​អ្នក​មិន​ទាន់​មានគំនិត​អ្វី ជាដំបូង ត្រូវ​សាកល្បង​គិត​ទៅ​ដល់ទី​ផ្សារ​ជា​មុន​ថា តើ​មិត្តភក្តិ​របស់​អ្នក​ចូល​ចិត្ត​ទិញ​ទំនិញ​នៅ​ទីណា និង​ចូល​ចិត្ត​ទិញ​អ្វី ហើយ​សំខាន់​កុំ​ភ្លេច​សរសេរ​បញ្ជី​ទំនិញ ឬ​ផលិតផល ព្រមទាំង​ទីកន្លែង​ផង​។ ក្រៅពី​នេះ អ្នក​ក៏​អាច​ជ្រើសរើស​នូវ​ទំនិញ​ដែល​ចាប់អារម្មណ៍​៣-៤​មុខ បន្ទាប់​មក​ត្រូវ​ពិនិត្យ​ពី​តម្លៃ ពេលវេលា​សម្រាប់​ផលិត និង​ចំនួន​មនុស្ស​ដែល​នឹង​ត្រូវ​ក្លាយជា​អតិថិជន​របស់​អ្នក ដើម្បី​រក​ផលិតផល​ណា​ដែល​ងាយស្រួល​លក់ ហើយ​អាច​ទៅ​រួច ។

២-​សរសេរ ៖
ត្រូវ​សរសេរ​ផែនការអាជីវកម្ម​ដែល​លម្អិត​ពី​ទំនិញ​ថា តើ​ចង់បាន​ទ្រង់ទ្រាយ​ទំនិញ​បែប​ណា ត្រូវការ​វត្ថុធាតុដើម​អ្វីខ្លះ​សម្រាប់​ផលិត ត្រូវ​ផលិត​ប៉ុន្មាន​ដង ហើយ​ផលិត​នៅ​កន្លែង​ណា ព្រមទាំង​ញឹកញាប់​ឬទេ ។ លើស​ពី​នេះ​ទៀត តើ​ត្រូវការ​ដើមទុន​តិច ឬ​ច្រើន​ក្នុង​ការ​វិនិយោគ ។ ទីផ្សារ​របស់​អ្នកជា​អ្នក​ណា ពួក​គេ​មាន​ទំនោរ​ទិញ​ទំនិញ​បែប​ណា នៅ​ទីណា ហើយ​នៅ​ទីនោះ​ស្ថិត​នៅ​ត្រង់​ណាខ្លះ ។ គូប្រជែង​របស់​អ្នកជា​អ្នក​ណា ពួក​គេ​ធ្វើ​ដូច​ម្តេច​ខ្លះ ហើយ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​អតិថិជន​ជ្រើស​យក​នូវ​ផលិតផល​របស់​អ្នក ។ ធ្វើ​ទីផ្សារ​បែប​ណា​ល្អ ប្រសិនបើ​មាន​ហាង​ហើយ ត្រូវ​រៀបចំ​ទំនិញ​របៀប​ណា ព្រមទាំង​ផ្សាយពាណិជ្ជកម្ម​ដូច​ម្តេច ។​ល​។

ប៉ុន្តែ​ប្រសិនបើ​អ្នក​ពុំ​ទាន់​អាច​សរសេរ​ផែនការ​បាន​ទេ ឬ​ទីផ្សារ​នោះ​ថ្មី​ពេក លើស​ពី​អ្វី​ដែល​អ្នក​បានដឹង ដូច្នេះ អ្នក​ត្រូវ​បង្កើត​គោលដៅ​ទុកជា​មុន​ថា តើ​អតិថិជន​នឹង​ពេញចិត្ត​នូវ​ទំនិញ​ដែល​អ្នកលក់​ឬទេ ហើយ​ត្រូវ​លក់​ឱ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​បន្ទាប់​ពី​ផលិត​រួច​។ ទាំងនេះ​នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នក​ចាប់ផ្តើម​កើតជា​រូបរាង​ឡើង​បន្តិច​ម្តង​ៗ រហូត​អាច​យល់​ពី​បញ្ហា​មួយ​ចំនួន ដែល​ការ​សរសេរ​ផែនការអាជីវកម្ម​អាច​ជួយ​បាន ។

៣-​លក់ ៖
បង្ហាញ​គំនិត​របស់​អ្នក​ទៅ​កាន់​ម្ចាស់​ទុន ។ ប្រសិនបើ​គំនិត​ទាំងនោះ​ល្អ​គ្រប់គ្រាន់​ហើយ ប្រាកដជា​មាន​អ្នកចូលរួម​បង្កើន​ទុន​យ៉ាង​ពិតប្រាកដ ។ អ្នក​គួរ​បង្ហាញ​ពី​ផលិតផល​របស់​អ្នក​ទៅ​កាន់​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​ឃើញ​ថា ហេតុ​អ្វី​បានជា​អ្នកមាន​ផលិតផល​ល្អ​បំផុត ហើយ​កុំ​ភ្លេច​បញ្ចូល​ផែនការអាជីវកម្ម​ទៅ​ក្នុង​ការ​អធិប្បាយ​នោះ​ផង ។ អ្នក​អាច​ប្រាប់​ពួក​គេ​ថា អ្នក​បាន​វាយតម្លៃ​ពី​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន​ប៉ុន្មាន ហើយ​ពួក​គេ​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ប៉ុន្មាន​ភាគរយ ។

៤-​សេពគប់​មិត្តភក្តិ ៖
ចំណុច​ចុង​ក្រោយ​នេះ គឺ​អាច​សេពគប់​ជាមួយ​ម្ចាស់​អាជីវកម្ម វា​ជា​ការ​ប្រសើរ ក្រៅពី​អាច​ទទួល​បានជា​ខ្សែបណ្តាញ​លក់​ហើយ អ្នក​ក៏​អាច​ចាប់​យក​ឱកាស​ផ្សេង​ៗ​ពី​ពិភព​អាជីវកម្ម​ដែល​កើត​មាន​ឡើង​គ្រប់ពេលវេលា ។ លើស​ពី​នេះ​ទៀត អ្នក​អាច​ស្រូប​យកគំនិត​ល្អ​ៗ​ពី​ពួក​គេ​បាន ដែល​គំនិត​ទាំងនោះ​មិន​អាច​ស្វែងរក​ពី​កន្លែង​ដទៃ​បាន​ទេ ៕