យុទ្ធនាការបរិច្ចាគ​ ឈាម ក្នុងទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០១៦

ភ្នំពេញ ៖ ថ្ងៃ១៤ ខែកុម្ភៈ ទិវានៃក្តីស្រឡាញ់ខាងមុខនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន NVC Corporation Vital និងស្ថាប័នមួយចំនួនទៀត នឹងរៀបចំកម្មវិធី“ ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ” រឺ “Give Blood Give Love” ។

Give Blood Give Love គឺជាប្រធានបទ នៅក្នុងយុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៦នេះផងដែរ ។ យុវជន សិស្ស និស្សិត សិល្បៈករ និង ប្រជាជនទូទៅ ប្រមាណ ៦០០នាក់ នឹងចូលរួមកម្មវិធីនេះ ដែលនឹងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ខាងក្នុងបរិវេណ នៃមន្ទីរពេទ្យព្រះអង្គឌួង) ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៤:00រសៀល។

ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជ. ហុក គឹមចេង បានបញ្ជាក់អោយដឹងដែរថា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ ចំពោះចលនារបស់យុវជនសិស្ស និស្សិត ក្នុងសកម្មភាពសង្គម ដូចជាការបរិច្ចាគឈាមជាដើម ។ លោករដ្ឋមន្រ្តីបានណែនាំ ឲ្យមានការរៀបចំយុទ្ធនាការបង្ក ឲ្យយុវជនបាន ជួបជុំគ្នា បបួលគ្នាបរិច្ចាគឈាម និងកម្សាន្តជាមួយការរៀបចំសំដែងសិល្បៈ និងចម្រៀងជាពិសេស ក្នុងទិវានៃ ក្តីស្រឡាញ់ ១៤ កុម្ភៈ ២០១៦ នេះនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោក ជុនហៀង ថាវសិទ្ធិ ប្រធាននាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន NVC Corporation Vital បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនទឹកពិសាវីតាល់ តែងតែរីករាយក្នុងការសហការឧបត្ថម្ភគាំទ្រ រាល់សកម្មភាពសប្បុរសធម៌នៅក្នុងសង្គម ពិសេសគឺការបរិច្ចាគឈាមផ្ទាល់តែម្តង ដែលជាសកម្មភាពមនុស្សធម៌ និងសង្រ្គោះជីវិត។ ហើយវីតាល់តែងតែ ស្វែងរកវិធីសាស្រ្តផ្សេងៗ ក្នុងការបង្កើនការចូលរួមរបស់យុវជន លើសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដូចជា រាល់ការបរិច្ចាគឈាម សប្បុរសជនបរិច្ចាគឈាម នឹងទទួលបានទឹកមួយយួរពីវីតាល់ រួមជាមួយ នឹងថង់ យួរក្រណាត់ដ៏ស្រស់ស្អាតមួយ ដែលយុវជនដែលប្រើឡើងវិញបាន។ ជាងនេះទៅទៀត ដើម្បីអោយកម្មវិធីរឹត តែមានភាពអធិកអធម វីតាល់មានឧបត្ថម្ភ ការថតរូបបានភ្លាម (Selfie Booth) នៅក្នុងកម្មវិធី សម្រាប់អ្នកចូល រួមទាំងអស់បានថតរូបខ្លួនឯង ហើយទទួលបានការផ្តិតភ្លាមៗដោយសេរី។

គួររម្លឹកផងដែរថា គោលបំណង នៃយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់គឺ ដើម្បីបង្កលក្ខណៈឲ្យយុវជន យុវនារីប្រជាជនទូទៅ ចែករំលែកក្តីស្រឡាញ់របស់គាត់ ដោយចូលរួមបរិច្ចាគឈាម ជួយដល់ជនរងគ្រោះ ដែលត្រូវការឈាម។ ក៏ដូចជាដើម្បីអំពាវនាវឲ្យគ្រប់អង្គភាពស្ថាប័នវិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ចូលរួមចំណែកក្នុងភាពជាដៃគូ ជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមដើម្បីជំរុញលើកកម្ពស់ការ បរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត។

តាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបង្ហាញថា ឈាមប្រមាណ ៥៤,៧៩៣ ប្លោក ទទួល បានក្នុងឆ្នាំ២០១៥ គឺមានការកើនឡើងច្រើន ជាងឆ្នាំ២០១៤ ចំនួន៥%។ ក្នុងចំណោមអ្នកផ្តល់ ឈាមទាំងអស់ នោះគឺមាន យុវជនអាយុពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ ប្រមាណ៦៧%។ ឈាម១៥០ប្លោក ត្រូវការជារៀងរាល់ថ្ងៃ ដើម្បីជួយដល់ជីវិតមនុស្សជាទីស្រឡាញ់ របស់យើងនៅទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានសំដែងនូវសេចក្តីរីករាយ និងថ្លែង អំណរគុណចំពោះការគាំទ្ររបស់ក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ សាខាកាកបាទក្រហម រាជធានី ភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នឯកជនមួយចំនួនដែលបានចូលរួមរៀបចំកម្មវិធី ដែលក្នុង នោះគឺមានវីតាល់ដែលជាដៃគូរសហការយ៉ាងជិតស្និទ្ធផងដែរ ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង អំពាវនាវឲ្យយុវជន យុវនារី ប្រជាជនទូទៅអញ្ចើញ ចូលរួមបរិច្ចាគឈាម នៅគ្រប់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមខេត្តនានា ហើយជាពិសេសគឺនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ក្នុង បរិវេណមន្ទីរពេទ្យព្រះអង្គឌួង) ក្នុងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឲ្យបានច្រើនកុះករ។

គួរបញ្ជាក់ផងដែរ វីតាល់ចាប់ផ្តើមសហការឧបត្ថម្ភសកម្មភាព របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម តាំងពី ឆ្នាំ២០១១ មកម៉្លេះតាមរយៈមូលនិធិ ២៥៛ របស់វីតាល់។ ជាងនេះទៅទៀត វីតាល់តែងតែគាំទ្រសកម្មភាព មនុស្សធម៌ផ្សេងៗនៅក្នុងសង្គម ជាក់ស្តែងការឧបត្ថម្ភថវិកាទៅកាន់កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ជា កុមារកំព្រា គថ្លង់ ការការពារបរិស្ថាន និងសកម្មភាពយុវជន ជាច្រើនផ្សេងទៀត៕

យុទ្ធនាការបរិច្ចាគ​ ឈាម ក្នុងទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០១៦