វិចារណកថាៈ វិបត្តិសង្គម ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែព្រួយបារម្ភ

 នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានការវិបត្តិសង្គមកើតឡើង ជាបន្តបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែ ព្រួយបារម្ភ ជាពិសេសអំពើចោរកម្ម លួច ឆក់ ប្លន់ បទល្មើសចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងរាលដាលកាន់តែខ្លាំង។ ជាមួយគ្នានេះ ករណីជម្លោះដីធ្លីរ៉ាំរ៉ៃនៅក្នុងតំបន់មួយចំនួន បាននាំឲ្យ កើតមានបទល្មើសបំផ្លាញព្រៃឈើ ប៉ះពាល់ដល់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដើម។ ប្រការនេះ ធ្វើឲ្យមានគម្លាតគ្នាកាន់តែឆ្ងាយរវាងអ្នកមាន និងអ្នកក្រ ហើយគម្លាតនេះ បាននាំឲ្យមានវិបត្តិសង្គមកើតឡើង កាន់តែច្រើនថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ប៉ុន្តែការ កាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រមិនអាចធ្វើបានទេ ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចមិនអាច រំលាយក្រុមអ្នកមានដូចគោលនយោបាយរបស់គណបក្សនយោបាយខ្លះនោះទេ ។

 ក្រុមអ្នកតាមដានបញ្ហាសង្គមក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា វិបត្តិសង្គមបច្ចុប្បន្នកើតចេញពីគម្លាត រវាងអ្នកមាន និងអ្នកក្រ ព្រមទាំងបញ្ហាជាច្រើនទៀត ដូចជា ជម្លោះដីធ្លី អំពើពុករលួយ និងភាពអយុត្តិធម៌ក្នុង សង្គមជាដើម ។ ក្នុងនោះវិបត្តិគួរឲ្យភ័យខ្លាចនៅពេលនេះ គឺអំពើប្លន់ប្រដាប់អាវុធ បានកើតឡើងយ៉ាងពេញ បន្ទុកទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា រហូតធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ អាយុជីវិតជាបន្ត បន្ទាប់ ដូចជានៅខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តបាត់ដំបងជាដើម។ បញ្ហាទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភកាន់តែខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ដោយសារតែសមត្ថកិច្ចមិនទាន់អាចបង្ក្រាប ក្រុមចោរប្លន់ ប្រដាប់អាវុធ ប្រកបដោយប្រសិទ្ធភាពនៅឡើយ។ នៅក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០១៦នេះ អំពើប្លន់ ប្រដាប់អាវុធរាលដាលកាន់តែខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋស្ទើរតែអស់ទំនុកចិត្តលើសមត្ថកិច្ចទាំងស្រុងទៅហើយ ក្នុងការពង្រឹងសន្តិសុខសង្គម។

 វិបត្តិគ្រឿងញៀន កំពុងតែធ្វើឲ្យយុវជន យុវតីខ្មែ រាប់ពាន់ រាប់ម៉ឺននាក់ក្លាយទៅជាជនរងគ្រោះ គួរឲ្យសោកស្ដាយ ព្រោះយុវជន យុវតីទាំងនោះ ត្រូវខូចអនាគត ខូចសុខភាពដោយសារប្រើប្រាស់គ្រឿងញៀន។ តាមរបាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជារបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរ បាលតាមបណ្តាខេត្តនានា បានបង្ហាញឲ្យច្បាស់ពីបញ្ហាកើនឡើង នៃបទល្មើសជួញដូរចែកចាយ ប្រើប្រាស់ គ្រឿងញៀន ។ ជាការពិត សមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បង្ក្រាបបទល្មើសចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានរាប់ពាន់ករណី ប៉ុន្តែជាក់ស្តែងបទល្មើសគ្រឿងញៀន ពុំមានការថយចុះ នោះទេ ។ តាមរយៈសារព័ត៌មាន គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម (Facebook0) ជាដើម បានបង្ហាញ យ៉ាងច្បាស់ពីបទល្មើសគ្រឿងញៀន ដែលកំពុងរាលដាលយ៉ាងគំហុក ហើយការបង្ក្រាបរបស់សមត្ថកិច្ចមិនទាន់ មានប្រសិទ្ធភាព។

 ល្បែងស៊ីសង ក៏ជាកត្តាដែលនាំឲ្យកើតមានវិបត្តិសង្គម គួរឲ្យព្រួយបារម្ភផងដែរ ព្រោះផ្តើមចេញពីល្បែងស៊ីសង អាចនាំឲ្យកើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងអំពើឃាតកម្មជាដើម។ នៅតាមបណ្តា ខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យ កំពត កំពង់ឆ្នាំង សៀមរាប ត្បូងឃ្មុំជាដើម ល្បែងស៊ីសងត្រូវបាន សមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែមិនចេះអស់នោះទេ ។ ល្បែងកន្ទុយលេខ បៀអាប៉ោង បញ្ជល់មាន់ និងល្បែង ភ្នាល់តាមប្រព័ន្ធអនឡាញ កំពុងតែនាំឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ ហើយតម្រូវឲ្យអាជ្ញាធរ និងសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្តាខេត្តនានា ចាត់វិធានការលុបបំបាត់ឲ្យ ខាងតែ បាន។ បើមិនដូច្នេះទេ ល្បែងស៊ីសងអាចនាំឲ្យកើតមានអសន្តិសុខសង្គមកាន់តែខ្លាំង ហើយប្រជាពលរដ្ឋក្លាយ ទៅជាជនរងគ្រោះគ្មានទីបញ្ចប់។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋទូទៅអំពាវនាវឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច។

 មជ្ឈដ្ឋាននានាបានវាយតម្លៃថា គម្លាតរវាងអ្នកមាន និងអ្នកក្រ បញ្ហាជម្លោះដីធ្លី អំពើពុករលួយ និងបទល្មើស គ្រឿងញៀន ល្បែងស៊ីសង អំពើចោរកម្មកំពុងតែធ្វើឲ្យសង្គមជាតិ ធ្លាក់ទៅក្នុងវិបត្តិគួរឲ្យព្រួយបារម្ភ ។ ក្នុងនោះ ការធ្លាក់ចុះ សីលធម៌រស់នៅ ក្នុងសង្គមក៏ជាកត្តាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម យ៉ាងគំហុកផង ដែរ។ ហេតុនេះមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ត្រូវយកចិត្តទុកដាក់លុបបំបាត់បញ្ហាខាងលើ ប្រកបដោយប្រសិទ្ធភាព។ ជាពិសេសការបង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធ គឺជារឿងសំខាន់បំផុត ព្រោះចាប់តាំងពីចុងឆ្នាំ២០១៥ រហូតដល់ដើមឆ្នាំ២០១៦នេះ អំពើប្លន់ ប្រដាប់អាវុធកើតឡើងជាច្រើនលើក ធ្វើឲ្យជនរងគ្រោះជាច្រើននាក់ ស្លាប់បង់ជីវិត និងរងរបួស។ អាចនិយាយ បានថា អំពើប្លន់ប្រដាប់អាវុធ គឺជាបញ្ហាដែលសមត្ថកិច្ចត្រូវលុបបំបាត់ឲ្យខាងតែបាន ដើម្បីពង្រឹងសន្តិសុខសង្គម ផ្តល់ភាពកក់ក្តៅសម្រាប់ប្រជាពលរដ្ឋ៕