បន្តឃុំខ្លួន សឿម ដែនដី ពាក់ព័ន្ធនឹង ករណីពុករលួយ

ភ្នំពេញ៖ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លោក ជួន សុរាសី នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ បានបដិសេធការ ស្នើសុំនៅក្រៅឃុំ បណ្តោះអាសន្ន របស់លោក សឿម ដែនដី ដែល ជាប្រធានផ្នែក គ្រឿងចក្រក្រុមហ៊ុន International Green Energy ដែលត្រូវឃុំខ្លួនពាក់ព័ន្ធនឹង ករណីពុករលួយ។

លោក សឿម ដែននី ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារ សាធារណៈក្លែង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ កាប់ រានដីព្រៃ ឈូសឆាយដីព្រៃ និងហ៊ុមព័ទ្ធដីព្រៃ ដែលជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋនៅក្នុង ខេត្តបន្ទាយមានជ័យ កាលពីអំឡុង ឆ្នាំ ២០១០ និង ២០១២ ។

ក្នុងពេលសវនាការ លោក សឿម ដែននី បាននិយាយថា លោកត្រូវបានឃុំខ្លួន ជាង ៣ឆ្នាំមកហើយ នៅពុំទាន់ទទួលបាន ការជំនុំជម្រះដោយយុត្តិធម៌ នៅឡើយទេ ។
លោកបន្តថា "សាលាដំបូងរាជធានីភ្នំពេញ ចេះតែពន្យារពេលនៃការ បើកសវនាការជំនុំជម្រះ ជាច្រើនលើកច្រើនសារ ដែលជាហេតុធ្វើឲ្យខ្ញុំ ត្រូវជាប់ពន្ធនាគារជាង៣ឆ្នាំ"

យ៉ាងណាក៏ដោយ លោក សឿម ដែនដី បានបដិសេធថាពុំបាន ប្រព្រឹត្តដូចការចោទ ប្រកាន់នោះទេ ហើយបានស្នើឲ្យតុលាការ ដោះលែងរូបលោកឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ៕

បន្តឃុំខ្លួន សឿម ដែនដី ពាក់ព័ន្ធនឹង ករណីពុករលួយ