Sevilla នឹង​ត្រូវ​ជួប Barcelona ក្នុង Copa del Rey វគ្គ​ផ្តាច់​ព្រ័ត្រ​

ក្រុម Sevilla នឹង​​ត្រូវ​​ជួប​ជា​មួយ​នឹងក្រុម Barcelona ក្នុង​​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន Copa del Rey ក្រោយ​ពី​ការ​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ២-២ នៅលើ​ទឹក​ដីក្រុម Celta Vigo កាលពីថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើ​ឲ្យ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​ទាំង​ពីរ​ជើង​របស់​ពួក​គេ ៦-២​។

sevillaក្រុម​របស់​លោក Unai Emery បាន​បំពេញ​​ភាព​ជោគ​ជ័យ​របស់​ខ្លួនក្នុង​ការ​ប្រកួត​ជើង​ទី​១​កាល​ពី​សប្តាហ៍មុន​​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​តាម​រយៈ​ការដ​ណ្តើម​បាន​ជ័យ​ជម្នះ ៤-០ ដើម្បី​ធ្វើ​ឲ្យ​ក្រុម Celta Vigo ប្រឈមមុខនឹង​ការ​ងារ​ដ៏​លំ​បាក​មួយក្នុង​ពេលវិល​ទៅ​ប្រកួត​នៅ​លើ​ទឹក​ដី Balaidos​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Celta បាន​ធ្វើ​ឲ្យ​ក្រុម Sevilla មានការ​​ព្រួយ​បារម្ភ ខណៈ​ដែល​ពួក​គេ​បាន​នាំ​មុខក្នុង​លទ្ធ​ផល ២-០ នៅ​រាត្រីនេះ ​តាម​រយៈ​គ្រាប់​បាល់​​​ទាំង​ពីរ​គ្រាប់​ក្នុង​តង់​​នីមួយ​ដោយកីឡាករ Iago Aspas​។

ប៉ុន្តែ Ever Banega បាន​វាយ​បក​​បាន​មួយ​គ្រាប់​​វិញភ្លាម​ៗ​សម្រាប់​ក្រុម Sevilla ហើយ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ុយ​អែត John Guidetti បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ប៉ះ​បង្គោល​ទី​សម្រាប់​ក្រុម Celta ក្រោយ​ពី​រូប​គេ​ត្រូវ​បាន​ទាញ​ឲ្យ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ដោយ​អ្នក​ចាំ​ទី Sergio Rico​។ បន្ទាប់​មក Sevilla បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​រាត្រីនោះ​នៅពេល​ដែល Vitolo បាន​ជួយ​ឲ្យ Yevhen Konoplyanka រក​គ្រាប់​បាល់​យ៉ាង​ងាយ​ស្រួល​នៅ​​ជិត​បញ្ចប់​ការ​ប្រកួត​។ Sevilla និង Barcelona ដែល​បាន​ជួប​គ្នាក្នុង​វគ្គផ្តាច់​ព្រ័ត្រនៃ UEFA Super Cup ក្នុង​ទីក្រុង Tbilisi កាល​ពី​ដើម​រដូវកាល​នេះ ដោយ Barca បាន​ឈ្នះ ៥-៤ នៅ​នាទី​បន្ថែម​១៥​នាទី​ពីរ​ដង​នោះ នឹង​​ត្រូវ​ជួប​គ្នា​ម្តង​ទៀតក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រនៃ Copa del Rey ខណៈ​ដែល​ការ​ប្រកួត​នេះ​ត្រូវ​បាន​គ្រោង​រៀប​ចំ​ឡើង​នៅថ្ងៃ​ទី​២១ ខែ​ឧស​ភា ដោយ​​ទីលាន​មិន​ទាន់​ត្រូវ​បាន​ជ្រើស​​រើស​នៅឡើយ​ទេ​​៕

ប្រភព​ព័ត៌មាន៖ Channel News Asia