ពលរដ្ឋស៊ីរីជាង ៥ម៉ឺននាក់ទៀត ត្រូវបង្ខំចិត្តភៀសខ្លួន ក្រោយផ្ទុះសង្គ្រាម ជាបន្ដបន្ទាប់

យូអិន៖ បច្ចុប្បន្ននេះបណ្ដាភ្នាក់ងារសិទ្ធិមនុស្ស បានប៉ាន់ប្រមាណថា ពលរដ្ឋស៊ីរីចំនួន ៥១,០០០នាក់ បន្ថែមទៀត ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីទីក្រុងអាឡេប៉ូ និងតំបន់ផ្សេងទៀតភាគខាងជើងស៊ីរី ក្រោយពីមាន ការប៉ះទង្គិចប្រដាប់អាវុធ និងវាយប្រហារពីអាកាសដោយរដ្ឋាភិបាលស៊ីរី កងកម្លាំងសម្ព័ន្ធមិត្ត ជាមួយនឹងក្រុម ប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយដកស្រង់សម្ដីអ្នកនាំពាក្យ អង្គការសហប្រជាជាតិលោក ស្ទេហ្វេន ឌូចារិក បន្ដទៀតថា ចំនួននេះរួមបញ្ចូលទាំងអ្នកតាំងទីលំនៅ ក្នុងតំបន់ចំនួន ៨ពាន់នាក់នៅជំរុំតាមព្រំដែន បាបអាល់ សាឡាម។ លោកបន្ដទៀតថា “ខ្ញុំជឿជាក់ថា ជនភៀសខ្លួនភាគច្រើនជាស្រ្តី និងកុមារ”។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ពលរដ្ឋភៀសខ្លួនពីតំបន់ភាគខាងជើងឆ្ពោះទៅកាន់ព្រំដែន និងនៅតាម តំបន់ ផ្សេងទៀតដូចជាពីទីក្រុងអាឡេប៉ូ ជាដើម។ លើសពីនេះ ជាការឆ្លើយតបរបស់អង្គការសហប្រជាជាតិ បានគុសបញ្ជាក់ពីសំណើរម្ដងហើយម្ដងទៀតឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះ ជួយបំពេញតម្រូវការ និងទុក្ខលំបាក់ របស់ប្រជាជន នៅភាគខាងកើតទីក្រុងអាឡេប៉ូ។

ករណីមួយទៀតត្រូវបានគេប៉ាន់ប្រមាណថា ពលរដ្ឋ ១២ម៉ឺននាក់ កំពុងជាប់ខ្លួននៅតំបន់ជនបទភាគខាងជើង ទីក្រុងហូម បន្ទាប់ពីផ្លូវជំនួយត្រូវបានកាត់ផ្ដាច់ កាលពីពាក់កណ្ដាលខែមករា ហើយករណីកង្វះអាហារ និងសម្ភារៈផ្សេងទៀត ត្រូវបានគេរាយការណ៍ថា កើតឡើងចំពោះស្រ្តី និងកុមារ និងមានករណីស្លាប់ ដោយខ្វះថ្នាំពេទ្យផងដែរ៕

ពលរដ្ឋស៊ីរីជាង ៥ម៉ឺននាក់ទៀត ត្រូវបង្ខំចិត្តភៀសខ្លួន ក្រោយផ្ទុះសង្គ្រាម ជាបន្ដបន្ទាប់