ធ្លាយ​រឿង​ទាហាន​ប្ដឹង​ប៉ូលិស​ពី​បទ​ជំរិត​ទារប្រាក់

ធ្លាយ​រឿង​ទាហាន​ប្ដឹង​ប៉ូលិស​ពី​បទ​ជំរិត​ទារប្រាក់

ខេត្តបាត់ដំបង ៖ ការ​ចាប់​មនុស្ស​ដែល​គ្មាន​កំហុស​យក​ទៅ​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់​តាម​ការ​ស្រេកឃ្លាន​មិន​ចេះ​ឆ្អែតឆ្អន់ ពី​សំណាក់​សមត្ថកិច្ច​ក្រុង​បាត់ដំបង​មួយ​ចំនួន មិនមែន​ជា​រឿង​ថ្មី​ទើបនឹង​កើតឡើង​នោះ​ទេ ។ ប៉ុន្តែ​គឺជា​រឿង​ដដែល​ៗ ដែល​ថ្នាក់ដឹកនាំ​ហាក់​ធ្វើ​ព្រងើយកន្តើយ និង​គ្មាន​វិធានការ​ទាល់តែ​សោះ​ចំពោះ​មន្ត្រី​ខិលខូច ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​កាន់តែ​អាក្រក់​នៅ​ក្នុង​អង្គភាព ថែម​ទាំង​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លូតត្រង់​កាន់តែ​ច្រើន ក្លាយជា​ជន​រង​គ្រោះ​ដោយសារ​តែ​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​នេះ ។

សំណុំរឿង​បង្ខាំង​មនុស្ស​គ្មាន​កំហុស ដើម្បី​ជំរិត​ទារប្រាក់ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ផ្ទុះ​ឡើងជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ បន្ទាប់​ពី​ជន​រង​គ្រោះ​ម្នាក់​ដែល​ជា​មន្ត្រី​យោធា​ផង ត្រៀមខ្លួន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ តាម​ដីកាកោះ​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

លោក​ឌិន សា​ម៉ុ​ណ្យ ហៅ ខឹ​ម ឈាង អាយុ​៥៨​ឆ្នាំ ជា​មន្ត្រី​យោធា​និង​ជាដើម​បណ្តឹង​ផង​ដែរ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ​ថា លោក​បាន​ដាក់​ពាក្យបណ្ដឹង​ដោយ​ផ្ទាល់​ទៅ​សាលាដំបូង​ខេត្ត កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ ប្រឆាំង​នឹង​មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​២​នាក់ ដែល​ល្បួង​រូប​លោក​ឲ្យ​ចូល​ក្នុង​អធិការដ្ឋាន​ក្រុង​បាត់ដំបង រួច​បង្ខាំង​រូប​លោក បង្អត់អាហារ ហើយ​ជំរិត​ទារប្រាក់​ពី​លោក​ចំនួន​៣.០០០​ដុល្លារ ដែល​លោក​គ្មាន​កំហុស​អ្វី​សោះ ។

លោក ខឹ​ម ឈាង បាន​បញ្ជាក់​ថា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​កោះហៅ​រូប​លោក​ឲ្យ​ចូល​ទៅ​បំភ្លឺ​បន្ថែម​ជុំវិញ​បណ្ដឹង​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១១​កុម្ភៈ ។

កម្មវត្ថុ​នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​លោក ខឹ​ម ឈាង ចុះ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ដែល​កោះសន្តិភាព​ទ​ទូល​បាន  គឺ​បាន​ប្ដឹង​«​ឈ្មោះ​កាយ វណ្ណ​ធី និង​ឈ្មោះ​ម៉​ង់ វី​រ៉ា ជា​មន្ត្រី​នគរបាល​អធិការដ្ឋាន​ក្រុង​បាត់ដំបង​» ។ មន្ត្រី​នគរបាល​ទាំង​២​រូប​នេះ ត្រូវ​ជាប់​សង្ស័យ​ពី​បទ​«​បង្ខាំង​រូបរាង​កាយ បង្អត់អាហារ និង​ជំរិត​យក​ប្រាក់​» ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥​កន្លង​ទៅ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ។ មន្ត្រី​នគរបាល​ខាងលើ បាន​ឃុំឃាំង​រូប​លោក ក្រោម​ការ​ចោទប្រកាន់​ដោយ​គ្មាន​ដើមបណ្ដឹង គ្មាន​ភស្ដុ​តាង និង​គ្មាន​សាក្សី ។

នៅ​ក្នុង​បណ្ដឹង​នេះ​ដែរ លោក​ខឹ​ម ឈាង បាន​រៀបរាប់​អំពី​អង្គហេតុ​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥ មាន​មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​មួយ​ក្រុម ដែល​មានឈ្មោះ​ម៉​ង់ វី​រ៉ា ម្នាក់​ផង បាន​ទៅ​នាំ​ខ្លួន​ពលរដ្ឋ​ឈ្មោះ គ្រី ម៉ា​ន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ឈ្មោះ សំ ប្រពន្ធ​ឈ្មោះ​ហ៊ីង ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ។ លុះ​ពេល​ដើរមក​ដល់​មុខ​ផ្ទះ​លោក ស្រាប់តែ​មន្ត្រី​ឈ្មោះ​ម៉​ង់ វី​រ៉ា ស្រែកហៅ​លោក​ឲ្យ​ចុះពីលើផ្ទះ ហើយ​បង្ខំ​ឲ្យ​ទៅ​កាន់​អធិការដ្ឋាន​ក្រុង ដោយ​លោក​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ។ ពេល​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ក្រុង ស្រាប់តែ​សមត្ថកិច្ច​ឃុំខ្លួន​លោក ដោយ​ចោទ​ពី​បទ​«​ប្រទូស្ដ​កេរ្តិ៍ខ្មាស​»​លើ​ក្មេង​ស្រី​ឈ្មោះ​ប៉ិ​ប អាយុ​១៣​ឆ្នាំ ជា​កូន​របស់​ឈ្មោះ​សំ ប្រពន្ធ​ឈ្មោះ​ហ៊ីង ទៅ​វិញ ។

លោក​ខឹ​ម ឈាង រៀបរាប់​ទៀត​ថា  ពេល​នោះ​ក្រុម​សមត្ថកិច្ច​ដែល​មានឈ្មោះ ម៉​ង់ វី​រ៉ា និង​ឈ្មោះ កាយ វណ្ណ​ធី ព្រមទាំង​មន្ត្រី​មួយ​ចំនួន​ទៀត បាន​សម្លុត​និង​គំរាមកំហែង បង្ខំ​ឲ្យ​លោក​ឆ្លើយ​សារភាព​ទទួលកំហុស តែ​លោក​បដិសេធ​ដាច់ខាត ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ទាល់តែ​សោះ ។  លោក​បញ្ជាក់​ថា តាម​ពិត​រឿង​នេះ​ផ្ដើម​ចេញពី​ការ​មួលបង្កាច់​របស់​ឈ្មោះ គ្រី​ម៉ា​ន់ ដែល​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចោទ​រូប​លោក​ថា បាន​ស្ទាបអង្អែល​កេរ្តិ៍ខ្មាស​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​នោះ ។ តាម​ពិត​ឈ្មោះ គ្រី ម៉ា​ន់ ខ្លួនឯង​ទេ​ដែល​បាន​ចាប់រំលោភ​ក្មេង​ស្រី​នោះ​ជា​ច្រើន​លើក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ។

ត្រង់​ចំណុច​នេះ លោក ខឹ​ម ឈាង បញ្ជាក់​ថា រឿង​ឈ្មោះ គ្រី ម៉ា​ន់ រំលោភ​ក្មេង​ស្រី​ខាងលើ​នេះ គឺ​លោក​មិន​បានដឹង​ទេ តែ​ក្មេង​ស្រី​នោះ​ទេ ដែល​បាន​និយាយ​ប្រាប់​លោក​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៤​កន្លង​ទៅ ។ ក្រោយ​ពី​ដឹង​ថា​បែកធ្លាយ​រឿងអាស្រូវ​នេះ​ដល់​លោក ស្រាប់តែ​ឈ្មោះ គ្រី ម៉ា​ន់ រក​វិធី​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​សម្លាប់​លោក រហូត​សមត្ថកិច្ច​មក​នាំ​ខ្លួន​ទាំងអស់​គ្នា ទាំង​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​សួរនាំ​ផង និង​ឈាន​ដល់​ការ​ឃុំខ្លួន​ជំរិត​ទារប្រាក់​រាប់​ពាន់​ដុល្លារ​ពី​លោក  តែ​មិន​ព្រម​ចាត់ការ​ឈ្មោះ ម៉ា​ន់ ដែល​ជាប់ចោទ​ចាប់រំលោភ​ក្មេង​ស្រី​ទេ ។

លោក ខឹ​ម ឈាង បន្ត​ថា សមត្ថកិច្ច​បាន​ឃុំខ្លួន​លោក​នៅ​ក្នុង​ទ្រុង​ដែក​អស់​រយៈពេល​១​យប់​២​ថ្ងៃ ដោយ​មិន​ឲ្យ​ហូប​បាយ​ទឹក​ទេ បើ​ទោះជា​ប្រពន្ធ​លោក​យក​បាយ​ទឹក​ទៅ​ឲ្យ​លោក​ដល់​បន្ទប់​ឃុំឃាំង​ក្ដី ។ លោក​ថា ឈ្មោះ កាយ វណ្ណ​ធី មាន​តួនាទី​ជា​អធិការរង​នគរបាល​ក្រុង​បាត់ដំបង និង​ឈ្មោះ ម៉​ង់ វី​រ៉ា ជា​មន្ត្រី​ក្រោម​ឱវាទ​។ ពួក​គេ​ទាំង​២​នាក់​នេះ ជា​អ្នក​បង្ខំ​ជំរិត​ទារប្រាក់​ពី​លោក​ចំនួន​៣.០០០​ដុល្លា លុះ​ប្អូន​របស់​លោក​យក​លុយ​៣.០០០​ដុល្លារ ប្រគល់​ឲ្យ​ក៏​មន្ត្រី​ទាំង​២​នាក់​នេះ​ជា​អ្នក​ទ​ទូល​ដែរ គឺ​ប្រគល់​នៅ​ក្នុង​អធិការដ្ឋាន​ក្រុង​តែ​ម្ដង ។ ជាមួយ​គ្នា​នេះ​ឈ្មោះ​គ្រី ម៉ា​ន់ ក៏​ត្រូវ​មន្ត្រី​ទាំង​២​នាក់​នេះ​បង្ខំ​ឲ្យ​បង់ប្រាក់​៤.០០០​ដុល្លា​ដែរ ទើបបាន​រួចខ្លួន​រហូត​ដល់​ពេល​នេះ ។

លោក ខឹ​ម ឈាង បញ្ជាក់​ថា លោក​នឹង​ប្ដឹង​ទារ​សំណង​ពី​មន្ត្រី​នគរបាល​ក្រុង​រូប​នេះ​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជា​សំណង​ជំងឺ​ចិត្ត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​ក្រុម​គ្រួសារ​លោក ហើយ​លុយ​៣.០០០​ដុល្លារ​ដែល​សមត្ថកិច្ច​ជំរិត​យក​នោះ​គឺជា​លុយ​ដែល​កូនចៅ​លោក​ចងការ​ពី​គេ​មក ដូច្នេះ​លោក​ត្រូវ​តែ​ទារ​សំណង​ការ​ខូចខាត​ទាំងនេះ​វិញ ។

ជុំវិញ​សំណុំរឿង​មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​«​បង្ខាំង​មនុស្ស  បង្អត់អាហារ និង​ជំរិត​យក​ប្រាក់​»​ខាងលើ​នេះ កោះសន្តិភាព​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក កាយ វណ្ណ​ធី អធិការរង​នគរបាល​ក្រុង​បាត់ដំបង និង​មន្ត្រី​នគរបាល​ឈ្មោះ ម៉​ង់ វី​រ៉ា ដែល​រង​ការ​ចោទប្រកាន់​នេះ​បាន​ភ្លាម​ៗ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ។ រីឯ​លោក យឹ​ម វិចិត្រ អធិការ​នគរបាល​ក្រុង​បាត់ដំបង ដែល​មន្ត្រី​ថ្នាក់​ក្រោម​ចាត់​ទុក​ថា ជា​អ្នក​ទ​ទូល​ខុស​ត្រូវ​លើ​ករណី​នេះ ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ ។

ជាមួយនឹង​ការ​បែកធ្លាយ​នូវ​សំណុំរឿង​បទឧក្រិដ្ឋ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​ខាងលើ​នេះ កោះសន្តិភាព​ទទួល​បាន​ប្រភព​ព័ត៌មាន​ជា​ច្រើន​ដែល​ធ្លាយ​ចេញពី​តុលាការ​ផង និង​ពី​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ផង ។  ប្រភព​ពី​សមត្ថកិច្ច​ក្រុង​បាន​ឲ្យ​ដឹង​ថា អ្នក​ជាប់​ពាក់ព័ន្ធ​កំពុង​ឆ្លើយ​ដាក់​គ្នា ហើយ​អ្នក​ទ​ទូល​បាន​លាភសក្ការៈ​ក្នុង​រឿង​នេះ​ក៏​កំពុង​ត្រៀម​ឆ្លើយ​យករួចខ្លួន​ដែរ ។

ប្រភព​ដដែល​បញ្ជាក់​ថា អ្នក​ប្រព្រឹត្ត​ផ្ទាល់​បាន​ទម្លាក់​រឿង​នេះ​ទៅ​លើ​លោក​អធិការ ដោយ​និយាយ​ថា​«​ធ្វើ​តាម​បទបញ្ជា​មេ​»​ប៉ុន្តែ​លោក​អធិការ​ហាក់​បាន​ច្រានចោល ដោយ​បដិសេធ​ថា​«​មិន​បានដឹង​រឿង​នេះ​» ។ ដូច្នេះ សំណុំរឿង​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​នគរបាល​ក្រុង​បាត់ដំបង​នេះ កំពុង​ចលាចល​ពេញ​ក្នុង​អធិការដ្ឋាន​ក្រុង​បាត់ដំបង​ហើយ ។

ដោយឡែក ប្រភព​ពី​តុលាការ​វិញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​អធិការ​នគរបាល​ក្រុង​បាត់ដំបង មិន​អាច​គេច​ផុត​ពី​ការ​ទទួលខុសត្រូវ​ក្នុង​សំណុំរឿង​នេះ​បាន​ទេ ។ តំណាង​អយ្យការ​នឹង​បង្គាប់​ឲ្យ​លោក យឹ​ម វិចិត្រ អធិការ​នគរបាល​ក្រុង​បាត់ដំបង បង្ហាញ​សំណុំរឿង​ទាំងអស់ ដែល​បាន​សួរនាំ​ជន​រង​គ្រោះ ។ តើ​ពួក​គេ​ទាំងនោះ​ពាក់ព័ន្ធ​ពី​បទ​ចោទ​អ្វីខ្លះ ទើប​សមត្ថកិច្ច​នាំ​ខ្លួន​ពួក​គេ​មក​សួរនាំ ?

ប្រភព​ដដែល​បញ្ជាក់​ថា កន្លង​មក​ករណី​ចាប់​មនុស្ស​គ្មាន​កំហុស​យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុង​អធិការដ្ឋាន​ក្រុង ដើម្បី​ជំរិត​យក​លុយ​បែប​នេះ​កើត​មាន​ច្រើន​លើក​ហើយ ដោយ​ចោទ​ជន​រង​គ្រោះ គ្មាន​ភស្ដុ​តាង គ្មាន​សាក្សី មួលបង្កាច់​ក្នុង​ចេតនា​គំរាម​ទារ​យក​ប្រាក់ រួច​ដោះ​លែង​វិញ ។ ការ​ឃាត់ខ្លួន​មនុស្ស​បែប​នេះ លោក​អធិការ​នគរបាល​ក្រុង​មិន​ដែល​រាយការណ៍​ប្រាប់​ស្ថាប័ន​អយ្យការ​ឲ្យ​ដឹង​ទេ គឺ​ពួក​គេ​ធ្វើ​ស្រេច​តែ​ចិត្ត​តែ​ម្ដង ។ លុះ​បែកធ្លាយ​ជា​សាធារណៈ​ទើប​ពួក​គេ​លើក​ហេតុផល​កុហក​ពី​នេះ​ពី​នោះ ដើម្បី​សម្រាល​កំហុស ។ ប៉ុន្តែ​ចំពោះ​ករណី​ខាងលើ​នេះ ទំនងជា​វ័ណ្ឌក​ហើយ ដោយសារ​លេប​ប៉ះ​ឆ្អឹង ៕