ឯកឧត្តម កឹម សុខា ដាស់តឿន ឲ្យមន្រ្តីខ្លួន រក្សាភាព ស្ងៀមស្ងាត់ កុំឆ្លើយកុំឈ្លោះ

ភ្នំពេញ៖ ប្រធានស្តីទីគណ បក្សសង្រ្គោះជាតិ (CNRP) ឯកឧត្តម កឹម សុខា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានក្រើនរំលឹក សារជាថ្មីទៅដល់មន្រ្តី របស់ខ្លួនគ្រប់ជាន់ថ្នាក់ថា មិនត្រូវឆ្លើយមិនត្រូវឈ្លោះ ត្រូវរក្សាភាពស្ងៀមស្ងាត់។ ការដាស់តឿនរបស់ ឯកឧត្តមនេះ ធ្វើឡើងក្រោយពី ឯកឧត្តម បានចុះសួរសុខទុក្ខ អ្នកជាប់ពន្ធនាគារ ព្រៃសទាំង១៥នាក់ កាលពីថ្ងៃទី១១ កុម្ភៈ ។ ក្នុងនោះលោកក៏បានលើកឡើង ពីការផ្តាំផ្ញើរបស់លោក មាជ សុវណ្ណារ៉ា និងអ្នកជាប់ឃុំផ្សេងៗផងដែរ ទៅដល់អ្នកគាំទ្រនៅខេត្ត បន្ទាយមានជ័យផងដែរ។

ឯកឧត្តម កឹម សុខា បានមានប្រសាសន៍ នៅចំពោះមុខអ្នកគាំទ្រ ជាច្រើនរយនាក់នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទៅ១២ កុម្ភៈ ថា ត្រូវរក្សាភាពស្ងៀមស្ងាត់ ព្រោះគណបក្សសង្រ្គោះជាតិ មិនបានយកខ្មែរមួយណាធ្វើជាសត្រូវទេ ហើយទិសដៅរបស់បក្ស គឺការបោះឆ្នោតនៅឆ្នាំ២០១៧-២០១៨ខាងមុខ ដោយត្រូវធ្វើយ៉ាងណា ឲ្យគណបក្សទទួលបានជោគជ័យ។

លោកបញ្ជាក់ថា “យើងមិនបាច់និយាយពីគេទេ។ កុំឆ្លើយ កុំឆ្លងណាបងប្អូន ត្រូវអត់ធ្មតជានិច្ច។ យើងអត់ធ្មត ប៉ុន្តែយើងព្យាយាម អត់ធ្វើបាតុកម្មទេ គឺមិនប្រើអំពើហិង្សាឡើយ”។

សូមបញ្ជាក់ថា កាលពី ថ្ងៃទី១២ មករា កន្លងមកឯកឧត្តមកឹម សុខា  បានប្រកាសចេញ នូវយុទ្ធសាស្រ្ត សកម្មភាព «ឈប់ឈ្លោះ ឈប់ឆ្លើយ»។ ទាក់ទងករណីនេះ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍ នយោបាយ នៅកម្ពុជា កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះឥរិយាបថ របស់មេដឹកនាំ គណបក្សនយោបាយនានា ជាពិសេសបក្សប្រឆាំងនិង បក្សកាន់អំណាច។ ក្នុងនោះទាំងក្រុមអ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍ សង្គមបានឲ្យ ដឹងទៀតថា ការលើកឡើងរបស់ ឯកឧត្តម កឹម សុខា គ្រាន់តែជាការដោះទាល់ប៉ុណ្ណោះ៕

ផ្សាយផ្ទាល់ប្រសាសន៌របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានក្នុង“វេទិកាសកម្មជនមូលដ្ឋាន”ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

Posted by Kem Sokha on Thursday, February 11, 2016