សំណុំរឿង លោក ហុង សុខហួរ តុលាការកំពូលនឹងជម្រះ នៅថ្ងៃទី២៦ កុម្ភៈ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោកចៅក្រម ឃឹម ប៉ុណ្ណ នឹងបើកសវនាកា ជំនុំជម្រះ សំណុំរឿង លោក ហុង សុខហួរ តំណាងរាស្រ្តគណបក្សសមរង្ស៊ី នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធនិងករណីយកឯកសារក្លែង ទៅបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងផេករបស់លោក សម រង្ស៊ី។ នេះបើយោងតាមដីការកោះ របស់អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ លោក នៅ មុនីជោត ដែលចេញកាលពីថ្ងៃទី២ ខែកុម្ភៈ។

បើតាមប្រភពគួរឲ្យទុកចិត្តបានឲ្យដឹងថា សវនាកាដែលគ្រោង និងធ្វើការជំនុំជម្រះ នៅថ្ងៃទី២៦ កុម្ភៈ ខាងមុខនេះ លោក ហុង សុខហួរ អាចនឹងមិនមានវត្តមាន ក្នុងសវនាការ នៃតុលាការកំពូលនោះទេ តែលោក ជូង ជូងី មេធាវីការពារសិទ្ធិលោក ហុង សុខហួរ នឹងចូលរួមសវនាការនេះ។

អតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ី លោក ហុង សុខហួរ ត្រូវបានចោទ ប្រកាន់ពី ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខសង្គម ដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ ។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។

គួរំលឹកថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ កន្លងទៅ លោក ហុង សុខហួរ ទទួលស្គាល់ថា ពិតជាបានបង្ហោះ សន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ចូលផេកហ្វេសប៊ុក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ប្រាកដមែន តែបានបដិសេធន៍ថា មិនបានកាត់តនោះទេ សន្ធិសញ្ញានេះ គឺអ្នកកាន់ផេកហ្វេសប៊ុក លោក សម រង្ស៊ី ជាអ្នកកាត់តបន្ថែម។ ការទទួលស្គាល់ របស់លោក ហុង សុខហួរ ធ្វើឡើង ខណៈពេលដែល អនុរក្សពន្ធនាគារព្រៃស បញ្ជូនរូបលោកមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី ឆ្លើយបំភ្លឺ ចំពោះការចោទប្រកាន់ លើលោក សម រង្ស៊ី ដែលត្រូវតុលាការ ចោទប្រកាន់ពីបទ សមគំនិតក្នុងការក្លែងសន្ធិសញ្ញានេះ។

បន្ទាប់ពីចៅក្រមស៊ើបសួរ លោក កោ វណ្ឌី បានបញ្ចប់ការសាកសួរលោក ហុង សុខហួរ ដែលធ្វើឡើងជាអសាធារណៈនោះ ប្រភពព័ត៌មានច្បាស់ការណ៍ បានបង្ហើបឲ្យដឹងថា លោក ហុង សុខហួរ បានទទួលស្គាល់ថា រូបលោក ពិតជាបានបង្ហោះសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ចូលផេកហ្វេសប៊ុក លោក សម រង្ស៊ី ប្រាកដមែន ប៉ុន្តែសន្ធិសញ្ញាទាំងនេះ គឺអ្នកកាន់ផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី ជាអ្នកកាត់ត បន្ថែមទៀត។ ជំនួយការផ្ទាល់របស់លោក ហុង សុខហួរ និង អ្នកកាន់ផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី មានឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា និង ឈ្មោះ អ៊ុង ជុងលាង ព្រមទាំងលោក សម រង្ស៊ី ផ្ទាល់ ផងនោះ ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ព្រោះពួកគេ គេចខ្លួនទៅក្រៅប្រទេស៕

សំណុំរឿង លោក ហុង សុខហួរ តុលាការកំពូលនឹងជម្រះ នៅថ្ងៃទី២៦ កុម្ភៈ

សំណុំរឿង លោក ហុង សុខហួរ តុលាការកំពូលនឹងជម្រះ នៅថ្ងៃទី២៦ កុម្ភៈ