អគ្គរាជទូតខ្មែរ នៅជប៉ុន អន្តរាគមន៍ កម្មសិក្សាការីកម្ពុជា នៅរោងចក្រអ៊ុតខោ អាវ៣៧នាក់

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចុះជួយអន្តរាគមន៍ដោះស្រាយបញ្ហាកម្មសិក្សាការីកម្ពុជា នៅតាមរោងចក្រអ៊ុតខោអាវ ចំនួន៣កន្លែង ដែលមានចំនួន៣៧នាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងខេត្ត Gifu ប្រទេសជប៉ុន។

 រោងចក្រទាំង៣នោះរួមមាន៖រោងចក្រ A.P Logistic និង Carry On , រោងចក្រ F.P.H , រោងចក្រ Aikawa ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៦ បានឲ្យដឹងថា នៅរោងចក្រ A.P Logistic និង Carry On មានកម្មសិក្សាការីកម្ពុជាចំនួន១៦នាក់ តាមសំណូមពររបស់កម្ម សិក្សាការី ស្ថានទូត បានពិភាក្សាដោះស្រាយ ជាមួយថៅកែរោងចក្រលើបញ្ហា ស្នើគណនាប្រាក់បៀវត្សរ៍ ឲ្យបានត្រឹមត្រូវ ដែលកន្លងមកមានភាពលម្អៀងគ្នាបញ្ចុះតម្លៃបន្ទប់ស្នាក់នៅបញ្ចុះតម្លៃទឹក-ភ្លើង និង បញ្ចុះតម្លៃសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សំណើទាំង៤ចំណុចនេះ ត្រូវបានថៅកែរោងចក្រសន្យាថា នឹងពិចារណា រួចផ្ដល់ចម្លើយក្នុងពេលឆាប់ៗ។

ចំណែក រោងចក្រ F.P.H មានកម្មសិក្សាការីកម្ពុជាចំនួន១០នាក់ តាមសំណើរបស់កម្មសិក្សាការី ស្ថានទូតធ្លាប់ បានជួយដោះស្រាយម្តងរួចហើយ ដោយរោងចក្របានឯកភាពតម្លើងប្រាក់ថែមម៉ោងតាមសំណើ ប៉ុន្តែដោយ ការថែមម៉ោងមានចំនួនច្រើនពេក កម្មសិក្សាការីស្នើសុំឲ្យស្ថានទូតជួយដោះស្រាយ ជាមួយថៅកែរោង ចក្រម្តងទៀត។ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយស្ថានទូត ថៅកែរោងចក្របានឯកភាពជាគោលការណ៍ ដោយឲ្យប្ដូរវេនគ្នាឈប់សម្រាក មិនថែមម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់អនុវត្ត ពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៦ តទៅ។

ដោយឡែករោងចក្រ Aikawa មានកម្មសិក្សាការីកម្ពុជាចំនួន ១១នាក់ តាមសំណើរបស់កម្មសិក្សាការី ស្ថាន ទូតបាន ជួយដោះស្រាយបញ្ហាឈប់សម្រាកនៅថ្ងៃអាទិត្យ និងម៉ោងធ្វើការពីម៉ោង ៨ ព្រឹក ដល់ ម៉ោង៥ ល្ងាច បើ ថែមម៉ោងត្រឹមម៉ោង១០យប់។ ចំពោះការថែមម៉ោងត្រូវគោរពតាមការស្ម័គ្រចិត្តរបស់កម្មសិក្សាការី ដោយគ្មាន ការបង្ខិតបង្ខំ។ ស្នើសុំតម្លើងប្រាក់ថែមម៉ោង សម្រាប់កម្មសិក្សាការីឆ្នាំទី១  ឆ្នាំទី២ និងឆ្នាំទី៣ ។ សំណើទាំង នេះត្រូវបានថៅកែរោងចក្រឯកភាពជាគោលការណ៍រួចហើយ៕