លោក វង្សី វិស្សុត ប្រកាសបើកសិក្ខា សាលាពិគ្រោះយោបល់ ស្តីពីការរៀបចំ កម្មវិធីជំរុញ ផលិតកម្មស្បៀង

ភ្នំពេញ ៖ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ញើញជាអធិបតី ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់ ស្តីពីសមិទ្ធិសិក្សា និងការរៀបចំគម្រោង កម្មវិធីជំរុញផលិតកម្មស្បៀង ។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើង ដោយមជ្ឈមណ្ឌល សិក្សាគោលនយោបាយ (CPS) ក្រោមការដឹកនាំ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជងដែរ ។

មានប្រសាសន៍បើកអង្គសិក្ខាសាលា លោករដ្ឋលេខាធិការ វង្សី វិស្សុត បានមានប្រសាសន៍ថា វិស័យកសិកម្មបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងរុញកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះវិស័យស្រូវអង្ករបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនៅកម្ពុជា។ ប៉ុន្តែ បច្ចុប្បន្នកំណើនរបស់វិស័យកសិកម្មមានការថមថយ ដែលទាមទារឱ្យមានការគិតគូរពិនិត្យឡើងវិញ នូវគោលនយោបាយ និងការដាក់ចេញនូវយុទ្ធសាស្រ្តថ្មី ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពប្រជាជនជារួម ។ លោករដ្ឋលេខាធិការ វង្សី វិស្សុតបានលើកឡើងថា ការរៀបចំកម្មវិធីជំរុញផលិតកម្មស្បៀងនេះ គឺផ្នែក មួយនៃអន្តរាគមន៍ដោយផ្ទាល់របស់រដ្ឋ ព្រោះនេះជាគម្រោងកម្មវិធីទី១ ដែលរដ្ឋប្រើប្រាស់ហិរញ្ញប្បទានខ្លួនដោយ ផ្ទាល់ ហើយក៏ជាកម្មវិធីទី១ ដែរ ដែលកម្ពុជាគិតគូរ និងរៀបចំដោយខ្លួនឯង ដើម្បីបង្កើនភាពជាម្ចាស់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

ការរៀបចំកម្មវិធីជំរុញផលិតកម្មស្បៀងនេះ គឺជាការឆ្លុះបញ្ជាំងឱ្យឃើញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមនៃវិស័យកសិកម្ម តាមរយៈការខិតខំបង្កើនការវិនិយោគលើវិស័យនេះ ជាពិសេសក្នុងផលិតកម្មស្បៀងអាហារ ដើម្បីលើកកម្ពស់ជីវភាព និងផ្តល់អត្ថប្រយោជន៍បន្ថែមដល់អ្នកផលិតដែលជាកសិករ និងអ្នកពាក់ព័ន្ធដទៃទៀតផង រួមទាំងអ្នកប្រើប្រាស់ផលិតផលកសិកម្មផងដែរ។ កម្មវិធីជំរុញផលិតកម្មស្បៀងនេះ មានគោលដៅជំរុញផលិតកម្មស្រូវក្រអូប និងបន្លែមួយចំនួនជំនួសឱ្យការនាំចូល តាមរយៈការជំរុញការផលិតពូជស្រូវក្រអូបបន្ថែមឱ្យបានចំនួន ១៥ ០០០ តោនក្នុងមួយឆ្នាំ និងបង្កើនការដាំដុះបន្លែបន្ថែមឱ្យបានចំនួន ៧០ ០០០ តោនក្នុងមួយឆ្នាំ នៅក្នុងឆ្នាំ២០១៨។ កម្មវិធីជំរុញផលិតកម្មស្បៀង នៅក្នុងដំណាក់កាលទី១ នេះ គ្រោងនឹងត្រូវប្រើប្រាស់ថវិកាជាតិប្រមាណ ២០លានដុល្លារ សម្រាប់រយៈពេលបីឆ្នាំ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ កម្មវិធីនេះ អាចនឹងបន្តនៅក្នុងដំណាក់កាលទី២ និងទី៣ បន្តបន្ទាប់ទៀត ហើយអាចពង្រីកវិសាលភាពដល់កសិផលមួយចំនួន ដែលមានឧត្តមភាពប្រៀបធៀប និងមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិដូចជា ម្រេច ពោត ដំឡូងមី និងស្វាយចន្ទីជាដើម។

លោករដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម ហើយបើគិតមកដល់នឹងពេលនេះ យើងសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន។  ក៏ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញនូវយុទ្ធសាស្រ្តថ្មី និងការបំពេញបន្ថែមនៅក្នុងវិស័យនេះបន្ថែមទៀត។រាជរដ្ឋាភិបាលសូមស្វាគមន៍នូវការបន្តចូលរួមចំណែកពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងអស់រួមទាំងអង្គការសង្គមស៊ីវិល និងវិស័យឯកជនផងដែរ។  ប៉ុន្តែជារួមរាជរដ្ឋាភិបាលចង់ឱ្យមានការសម្របសម្រួលកាន់តែប្រសើរជាងមុន រវាងតួអង្គពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ជាងមុន ជាពិសេសក្នុងការសម្រេចឱ្យបាននូវគោលដៅរបស់គម្រោង និងកម្មវិធីនានាដែលបាននិងកំពុងដំណើរការអនុវត្តគម្រោងនិងកម្មវិធីនានានៅក្នុងវិស័យកសិកម្មទាំងមូល ដើម្បីបង្កើនភាពប្រទាក់ក្រឡាងគ្នា និងការបំពេញឱ្យគ្នាទៅវិញទៅមក(Synergy) ក្នុងគោលដៅបង្កើនផលិតភាព ទំនើបកម្មកសិកម្ម និងការលើកកម្ពស់ពាណិជ្ជូបនីយកម្ម ។រាជរដ្ឋាភិបាលយល់ឃើញថា អន្តរាគមន៍របស់រដ្ឋតាមរយៈគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងនេះ នឹងមិនធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់គោលការណ៍ និងប្រតិបត្តិការនៅក្នុងទីផ្សារសេរីនោះទេ ប៉ុន្តែផ្ទុយទៅវិញ នឹងជួយបំពេញកង្វះខាតនៅក្នុងទីផ្សារ និងធានាឱ្យមានភាពស្មើគ្នាក្នុងការប្រកួតប្រជែងរវាងប្រតិបត្តិករទាំងអស់ ទាំងតូចទាំងធំ។

ដោយសារប្រទេសកម្ពុជា យើងមានឧត្តមភាពខ្ពស់ នៅក្នុងការផលិតស្រូវអង្ករក្រអូប ដែលមានគុណភាពខ្ពស់ រាជរដ្ឋាភិបាលមានបំណងជំរុញបន្ថែមនូវផលិតកម្មស្រូវក្រអូបនេះ ទាំងស្រូវក្រអូបប្រកាន់រដូវ និងមិនប្រកាន់រដូវ ដើម្បីបង្កើនបរិមាណផលិតកម្មស្រូវក្រអូប និងបង្កើនការនាំចេញអង្ករក្រអូបបន្ថែមទៀតទៅកាន់ទីផ្សារអន្តរជាតិ ។ ក្នុងន័យនេះ  កម្មវិធីជំរុញផលិតកម្មស្បៀង ពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការប្រែក្លាយ សក្តានុពលនេះ ឱ្យទៅជាភាពប្រជែងឈ្នះពិតៗ តាមរយៈការបង្កើនការផលិតពូជស្រូវសុទ្ធល្អគ្រាប់ជំនាន់ និងលើកទឹកចិត្តដល់កសិករក្នុងការប្រើប្រាស់គ្រាប់ពូជសុទ្ធ ឱ្យបានកាន់តែច្រើនឡើងថែមទៀត នៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ បច្ចុប្បន្នផលិតកម្មបន្លែនៅក្នុងប្រទេសកម្ពុជាយើង នៅមានភាពទន់ខ្សោយនៅឡើយ។ ប្រការនេះ បានធ្វើឱ្យកម្ពុជាត្រូវធ្វើការនាំចូលបន្លែមកពីខាងក្រៅបន្ថែមប្រមាណពី ២០០ ទៅ ៤០០ តោន ក្នុងមួយថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់ស្មើនឹងប្រមាណពី ១៥០ ទៅ ២០០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងន័យនេះ ការជំរុញផលិតកម្មបន្លែ ក្រោមកម្មវិធីជំរុញផលិតកម្មស្បៀង មិនត្រឹមតែចូលរួមចំណែកបង្កើនការផលិតបន្លែក្នុងប្រទេសជំនួសឱ្យការនាំចូលប៉ុណ្ណោះទេ តែថែមទាំងផ្តល់ផលប្រយោជន៍ដល់កសិករនៅជនបទដែលជាអ្នកដាំដុះ រួមទាំងអ្នកប្រើប្រាស់ដែលរស់នៅក្នុងទីក្រុងផងដែរ តាមរយៈការជំរុញឱ្យមានផលិតបន្លែច្រើនជាមុន ហើយមានគុណភាពនិងសុវត្ថិភាពប្រសើជាងជាងមុន និងមានថ្លៃថោកជាងមុន។ ប្រការនេះ នឹងអាចចូលរួមចំណែកកាត់បន្ថយបន្ទុកចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយផ្នែក ហើយនឹងធ្វើឱ្យកម្រិតអាហារូបត្ថម្ភ និងសុខមាលភាព របស់ប្រជាពលរដ្ឋយើងកាន់តែមានភាពប្រសើរឡើង ៕

លោក វង្សី វិស្សុត ប្រកាសបើកសិក្ខា សាលាពិគ្រោះយោបល់ ស្តីពីការរៀបចំ កម្មវិធីជំរុញ ផលិតកម្មស្បៀង

លោក វង្សី វិស្សុត ប្រកាសបើកសិក្ខា សាលាពិគ្រោះយោបល់ ស្តីពីការរៀបចំ កម្មវិធីជំរុញ ផលិតកម្មស្បៀង

លោក វង្សី វិស្សុត ប្រកាសបើកសិក្ខា សាលាពិគ្រោះយោបល់ ស្តីពីការរៀបចំ កម្មវិធីជំរុញ ផលិតកម្មស្បៀង