តុលាការក្រុង​ភ្នំពេញ​ដោះលែង និង​លើកលែងទោស​ឲ្យ​ថៅកែ​រោង​ពុម្ព​ម្នាក់​ក្នុង​បទ​រំលោភ​កុមារី​អាយុ​១៥​ឆ្នាំ​

​ភ្នំពេញ​៖ បុរស​ម្នាក់​ឈ្មោះ​ប៊ុត ចាន់​រ៉ា ជា​ថៅកែ​រោង​ពុម្ព ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​បទ​ជាប់ចោទ​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ជា​អ្នកបំរើ​ក្នុងផ្ទះ​កាលពី​ម៉ោង​២​ទៅ​ម៉ោង​៣ រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នោះ​ត្រូវបាន លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​លើកលែង​បទចោទប្រកាន់​ទោស កាលពី​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ នោះ ។​

​លោក ម៉ុង មុនី​សោភា បានបង្ហាញ​ពី​មូល​ហេតុថា ការលើកលែង​បទ​ចោទ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ប៊ុត ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ថៅកែ​រោង​ពុម្ព​ឯកជន​មួយកន្លែង នៅផ្ទះ​លេខ​៥៦៧៨ ភូមិ​អូរអណ្តូង​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ គឺ​ផ្អែកលើ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច និង​ភស្តុតាង​ជាច្រើន​ទៀត​។​

ប្រភពពី​មន្ត្រី​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ការឃាត់​ថៅកែ​រោង​ពុម្ព ឈ្មោះ​ប៊ុត ចាន់​រ៉ា ដោយសារ​មាន ពាក្យបណ្តឹង​របស់​ម្តាយ​កុមារី​រងគ្រោះ​ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ថៅកែ​រូបនេះ បញ្ជូនមក​តុលាការ​ចាត់ការ​តាមច្បាប់​។ តែ​ជន​ត្រូវ​ចោទ​ឈ្មោះ ប៊ុត ចាន់​រ៉ា ត្រូវបាន​តុលាការ​ចេញ​ដីកា​លើកលែង​បទចោទប្រកាន់ ដើម្បី​ឲ្យ​មាន​សេរីភាព​នៅក្រៅ​ឃុំ​ឡើងវិញ​ហើយ កាលពី​រសៀល​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅនេះ​។​

​ប្រភព​បន្តថា ថៅកែ​រោង​ពុម្ព​រូ​ន​នោះ បាន​លែងលះ​ប្រពន្ធ​ក្នុង​រយៈពេល ៤​ទៅ​៥​ខែ​មុន ហើយ​បាន​យក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស​.​អ​.​ស​.​ល អាយុ​១៥​ឆ្នាំ មក​រស់នៅ​ជាមួយ ដើម្បី​ឲ្យ​មើលថែ​កូន និង​ឪពុក​ចាស់ ប៉ុន្តែ​ថៅកែ​រូបនោះ​បែរជា​ប្រព្រឹត្ត​អំពើ​មិន​គប្បី ចាប់រំលោភ​ក្មេងស្រី ជា​អ្នកបម្រើ​នៅក្នុង​បន្ទប់​ផ្ទះ​របស់ខ្លួន​បានសម្រេច នៅ​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៣ រំលង​អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ ៕

KA-12-02-2016-02