អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ត្រឡប់​មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស


អតីតនាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ម៉ាក អារ៉ូល៍ ( Jean-Marc Ayrault) បានត្រឡប់មក​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៅក្នុងរដ្ឋាភិបាលទីបី របស់លោក ម៉ានុយអែល វ៉ាល់ (Manuel Valls) នាយក​រដ្ឋមន្ត្រី​វ័យ​ក្មេង របស់​ប្រធានាធិបតី លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។
អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ត្រឡប់​មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស

លោក ហ្សង់ម៉ាក អារ៉ូល៍ ជួបពិភាក្សាជាមួយលោក ហ៊ុន សែន នៅក្នុងដំណើរទស្សនកិច្ចមួយ ក្នុងប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈឆ្នាំ២០១៣។ (រូបថតឯកសារ)

នៅប្រទេសបារាំង ការលាឈប់ ឬការផ្លាស់ប្ដូរតំណែង នៅក្នុងជួររដ្ឋាភិបាល មិនមែនជារឿងចម្លែកនោះទេ។ គ្រាន់​តែ​ថា ជារឿងដ៏កម្រមួយ ដែលអតីតនាយករដ្ឋមន្ត្រី ចេញពីតំណែងមួយរូប បានត្រឡប់ចូល មក​ធ្វើ​ជា​សមាជិក ឲ្យ​រដ្ឋាភិបាល​របស់នាយករដ្ឋមន្ត្រីមួយរូប ដែលធ្លាប់ជារដ្ឋមន្ត្រី​ក្រោមបង្គាប់ខ្លួន។

បើតាមសេចក្ដីប្រកាស ចេញផ្សាយជាផ្លូវការ ដោយវិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា លោក ហ្សង់ម៉ាក អារ៉ូល៍ (Jean-Marc Ayrault) ដែលជាអតីតនាយករដ្ឋមន្ត្រី រវាងពីឆ្នាំ២០១២ មកទល់នឹងឆ្នាំ២០១៤ បាន​ត្រឡប់​មក​ធ្វើ​ជា​រដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលរបស់លោក ម៉ានុយអែល វ៉ាល់ (Manuel Valls) ដែល​ត្រូវ​បាន​រុះរើ​តំណែង​ជា​ថ្មី នៅក្នុងថ្ងៃព្រហស្បត្តិ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ គេនៅចាំដែរថា លោក ម៉ានុយអែល វ៉ាល់ ធ្លាប់ជារដ្ឋមន្ត្រីមហាផ្ទៃ របស់រដ្ឋាភិបាលរបស់លោក ហ្សង់ម៉ាក អារ៉ូល៍ មុននឹងលោកក្លាយ​ជា​នាយរដ្ឋមន្ត្រី រហូត​មក​ដល់​សព្វថ្ងៃ។

រីឯលោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius) វិញ ដែលបានកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស តាំងពីឆ្នាំ​២០១២ (កាលនោះ ស្ថិតក្នុងរដ្ឋាភិបាលរបស់លោក ហ្សង់ម៉ាក អារ៉ូល៍)  រហូតមកទល់នឹងថ្ងៃពុធ ទី១០ ខែ​កុម្ភៈ ឆ្នាំ២០១៦ ម្សិលម៉ិញ បានចេញទៅទទួលតំណែង ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមការតែងតាំង​របស់​ប្រធានាធិបតី លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande)  ដោយទុកតំណែង ជាប្រមុខការទូតបារាំង ឲ្យ​ទៅ​លោក ហ្សង់ម៉ាក អារ៉ូល៍ ដែល​ជា​អតីត​នាយករដ្ឋមន្ត្រីរបស់លោក។

អ្នកជិតដិត...

បន្ទាប់ពីចាកចេញ ពីប្រមុខរដ្ឋាភិបាលបារាំង នាឆ្នាំ២០១៤នោះមក លោក ហ្សង់ម៉ាក អារ៉ូល៍ អាយុ៦៦ឆ្នាំ មិន​មាន​តំណែង​អ្វី​ផ្សេង ក្រៅតែជាតំណាងរាស្ត្រ ប្រចាំឲ្យតំបន់ «Loire-Atlantique» ប៉ុណ្ណោះ។ នៅតំបន់នោះ ដែល​លោក​ធ្លាប់​ជា​អភិបាលក្រុង ណង់ (Nantes) ដ៏ចាស់វស្សា អ្នកនយោបាយ​របស់​គណបក្ស​សង្គមនិយម​បារាំង​រូប​នេះ នៅតែមានប្រជាប្រិយភាព ហើយនៅមិនទាន់មាន​គូប្រជែង​នយោបាយ​ណា​ផ្សេង អាច​បំបាក់​លោក​បាន​នៅ​ឡើយ។

លោក អារ៉ូល៍ ធ្លាប់ជាអ្នកជិតស្និត របស់លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ និងធ្លាប់បានហែហម លោក ហូឡង់ ជាប់រហូត នៅក្នុងរយៈពេល​នៃការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារាំង កាល​ពី​ឆ្នាំ​២០១២។

គួរជម្រាបជូន​ដែរថា ការរុះរើគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ២០១៦នេះ បានកត់សម្គាល់បន្ថែមទៀត តាមរយៈ​ការ​បញ្ចូល​មន្ត្រី របស់គណបក្សបរិស្ថាន និងគណបក្សឆ្វេងនិយម​តឹង ដែលសុទ្ធសឹងជាគណបក្ស ប្រកាន់​និន្នាការ​ឆ្វេង (តែផ្សេង​ពី​គណបក្សសង្គមនិយម ដែលមានសម្លេងភាគច្រើន នៅក្នុងរដ្ឋសភា) ឲ្យក្លាយជារដ្ឋមន្ត្រី រដ្ឋ​លេខាធិការ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី របស់លោក ម៉ានុយអែល វ៉ាល់៕