គីម ជុងអ៊ុន ប្រហារ​ជីវិត​«អគ្គមេបញ្ជាការ​កងទ័ព»​របស់​ខ្លួន?

លោក រី យ៉ុងជីល (Ri Yong-gil) អគ្គមេបញ្ជាការកងទ័ព របស់ប្រទេសកូរ៉េខាងជើង ត្រូវបានយកទៅ​ប្រហារ​ជីវិត នៅ​ដើម​ខែ​កុម្ភៈនេះ តាមបញ្ជារបស់លោក គីម ជុងអ៊ុន (Kim Jong-un) មេដឹកនាំវ័យក្មេង​របស់របប​កុម្មុយនីស។ នេះ បើ​តាម​របាយការណ៍ របស់សារព័ត៌មាននានា របស់ប្រទេសកូរ៉េខាងត្បូង។
គីម ជុងអ៊ុន ប្រហារ​ជីវិត​«អគ្គមេបញ្ជាការ​កងទ័ព»​របស់​ខ្លួន?
លោក រី យ៉ុងជីល (ខាងឆ្វេង) ជាមេទ័ព និងលោក គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើង។ (រូបថត AFP)

សារព័ត៌មាននានា របស់ប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយ ក្នុងថ្ងៃពុធ ទី១០ ខែកុម្ភៈ និងត្រូវបាន​សារព័ត៌មាន​ផ្សេងទៀត នៅបស្ចឹមលោក យកមកអះអាងបន្ត ថាអគ្គមេបញ្ជាការកងទ័ព របស់ប្រទេស​កូរ៉េ​ខាង​ជើង លោក រី យ៉ុងជីល (Ri Yong-gil) ត្រូវបានរបបកុម្មុយនីស យកទៅប្រហារជីវិត កាលពីដើមខែ​កន្លង​មក​នេះ។ ប្រភពដែលស្និតនឹងសំនុំរឿង របស់របបក្រុងព្យុងយ៉ាង ត្រូវបានទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុងហាប់ (Yonhap) ស្រង់សំដីមកបញ្ជាក់ថា លោក យ៉ុងជីល បានរងការចោទប្រកាន់ ថាបាន​បង្កើត​ចលនា​នយោបាយ និងមានទាក់ទងក្នុងអំពើពុករលួយ។

ព័ត៌មាននេះបានធ្លាក់មកដល់ នៅក្នុងបរិយាកាសដ៏តានតឹង រវាងប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីការ​សាកល្បង​គ្រាប់​បែកនុយក្លេអ៊ែរ និងការបាញ់កាំជ្រួច របស់ក្រុងព្យុងយ៉ាង ត្រូវបានធ្វើឡើង កាលពីពេលថ្មីៗនេះ។ ហេតុការណ៍​នេះ ក៏បានកើតឡើង ចំពេលដែល«អគ្គមគ្គុទេស» របស់របបកុម្មុយនីស លោក គីម ជុងអ៊ុន បាន​ដឹកនាំ​យុទ្ធនាការ​ចម្រាញ់ តាមស្វែងរកជនប្រឆាំង នឹង«បដិវត្តដ៏មហិមា»របស់បក្ស បូករួមនឹងការប្រហារជីវិត ទៅលើ​អ្នក​ទទួល​ខុស​ត្រូវ​ជាច្រើននាក់។

ដកស្មៅ ចម្រាញ់ទាំងឬស!

លោក រី យ៉ុងជីល តែងត្រូវបានឃើញមានវត្តមាន ក្នុងការអមដំណើរលោក គីម ជុងអ៊ុន ចុះទៅត្រួតពល ឬចុះ​ទៅសួរសុខទុក្ខទាហាន។ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយ គេមិនដែលឃើញឈ្មោះលោក មាននៅក្នុង​របាយ​ការណ៍ ដែល​ចេញ​ផ្សាយដោយ ប្រព័ន្ធឃោសនាផ្លូវការ របស់ប្រទេសកុម្មុយនីសទៀតឡើយ ជាពិសេស​ទាក់​ទង នឹង​កិច្​ចប្រជុំ​សំខាន់ៗ របស់បក្ស ក៏ដូចជាការអបអរសាទរ ការបាញ់កាំជ្រួច កាលពីថ្ងៃអាទិត្យ​មុន​ជា​ដើម។

ប្រភពដដែល បានថ្លែងប្រាប់ទីភ្នាក់ងារ យ៉ុងហាប់ ទៀតថា៖ «ការប្រហារជីវិតនេះ បានធ្វើឲ្យគេជឿថា លោក គីម ជុងអ៊ុន មិនមានភាពទុកចិត្តពេញលេញ ទាក់ទងនឹងឥទ្ធិពលរបស់ខ្លួន ទៅលើកងទ័ព និងអ្នក​ទទួល​ខុស​ត្រូវ ដែល​មាន​អំណាច នៅក្នុងប្រទេសនោះឡើយ ហើយការដឹកនាំដ៏គួរឲ្យភ័យខ្លាច របស់គ្រួសារត្រកូល គីម នៅតែ​បន្ត​ទៅ​មុខ»។

ទីភ្នាក់ងារចារកម្ម របស់ប្រទេសកូរ៉េខាងត្បូង បានបដិសេធ មិនធ្វើអត្ថាធិប្បាយ ទៅលើដំណឹងនេះទេ។ ប៉ុន្តែ​ការ​លេចឮ ពីការចម្រាញ់ ដើម្បីកំទេចជន«ក្បត់» បានកើតមានជាបន្តបន្ទាប់ តាំងពីការឡើង មកកាន់អំណាច កាល​ពី​ចុងឆ្នាំ២០១១ របស់លោក គីម ជុងអ៊ុន ក្នុងនោះមានទាំងការប្រហារជីវិត ទៅលើអតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក «Hyon Yong-chol» និងបុរសខ្លាំងទីពីរ លោក ជាង ស៊ុងថេក ដែលត្រូវជាពូថ្លៃ របស់លោក គីម ខ្លួន​ឯង​នោះ​ផង៕

» ព័ត៌មាននេះជាវីដេអូ៖