ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នៅតែ​បន្ត​ជួយ​កម្ពុជា ក្នុង​វិស័យ​អប់រំ អភិបាលកិច្ច​ល្អ កសិកម្ម ជាដើម​

ភ្នំពេញ: នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្នុងឱកាស​ដែល លោក​ទើប​ទទួល​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​ថ្មី សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា លោក ច​ច អ៊ី​ហ្គា (George Edgar) បាន​លើកឡើងថា សហភាព​អឺរ៉ុប នៅតែ​យកចិត្តទុកដាក់​ជាខ្លាំង​ជាមួយនឹង​កម្ពុជា នៅក្នុង​នោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ គម្រោង​របស់​សហភាព​អឺរ៉ុប​ជួយ​មក​កម្ពុជា មាន​លើ​វិស័យ​អប់រំ កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ និង​វិស័យ​កសិកម្ម សុខាភិបាល ជាដើម​។​

​លោក ច​ច អ៊ី​ហ្គា បាន​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា​ថា ដើម្បី​សម្រេច​កិច្ចការ​ដ៏​សំខាន់​ខាងលើ​នោះ លោក​នឹង​ខិតខំ​បំពេញការងារ​នៅក្នុង​អាណត្តិ​ការទូត រយៈពេល​៤​ឆ្នាំ​ទៅមុខ​នេះ​។ “​ខ្ញុំ​រីករាយ​ដែល​បានឃើញ​ចំណងមិត្តភាព​កម្ពុជា និង​សហភាព​អឺរ៉ុប មានការ​រីកចម្រើន​ជា​លំដាប់​។ ខ្ញុំ​នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង​ការទូត កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ក្នុងនោះ​មាន​ទំនាក់ទំនង ខាង​រដ្ឋសភា​ផងដែរ​”​។​

​លោក ឯកអគ្គរដ្ឋទូត សហភាព​អឺរ៉ុប បាន​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា បន្តទៀតថា ពិតណាស់ថា នៅពេលនេះ​រដ្ឋសភា​កម្ពុ​ជាមាន​ទំនាក់ទំនង គ្នា​យ៉ាង​ល្អ ជាមួយ​រដ្ឋសភា​បណ្តា​ប្រទេស​មួយចំនួន ដែលជា​សមាជិក​សហភាព​អឺរ៉ុប ប៉ុន្តែ​កិច្ចការ​នេះ​ត្រូវការ​ពង្រឹងពង្រីក​បន្ថែ​ម​ទៀត​។ ក្នុងន័យនេះ លោក ច​ច អ៊ី​ហ្គា បាន​សន្យាថា​នឹង​ខិតខំ​ជួយ​ជំរុញ​ទំនាក់​ទំនាក់​រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​។​

​ជាការ​ឆ្លើយតប សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​សូម​អបអរសាទរ  លោក ច​ច អ៊ី​ហ្គា​ដែល​ត្រូវ​បានទទួល​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សម្តេច​បានលើកឡើង​ដែលថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ  ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​សហភាព​អឺរ៉ុប បាន​បោះ​ជំ​ហ៊ាន​ទៅមុខ​គួរ​ឲ្យ​កត់សំគាល់ ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​។​

“​រដ្ឋសភា​កម្ពុជា  សូម​អរគុណ​សហភាព​អឺរ៉ុប ដែល​បាន​គាំទ្រ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន ដូចជា​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អប់រំ សុខាភិបាល កសិកម្ម និង​វិស័យ​អភិបាលកិច្ច និង​ការគ្រប់គ្រង​និង​ជាពិសេស នយោបាយ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ពាណិជ្ជកម្ម នាំ​ចេញពី​កម្ពុជា​ជា​បន្តបន្ទាប់​” នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា​។

​សូមបញ្ជាក់ថា​សហភាព​អឺរ៉ុប ជាទី​ផ្សារ​នាំចេញ​ដ៏​ធំ​របស់​កម្ពុជា ពិសេស​ផលិតផល​កសិកម្ម​។ នៅក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច ប្រធានរដ្ឋសភា នេះ លោក​ឯកអគ្គរដ្ឋទូត សហភាព​អឺរ៉ុប ក៏បាន​លើកឡើង​ពី​ការខិតខំ​ក្នុងការ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​សហភាព​អឺរ៉ុប ផងដែរ​។​

​ជាទី​បញ្ចប់ សម្តេច​បាន​សម្តែង​ក្តី​សង្ឃឹមថា ក្នុង​អាណត្តិ​ការទូត របស់ លោក ច​ច អ៊ី​ហ្គា នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ដ៏​ល្អ​រវាង កម្ពុជា និង​សហភាព​អឺរ៉ុប ត្រូវបាន​បន្ត​ថែរក្សា ព្រមទាំង​អភិវឌ្ឍ​ជា​បន្តបន្ទាប់​៕​

ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នៅតែ​បន្ត​ជួយ​កម្ពុជា ក្នុង​វិស័យ​អប់រំ អភិបាលកិច្ច​ល្អ កសិកម្ម ជាដើម​

ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នៅតែ​បន្ត​ជួយ​កម្ពុជា ក្នុង​វិស័យ​អប់រំ អភិបាលកិច្ច​ល្អ កសិកម្ម ជាដើម​

ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នៅតែ​បន្ត​ជួយ​កម្ពុជា ក្នុង​វិស័យ​អប់រំ អភិបាលកិច្ច​ល្អ កសិកម្ម ជាដើម​