សភា​រុស្ស៊ី​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា ចូលរួម​មហាសន្និបាត​ប្រធានសភា​អឺរ៉ុប​-​អាស៊ី និយាយ​ពី​សន្តិភាព​ពិភពលោក​

ភ្នំពេញ: ​សភា​ឌូ​ម៉ា សហព័ន្ធរុស្ស៊ី និង​សាធារណរដ្ឋ​កូរ៉េ គ្រោង​រៀបចំ​មហាសន្និបាត​ប្រធានសភា​តំបន់​អឺរ៉ុប​-​អាស៊ី នៅក្នុង​ប្រទេស​រុស្ស៊ី នា​ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ និង​បាន​អញ្ជើញ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​មហាសន្និបាត​នោះដែរ​។​

​លោក ឡេង ប៉េង ឡុង អគ្គលេខាធិការ​រដ្ឋសភា បានអនុញ្ញាត​ឲ្យ​លោក  ValeryKHODZHAEV ទីប្រឹក្សា លោក ឯកអគ្គរដ្ឋទូត ប្រទេស​រុស្ស៊ី ប្រចាំ​នៅ​កម្ពុជា ជួបពិភាក្សា​អំពី​បញ្ហា​នេះ​នៅ​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​វិមាន​រដ្ឋសភា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ លោក Valery KHODZHAEV បាន​ជម្រាបជូន លោក​អគ្គលេខាធិការ​រ​ដ្ឋ​សភា អំពី​ប្រធានបទ​សំខាន់ៗ នៅក្នុង មហាសន្និបាត ដែល​គ្រោង​ធ្វើ​នោះ គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​សភា​តំបន់​អឺរ៉ុប និង​អាស៊ី ក្នុង​ការកសាង​សុខសន្តិភាព និង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរ​វក​ម្ម​។

​លោក Valery KHODZHAEV បានស្នើ​សូម លោក ឡេង ប៉េងឡុង មេត្តា​ពិនិត្យ​កម្មវិធី​ការងារ​របស់​សម្តេច​ប្រធានរដ្ឋសភា ដើម្បី​ធ្វើយ៉ាងណា គោរព​អញ្ជើញសម្តេច បាន​ចូលរួម​មហាសន្និបាត មាន​សារសំខាន់​នេះ​។​

​ជា​ឆ្លើយតប លោក​អគ្គលេខាធិការ បាន​សន្យាថា នឹង​លើកយក​បញ្ហា​នេះ​ជម្រាបជូន​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដើម្បី​សម្តេច​សម្រេច​។ ជាមួយគ្នានេះ លោក  ឡេង ប៉េងឡុង បាន​សម្តែង​ការពេញចិត្ត និង​គាំទ្រ ប្រធានបទ​មហាសន្និបាត​ក្នុងទិសដៅ ដើម្បី​ការរួបរួម​គ្នា​លើកកម្ពស់ សន្តិភាព​នេះ​។​

​លោក​គូសបញ្ជាក់ថា ពិភពលោក​នេះ​គួរ មាន​សុខសន្តិភាព ដើម្បី​ឲ្យ​មនុស្ស​បានរស់នៅ​ជាមួយ​គា្ន ដោយ​សុខដុមរមនា​។ “​ខ្ញុំ​គាំទ្រ​សកម្មភាព ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​មនុស្ស​រួបរួមគ្នា ជឿជាក់​និង​ស្រឡាញ់​សន្តិភាព​។ មានតែ​សន្តិភាព​ទេ ទើប​ធ្វើ​ឲ្យ​មនុស្ស​យើង រស់នៅ មាន​សុភមង្គល​។ យើង​ជាម​នុស្ស ជា​បងប្អូន​នឹង​គ្នា យើង​គួរតែ​ស្រឡាញ់គ្នា មិន​ធ្វើសង្គ្រាម ហិង្សា​ដាក់គ្នា​” លោក ឡេង ប៉េងឡុង បញ្ជាក់បន្ថែម​។​

​លោក Valery KHODZHAEV បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់ លោក​អគ្គលេខាធិការ​រ​ដ្ឋ​សភា និង​បាន​ស្នើសុំ លោក ឡេង ប៉េងឡុង មេត្តា​ពិនិត្យ​លទ្ធភាព​ផងដែរ ដើម្បី​ផ្តល់ឱកាស​ជូន លោក ឯកអគ្គរដ្ឋទូត ប្រទេស​រុស្ស៊ី ប្រចាំ​នៅ​កម្ពុជា បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច ហេង សំរិន ក្នុងការ​រឹតចំណង​មិត្តភាព​កាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​រុស្ស៊ី​។ ជាមួយគ្នានេះ លោក Valery KHODZHAEV បាន​លើកឡើងថា គណៈប្រតិភូ​ជាន់ខ្ពស់ សភា​ឌូ​ម៉ា​សហព័ន្ធរុស្ស៊ី ក៏​គ្រោង​នឹង​មក​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​កម្ពុជា នា​ខែមីនា ខាងមុខ​នេះដែរ​៕

សភា​រុស្ស៊ី​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា ចូលរួម​មហាសន្និបាត​ប្រធានសភា​អឺរ៉ុប​-​អាស៊ី និយាយ​ពី​សន្តិភាព​ពិភពលោក​

សភា​រុស្ស៊ី​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា ចូលរួម​មហាសន្និបាត​ប្រធានសភា​អឺរ៉ុប​-​អាស៊ី និយាយ​ពី​សន្តិភាព​ពិភពលោក​

សភា​រុស្ស៊ី​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា ចូលរួម​មហាសន្និបាត​ប្រធានសភា​អឺរ៉ុប​-​អាស៊ី និយាយ​ពី​សន្តិភាព​ពិភពលោក​