រដ្ឋបាល​លោក អូ​បា​ម៉ា រិះគន់​រដ្ឋាភិបាល​ក​ម្ព​ជា មុន​ដំណើរ​សម្ដេច ហ៊ុនសែន ទៅ​អាមេរិក

លោក Ben Rhodes ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​អាមេរិកមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​របស់​ប្រធានាធិបតី ​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សម្តែង​ការរិះគន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចំពោះ​ការគំរាមកំហែង​គណបក្ស​ប្រឆាំង។ ការរិះគន់​នេះ​ធ្វើឡើង​មុនពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ទៅកាន់​អាមេរិក​សម្រាប់​កិច្ច​អាមេរិក-អាស៊ាន​ នៅ Sunnylands។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ពី​ទីក្រុង​វ៉ាស៊ីនតោន។

ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​លោក ​Ben Rhodes បាន​រិះគន់​ចំពោះ​ការ​រិត​ត្បិត​និង​បំភិតបំភ័យ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​មកលើ​បក្សប្រឆាំង នៅមុន​ពេល​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​អាមេរិក។ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​អាមេរិក-អាស៊ាន​ចាប់ពី​ថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក Ben Rhodes បានបង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​ការ​វាយ​ធ្វើបាប​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង​ក្នុង​រយៈពេល​ថ្មី​នេះ ក៏ដូចជា​ការ​គំរាម​ចំពោះ​ផែនការ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​អាមេរិក​ផងដែរ។ ឆ្លៀត​ពេលនោះ លោក Ben Rhodes ក៏បាន​និយាយ​ដែរ​ថា សិទ្ធិ​ក្នុងការ​ប្រមូលផ្ដុំ​ត្រូវបាន​ការពារ​នៅ​សហរដ្ឋអាមេរិក។

កន្លងមក សម្ដេច ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​ហើយ​ថា ប្រសិនបើ​មាន​បាតុកម្ម​នៅ​អាមេរិក ក៏​នឹងមាន​បាតុកម្ម​ប្រឆាំង​បក្សប្រឆាំង​នៅ​កម្ពុជា​វិញ​ដែរ ក្រោយពេល​មាន​ព័ត៌មាន​ថា​នឹងមាន​បាតុកម្ម​នៅ​អាមេរិក៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​