Leo Cup ​ប្រកាស​រក​ក្រុម​ចូល​រូម​ប្រជែង​យក​ទឹក​ប្រាក់​៨៨​លាន​រៀល​

ព្រឹត្តិការណ៍​ប្រកួត​បាល់​​ទះ​​ថ្នាក់​ជាតិ​ដណ្តើម​ពាន​រង្វាន់ស្រាបៀ​រលីអូ រដូវ​កាល​ឆ្នាំ​២០១៦(LEO Cup National Volleyball 2016) ​កំពុង​តែ​ប្រកាស​រក​ក្រុម​ចូល​រួម​ប្រកួតប្រជែង​នៅ​តាម​តំបន់ទាំង​៥ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​១០ ឡើង​ទៅ​ប្រកួត​នៅ​ដំណាក់កាល​ផ្តាច់​ព្រ័ត្រ ខណៈ​ព្រឹត្តិការណ៍​នេះ​មាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់​៨៨​លាន​រៀល។

volley-ballតាម​ខ្លឹមសារ​ដែល​បាន​ប្រកាស​ ក្នុង​សន្និសីទ​កាសែត ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គាវើល កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត LEO Cup National Volleyball 2016 ​បានចែក​ការ​ប្រកួត​ជា​២​ដំណាក់​កាល​ដូច​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៥​ដែរ គឺ​ការ​ប្រកួត​ជម្រុះ​​តាម​ពូល​មណ្ឌល​ទាំង​៥ និង​ការ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​។ ចំពោះ​​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង​៥​ ​រួម​មាន​មណ្ឌលរាជធានី​ភ្នំពេញ មណ្ឌលខេត្ត​​ព្រះសីហនុ មណ្ឌលខេត្ត​​កំពង់ចាម មណ្ឌលខេត្ត​បាត់​ដំបង និង​មណ្ឌល​ខេត្ត​សៀម​រាប ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃទី​២៣ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ​នោះ​គឺ​នៅ​តាម​មណ្ឌល​នីមួយៗ​ ត្រូវ​ធ្វើ​ការ​ប្រកួត​ជម្រុះ​យក​ក្រុម​លេខ​១ និង​លេខ​២ ដែល​សរុប​មាន​១០​ក្រុម ដើម្បី​ឡើង​មក​ប្រកួត​នៅ​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​ការ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ ​ត្រូវ​បាន​បែង​ចែកជា​​​២ Division គឺ Division A និង Division B។ Division B គឺ​ការ​ប្រកួត​ប្រជែង​រវាង​​ក្រុម​ខ្លាំង​ទាំង​១០​តំណាង​ឲ្យ​មណ្ឌល​​ទាំង​៥ ដោយ​ត្រូវ​ចែក​ជា​២​ពូល ហើយ​ក្រុម​ជើង​ឯក និង​ជើង​ឯក​រង​នៃ Division B ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​ Division A ជាមួយ​ក្រុម​ឈរ​ជើង​ចំនួន​៦​ក្រុម កាល​ពី​ឆ្នាំ​២០១៥ ក្នុង​នោះ​មាន​ក្រុម​បញ្ជាក​រដ្ឋា​ន​អង្គរក្ស ក្រុម​ក្រសួងមហាផ្ទៃ ក្រុម​វិសាខា(កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ) ក្រុម​ស្នងការដ្ឌាន​នគរបា​ល​ខេត្តបាត់ដំបង ក្រុម​សាលា​ខេត្តកំពង់ចាម និង​កងពលធំ​លេខ​៣​ខេត្ត​ព្រះវិហារ។

សម្រាប់​រង្វាន់​ជយលាភី​ក្នុង DIVISION A គឺ​​ក្រុម​លេខ​១​ នឹង​ទទួល​បាន​ពានរង្វាន់​៤០​លាន​រៀល​ ក្រុម​លេខ​២ ​​បាន​ប្រាក់​ចំនួន​១២​លាន​រៀល​ ក្រុម​​លេខ​៣​ ​បាន​​ចំនួន​៨​លាន​រៀល​ និងក្រុម​លេខ​៤​ បាន​​ប្រាក់​៤​លាន​រៀល​។ រីឯ DIVISION Bគឺ​ក្រុម​លេខ​១​ នឹង​ទទួល​បាន​ពាន​​មួយ និង​ទឹក​ប្រាក់​ចំនួន​១២​លាន​រៀល ក្រុម​លេខ​២​ ​បាន​ប្រាក់​​៦​លាន​រៀល ក្រុម​លេខ​៣​ ​បាន​​៤​លាន​រៀល និង​ក្រុម​លេខ​៤​ ​បាន​ប្រាក់​​២​លាន​រៀល​ ហើយ​ការ​ប្រកួត​ជម្រុះ​តាម​មណ្ឌល​ទាំង​៥ ក៏​មាន​ផ្តល់​ប្រាក់​រង្វាន់​ដល់​ក្រុម​លេខ​១ លេខ​២ និង​ក្រុម​លេខ​៣ ផង​ដែរ៕ ​