ជើងខ្លំាង៨នាក់ដណ្តើម ខ្សែក្រវាត់K cement វគ្គ៣ ទម្ងន់៦០គ.ក្រនៅសង្វៀន SEATV

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លំាំងកម្ពុជាមកពីក្លិបខុសៗគ្នាចំនួន៨នាក់ត្រូវបានជ្រើសរើសឲ្យចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ K cement វគ្គ៣ លើប្រភេទទម្ងន់៦០គ.ក្រ ហើយអ្នកទាំង៨ នេះនឹងចាប់ដំណើរការប្រកួតជម្រុះវិលជុំចាប់ពីថ្ងៃទី ២០ ខែកុម្ភៈនេះតទៅ ដើម្បីស្វែងរកអ្នកខ្លាំងទាំង៤ឡើងទៅប្រកួតនៅវគ្គបន្ត។

កីឡាករទាំង៨នាក់នេះ បានបង្ហាញខ្លួននៅក្នុងសន្និសីទកាសែតនៅស្ថានីយទូរទស្សន៍SEATV នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដោយមានអញ្ជើញចូលរួមលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា , លោក គិត គឹមអ៊ន ប្រធានផ្នែកលក់របស់ក្រុមហ៊ុន K cement , លោក ម៉ិល កាដូ  អគ្គនាយករងកីឡា តំណាងឲ្យក្រសួងអប់រំ យុវជន និងកីឡា  និងលោក ហេង សុធា នាយកទីផ្សារ និងទំនាក់ទំនង សាធារណៈស្ថានីយទូរទស្សន៍ SEATV ។

លោក គិត គឹមអ៊ន ប្រធានផ្នែកលក់របស់ក្រុមហ៊ុន K cement បានថ្លែងនៅក្នុងសន្និសីទកាសែតថា ការទទួលបានការគាំទ្រយ៉ាងច្រើនក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ K cement វគ្គទី៣ វាជាកត្តាដ៏សំខាន់ដែលក្រុមហ៊ុនរបស់យើងសម្រេចបន្តការឧបត្ថម្ភផ្តាច់មុខបើកឲ្យមានការប្រកួត K cement វគ្គ៣លើកនេះ ដោយយើងបានជ្រើសរើសកីឡាករល្អៗ៨នាក់ សម្រាប់ធ្វើការប្រកួតជាបន្តទៀត ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់មហាជន ហើយនេះក៏ជាចក្ខុវិស័យរបស់ក្រុមហ៊ុនយើងក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀតនូវមរតកក្បាច់គុនខ្មែរទៅកាន់សកលលោក។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ថាការរៀបចំឲ្យមានការប្រកួតនេះឡើង គឺយើងមានគោលបំណងច្បាស់លាស់ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងជាមួយរដ្ឋាភិបាល ជាពិសេសគឺលើកកម្ពស់វិស័យកីឡាករប្រដាល់ដែលជាកេរមរតករបស់ដូនតាយើងឲ្យមានការរីកចម្រើន និងពង្រឹងគុណភាព សមត្ថភាពរបស់កីឡា ដើម្បីត្រៀមកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោកបានបញ្ជាក់ថា ដើម្បីធ្វើឲ្យការប្រកួតនេះដំណើរការទៅបានល្អ សហព័ន្ធបានរៀបចំផែនការយ៉ាងម៉ឺងម៉ាត់ និងហ្មតចត់បំផុត ដោយសហការជាមួយSEATVគឺយើងបានពង្រឹងគុណភាពគណៈកម្មការរៀបចំការប្រកួត និងចៅក្រម ដើម្បីធ្វើឲ្យការដាក់ពិន្ទុ ឬកាត់សេចក្តីប្រកបដោយតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ហើយកីឡាករទាំង៨នាក់នេះ (ស្រែក) ត្រូវបង្កើនការហ្វឹកហាត់ មានវិន័យ និងចេះថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវលុបចោលនូវកំហុសឆ្គងទាំងឡាយ និងត្រូវខិតខំប្រកួតឲ្យអស់ពីសមត្ថភាព ស្តាប់បានអត់។

លោក ហេង សុធា នាយកទីផ្សារ និងទំនាក់ទំនងសាធារណៈស្ថានីយទូរទស្សន៍SEATV បានមានប្រសាសន៍ថា នេះជាបានបើករដូវកាលទី៣នៃការប្រកួតនេះ ដែមានប្រសិទ្ធនាមថា “ជើងឯកខ្សែក្រវាត់ K.CEMENT” ដោយមាន កីឡាករ ចំនួន ៨រូប បានជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុតតាមបណ្តាក្លឹប និងសមាគមប្រដាល់ខេត្ត-ក្រុង ដែលមួយក្លឹបរើសយកតែកីឡាកម្នាក់គត់ ដើម្បីឲ្យពួកគេធ្វើការប្រជែងគ្នានៅលើសង្វៀនSEATV ក្នុងការទទួល ជយលាភីម្ចាស់ ខ្សែក្រវ៉ាត់ K.CEMENT។ លោកបានបន្តថា នេះក៏ជាការបើកទំព័រថ្មីរបស់ស្ថានីយទូរទស្សន៍ SEATV បន្ទាប់ពីបានទទួលការគាំទ្រយ៉ាងខ្លំាង ពីទស្សនិកជន និងអ្នកគាំទ្រស្ថានីយ ទើបបង្កើតការប្រកួតជើងឯកខ្សែក្រវាត់ K.CEMENTវគ្គ៣នេះតែម្តង។

កីឡាករទាំង៨ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតនេះ រួមមាន គង់ សំបូរ ក្លិបកងពលធំអន្តរាគមន៍លេខ២ , ហេង វាសនា ក្លិបព្រៃទទឹងមានរិទ្ធខេត្តបាត់ដំបង, វេង សុភ័ក្ត ក្លិបកងពលតូចទ័ព ពិសេសឆ័ត្រយោង៩១១,ម៉ន ព្រំម៉ាញ ក្លិបការិយល័យទី៥កងទ័ពជើងគោក, សុខ វាសនា ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាក់, ង៉ែត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យ , ផាន់ សារុន ក្លិបគុជសារកីឡា និងកីឡាករ ឯម សាវិន ក្លិបប្ញទ្ធីពោធិសែនជ័យ៕

ជើងខ្លំាង៨នាក់ដណ្តើម ខ្សែក្រវាត់K cement វគ្គ៣ ទម្ងន់៦០គ.ក្រនៅសង្វៀន SEATV

ជើងខ្លំាង៨នាក់ដណ្តើម ខ្សែក្រវាត់K cement វគ្គ៣ ទម្ងន់៦០គ.ក្រនៅសង្វៀន SEATV