ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ ស្ត្រី​ម្នាក់​​ចាក់​សាំង​ដុត​ខ្លួនឯង ​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ ដើម្បី​​រារាំង​សមត្ថកិច្ច​ចម្រុះ​​ការពារ​ផ្ទះ​របស់​ខ្លួន​មាន​ទីតាំង​លេខ​៩៧​បេ​ (​យីហោ​កោះ​កែវ​)​ តាម​បណ្តោយ​ផ្លូវ​លេខ​១០៨​ស្ថិត​ក្នុងភូមិ​២ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១២ ​កុម្ភៈ​ ​២០១៦ ខណៈ​​ពេល​ចុះ​អនុវត្ត​សាលដីកា ។

​ប្រភព​ឱ្យ​​ដឹង​ថា នៅ​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃដដែល​ កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​​លោក​មាស ច័ន្ទ​​ពិសិដ្ឋ បាន​ចុះ​អនុវត្ត​សាលដីកា​រដ្ឋប្បវេណី​លេខ​៤៤ ចុះ​ថ្ងៃ​ទី​០១ ​កុម្ភៈ​ ​២០០៧ ​របស់​តុលាការ​កំពូល នៅផ្ទះ​លេខ​៩៧​បេ ផ្លូវ​លេខ​១០៨ ក្រុម​ទី​១៦ ភូមិ​២ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ីង មុន្នី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ។

ខណៈ​​​សមត្ថកិច្ច​ចំរុះ​អនុវត្ត​សាលដីកា​នោះ​ ស្រាប់​តែ​មាន​ស្ត្រី​ឈ្មោះស៊ីង ណេ អាយុ​៣៤​ឆ្នាំ​ និង​ប្អូនស្រី​ឈ្មោះ​ស៊ីង រតនា
អាយុ​​​២៤​ឆ្នាំ​ នាំ​គ្នា​បិទទ្វា​រផ្ទះ​ និង​ចាក់សោ​ពី​ខាងក្នុង ។ ពេល​នោះ​ ពួក​គេ​បាន​ព្យាយាម​ចាក់​សាំង​ដុត​កង់​ឡាន​ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​បាញ់​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ ។ ​

នៅ​ក្នុង​ហេតុ​ការ​ណ៍​​ចាក់​សាំង​ដុត ​ដើម្បី​រារាំង​សមត្ថកិច្ច​នេះ​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​ស៊ីង រតនា រង​របួស​រលាក​ដៃជើង ហើយ​​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា មនុស្ស​ប្រុស​-ស្រី​៥​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលា​ខណ្ឌដូនពេញ ​ដើម្បី​សាកសួរ​ ដោយឡែក​ទីតាំង​ផ្ទះ​ខាងលើ​ ត្រូវ​មន្ត្រី​តុលាការ​រៀបចំ​ព័ទ្ធ​របង​ ។