ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖​ បើគ្មានការប្រែប្រួលទេ ​សំណុំរឿងរបស់អតីត​ប្រធានសាលាដំបូងរាជធានីភ្នំពេញ ​លោក អំាង មាលតី ​នឹងត្រូវប្រធាន​ក្រុមជំនុំជម្រះសាលាដំបូង​ខេត្តកណ្តាល ​ប្រកាសសាលក្រម​នៅរសៀលថ្ងៃទី១២​ កុម្ភៈ ២០១៦ ។

លោក អំាង មាលតី ​បានត្រូវអង្គភាពប្រឆាំង​អំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៤ ​សីហា ២០១៥ ​ពាក់ព័ន្ឋនឹងអំពើពុករលួយ​ដោះលែងជនសង្ស័យឈ្មោះ ​ថៅ ថាវី ដែលជាប់ចោទពី​បទជួញដូរគ្រឿងញៀន ​ជាថ្នូរនឹងការទទួលបានរថយន្តស៊េរីទំនើបម៉ាប Audi មួយគ្រឿង ​។ ក្រោយមកលោក ​អំាង មាលតី ​បានត្រូវបញ្ចូនទៅឃុំខ្លួន​នៅពន្ឋនាគារខេត្តកណ្តាល​ និង ត្រូវបានចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តកណ្តាល លោក អ៊ី សុវណ្ណ​ ចោទប្រកាន់ពីបទបំផ្លាញដោយចេតនា ​និងគៃបំបាត់​ដោយទុច្ចរិត ហើយបទចោទខាងលើ​​បើតាមអ្នកច្បាប់ថា ​អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ​និងបន្ទាយមានជ័យរូបនេះ ​​នឹងអាចត្រូវជាប់ពន្ឋនាគារពី៥ទៅ១០ឆ្នាំ ​តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌរបស់​ប្រទេសកម្ពុជា ៕