ក្រសួងការបរទេស ជួយ​ដោះស្រាយ​បញ្ហា ជូន​កម្មសិក្សាការី កម្ពុជា នៅ​ប្រទេស​ជប៉ុន​ចំនួន​៣ កន្លែង​ផ្សេងៗ​គ្នា​

ភ្នំពេញ: ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ចុះទៅ​អន្តរាគមន៍ ជួយ​ដោះស្រាយ​បញ្ហា របស់​កម្មសិក្សាការី កម្ពុជា នៅតាម​រោងចក្រ​អ៊ុតខោអាវ​ចំនួន​៣ កន្លែង​ផ្សេងៗ​គ្នា នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ខេត្ត Gifu ប្រទេស​ជប៉ុន​៖
១- រោងចក្រ A.P Logistic និង Carry On ៖
​មាន​កម្មសិក្សាការី​កម្ពុ​ជា​ចំនួន​១៦​នាក់​។ នេះ​បើតាម​ការ​អោយដឹងពី លោក ជុំ សុន្ទរី​
 អ្នកនាំពាក្យ​
 ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦
​។​

​លោក ជុំ សុន្ទរី បន្តថា តាម​សំណូមពរ​របស់​កម្មសិក្សា​ការី ស្ថានទូត បាន​ពិភាក្សា​ដោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ​លើ​បញ្ហា​៖ -​ស្នើ​គណនា​ប្រាក់បៀវត្សរ៍ អោយបាន​ត្រឹមត្រូវ ដែល​កន្លងមក​មាន​ភា​ព​លម្អៀង​គ្នា
-​បញ្ចុះតម្លៃ​បន្ទប់​ស្នាក់នៅ
-​បញ្ចុះតម្លៃ​ទឹក​-​ភ្លើង និង បញ្ចុះតម្លៃ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​។ សំណើ​ទាំង​៤​ចំណុច​នេះ ត្រូវបាន​ថៅកែ​រោងចក្រ​សន្យា​នឹង​ពិចារណា​រួច​ផ្ដល់​ចម្លើយ ជូន​ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​បន្ថែមថា កន្លងមក​ស្ថានទូត ធ្លាប់បាន​ដោះស្រាយ​ជាមួយ​ប្រធាន​រោងចក្រ ស្នើ​តម្លើង​ប្រាក់បៀវត្សរ៍ ដោយ​សុំ​ធ្វើការ​តែ​៨​ម៉ោង ក្នុង​១​ថ្ងៃ និង​ការសុំ​ឈប់សម្រាក​ការងារ​នៅ​ថ្ងៃអាទិត្យ​។ ធ្វើការ​ថែម ម៉ោង​តាម​ការស្ម័គ្រចិត្ត និង​គ្មាន​ការបង្ខិតបង្ខំ​។​
២- រោងចក្រ F.P.H ៖​មាន​កម្មសិក្សាការី​កម្ពុ​ជា​ចំនួន ១០​នាក់​។

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ទៀតថា តាម​សំណើ​របស់​កម្មសិក្សាការី ស្ថានទូត​ធ្លាប់ បាន​ជួយ​ដោះស្រាយ​ម្តង​រួចហើយ ដោយ​រោងចក្រ​បាន​ឯកភាព តម្លើង​ប្រាក់ ថែម​ម៉ោង តាម​សំណើ ប៉ុន្តែ​ដោយ​ការ​ថែម​ម៉ោង​មាន​ចំនួន​ច្រើនពេក កម្មសិក្សាការី​ស្នើសុំ​អោយ​ស្ថានទូត​ជួយ​ដោះស្រាយ ជាមួយ​ថៅកែ​រោងចក្រ​ម្តងទៀត​។

​លោ​កន​ម្ត​ថា បន្ទាប់ពី​មាន​កិច្ចពិភាក្សា​ជាមួយ​ស្ថានទូត ថៅកែ​រោងចក្រ​បាន​ឯកភាព​ជាគោលការណ៍ ដោយ​អោយ​ប្ដូរ​វេន​គ្នា​ឈប់សម្រាក មិន​ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដោយ​ចាប់​អនុវត្ត ពីថ្ងៃ​ទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ តទៅ​។
៣- រោងចក្រ Aikawa៖
​មាន​កម្មសិក្សាការី​កម្ពុ​ជា​ចំនួន ១១​នាក់​។ តាម​សំណើ​របស់​កម្មសិក្សាការី ស្ថានទូត​បាន ជួយ​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន​មាន​ជាអាទិ៍​៖
-​ស្នើ​ឈប់សម្រាក​នៅ​ថ្ងៃអាទិត្យ និង​ម៉ោង​ធ្វើការ​ពី​ម៉ោង ៨ ព្រឹក ដល់ ម៉ោង​៥ ល្ងាច​(​បើ ថែម​ម៉ោង​ត្រឹម​ម៉ោង​១០​យប់​)​។ ចំពោះ​ការ​ថែម​ម៉ោង​ត្រូវគោរព​តាម​ការស្ម័គ្រចិត្ត​របស់​កម្មសិក្សាការី ដោយ​គ្មាន​ការបង្ខិតបង្ខំ​។​
-​ស្នើសុំ​តម្លើង​ប្រាក់​ថែម​ម៉ោង សម្រាប់​កម្មសិក្សាការី​ឆ្នាំ​ទី​១ ឆ្នាំ​ទី​២ និង​ឆ្នាំ​ទី​៣​។
​សំណើ​ទាំងនេះ​ត្រូវបាន​ថៅកែ​រោងចក្រ​ឯកភាព​ជាគោលការណ៍​រួចហើយ​៕​