ឯកឧត្តម កឹម សុខា ៖«​ថ្ងៃ​ណា​ក៏​គេ​គំរាម​ខ្ញុំ​ដែរ​»

​ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ប្រាប់​មន្ត្រី​តាម​មូលដ្ឋាន និង​អ្នកគាំទ្រ​ខ្លួន​ថា មិនមែន​តែ​ពលរដ្ឋ​ទេ ដែល​ជួប​ការ​គំរាម និង​ការឈឺចាប់​នេះ សូម្បីតែ​លោក ក៏​រង​ការ​គំរាម​រាល់ថ្ងៃ និង​ការឈឺចាប់​ដែរ​។ ឯកឧត្តម កឹម សុខា បន្ថែមថា ការគំរាមកំហែង​លើ​រូបលោក​នេះ គឺ​ជួយ​ឲ្យ​លោក​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​ប្រជាពលរដ្ឋ​ទៅវិញ​ទេ​។​

​ឯកឧត្តម កឹម សុខា បាន​អះអាងថា មួយរយៈ​ពេលកន្លងមក​នេះ គណបក្ស​លោក​បាន​រង​ការធ្វើ​ទុក​បុក​ម្នេញ​ច្រើន តែ​ទោះជា​ជួប​បញ្ហា​យ៉ាងណាក៏ដោយ នៅក្នុង​កាលៈទេសៈ​នេះ គណបក្ស​លោក​មានតែ​អត់ធ្មត់​ប៉ុណ្ណោះ មិន​ត្រូវយក​«​ក្បាល​ទៅ​ជល់​ថ្ម​»​នោះទេ​។ ប្រធានស្ដីទី​រូបនេះ ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ចេះ​អត់ទ្រាំ​ដែរ​។ តែ​ត្រូវ​ចេះ​ព្យាយាម​អនុវត្តតាម​ផែនការ​បក្ស ដើម្បី​ទទួលបាន​ជោគជ័យ​។​

​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ក្នុង​ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ថ្ងៃ​សុក្រ​នេះ ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា​៖«​យើង​ដឹង​បងប្អូន​ទាំងអស់​លំបាក​ណាស់ ឈឺចាប់​ណាស់ ជួនកាល​ភ័យខ្លាច​ណាស់​ក្នុងពេល​គេ​គំរាមកំហែង …​។​ខ្ញុំ​កឹម​សុខា ថ្ងៃ​ណា​ក៏​គេ​គំរាម​ខ្ញុំ​ដែរ ថ្ងៃ​ណា​ក៏​គេ​ធ្វើ​ឲ្យ​ឈឺចាប់​ដែរ ប៉ុន្ដែ​ខ្ញុំ​បានសម្រេច​ចិត្ត​ហើយ​ថា បើ​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់ គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គំរាម​កាន់តែខ្លាំង ពេលនោះ​ប្រជាពលរដ្ឋ​គាំទ្រ​ខ្ញុំ​កាន់តែខ្លាំង​។ ដូចនេះ​ខ្ញុំ​សូមបញ្ជាក់ថា យើង​អត់ធ្មត់​បាន​ប៉ុណ្ណា ប្រជាពលរដ្ឋ​គាំទ្រ​យើង​កាន់តែខ្លាំង​»​។​

​បើទោះជា​មិន​និយាយ​ចំឈ្មោះ​ប្រមុខ​រដ្ឋាភិបាល​ក៏ដោយចុះ តែ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា អំពី​ការ​គំរាម​ខ្លួន​នេះ គឺធ្វើឡើង​ក្រោយពី​លោក​តែង​រង​ការព្រមាន​ពី​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន ហ៊ុន ជា​ញឹកញយ មុនពេល​ដែល​លោក​ធ្លាក់​ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ជាដើម​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​