ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ថ្លែង​​​ក្នុង​ជំនួប​ពិភាក្សា​ និង​សម្តែង​ការ​គួរសម​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​​គណៈរដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ ​២០១៦ នៅ​​វិមាន​សន្តិភាព លោក William A.Heidt ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជាបាន​អះអាង​ថា អា​មេ​រិ​ក​នឹង​បន្ត​រក្សា​កិច្ច​សហប្រតិបត្តិការ​​ដ៏​ល្អ ​និង​យូរអង្វែង​ជាមួយ​កម្ពុជា ។

លោក William A.Heidt បាន​ថ្លែងឱ្យ​ដឹង​ថា អា​មេ​រិ​ក​នឹង​បន្ត​រក្សា​សហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​កម្ពុជាលើ​គ្រប់​វិស័យ សំខាន់​កិច្ច​សហប្រតិបត្តិការ​លើ​​វិស័យ​ពាណិជ្ជកម្ម ​ដែល​លោក​បាន​មើលឃើញ​​ថា សង្គម​​កម្ពុជា​បាន​ក្លាយជា​សង្គម​មួយ ​ដែល​មាន​ចំណូល​ជា​មធ្យម​រួច​​​ម​ក​ហើយ ។ ដូច្នេះ​ហើយ នេះ​ជា​ឱកាស​មួយ​សម្រាប់​វិនិយោគទុន​អា​មេ​រិ​ក​​ ​បណ្តាទុន​រកស៊ី​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​បើក​ច្រក​ឱ្យ​​កម្ពុជា​ទៅ​វិនិយោគទុន​នៅ​សហរដ្ឋអាមេរិក ។