ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម​ ៖ លោក​បណ្ឌិត​ ហ៊ុន ម៉ា​ណែ​ត ​បាន​លើក​ឡើង​ថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​​តម្រូវ​ការ​ជូន​ប្រជាពលរដ្ឋ​តាម​គ្រប់​មធ្យោបាយ​ ។ លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​បែប​នេះ​ ក្នុង​​ពិធី​​កាត់​ខ្សែបូ​សម្ពោធ​បុណ្យ​ឆ្លងផ្លូវ​ថ្នល់​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រហ្ម​ឧត្តម​ទួល​បី​ នៅ​ព្រឹក​​ថ្ងៃ​ទី១២ ​កុម្ភៈ  ស្ថិត​នៅ​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ​។​

លោ​ក​បណ្ឌិត​​បាន​បន្ត​ថា ជា​ការ​ពិត​ណាស់​ យើង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​១០០%​ និងឱ្យ​​លឿន​ដូច​គេ​ជប់​នោះ​ទេ ប៉ុន្តែ​យើង​បាន​និង​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​​ជា​បណ្តើរ​ៗ ក្នុង​នោះ​ដូច​ជា ​ការ​លើកកម្ពស់​កម្រិត​ជីវភាព​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ការ​បម្រើសេវា​សាធារណៈ​ និង​តម្រូវការ​ផ្សេង​ៗ ​។

លោក​បណ្ឌិត ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើប្រាស់​​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក ​(Facebook) គឺ​ចង់​ដឹង​ពី​​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ និង​ខិតខំ​ប្រឹង​ប្រែង​ដោះស្រាយ​តាម​លទ្ធភាព​ និង​តាម​រយៈ​ស្ថាប័ន​ជំនាញឱ្យ​​ចំ​គោលដៅ​ តាម​គ្រប់​មធ្យោបាយ ​​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដែល​​មាន​ទំ​នុក​ចិត្ត​ និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស ​។
 
លោក​បណ្ឌិត​ ហ៊ុន ម៉ាណែ​ត ក៍​បាន​ចូល​រួម​​អបអរសាទរ​​ជា​មួយ​ប្រជាពលរដ្ឋ​ស្រុក​កងមាស ​ដែល​​ទទួល​បាន​ផ្លូវថ្នល់​ថ្មី ​និង​សមិទ្ធផល​នានា​នៅ​ក្នុង​មូលដ្ឋាន​ ដែល​​ពី​មុន​ទី​នេះ​ គឺជា​កន្លែង​មាន​សង្គ្រាម ហើយ​បច្ចុប្បន្ន​ជា​ទីកន្លែង​ដែល​មាន​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ ៕