គណបក្ស យុវជនកម្ពុជា ស្នើពលរដ្ឋខ្មែរ ស្ងប់ស្ងាត់ អំឡុងពេល សម្តេចតេជោ ចូលរួមកិច្ចប្រជុំ នៅសហរដ្ឋអាម៉េរិក

ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា អំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូប ថែរក្សានូវភាពស្ងៀមស្ងាត់ និងរក្សានូវសណ្តាប់ធ្នាប់ ឲ្យបានខ្ពស់បំផុតនៅ ថ្ងៃទី១៥ ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ជាថ្ងៃដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន ចូលរូមកិច្ចប្រជុំពិសេសនៅ សហរដ្ឋអាម៉េរិក ខណៈយុវជនមួយចំនួន ប្រកាសធ្វើបាតុកម្មនៅលើទឹកដី មហាអំណាចមួយនេះ។

យោងតាមសេចក្តីអំពាវនាវ របស់គណបក្សយុវជនកម្ពុជាបានឲ្យដឹងថា គណបក្សយុវជនកម្ពុជា បានសង្កេតឃើញមាន គណបក្សនយោបាយចំនួនពីរ កំពុងប្រើបងប្អូនជាឈ្នាន់ ដើម្បីចង់យកឈ្នះចាញ់រៀងៗខ្លួន គណបក្សទាំងពីរនោះ មានដូចជាគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដោយហេតុអ្នកគាំទ្របក្សនីមួយៗ ប្រកាសធ្វើបាតុកម្មឆ្លើយឆ្លងគ្នាជារឿយៗ តាមបណ្តាញសង្គមហ្វេសបុក ដើមចមនៃការបាតុកម្មនោះ គឺប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញបេសកកម្មនៅ សហរដ្ឋអាមេរិក ដូច្នេះសកម្មភាពបែបនេះ វាមិនបានឆ្លុះបញ្ចាំង ពីសាមគ្គីភាពរវាងខ្មែរនឹងខ្មែរនោះឡើយ។

ជាចុងក្រោយ គណបក្សយុវជនកម្ពុជា សូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងក្នុងនិងក្រៅប្រទេស មេត្តាកុំបណ្តោយ ឲ្យខ្លួនក្លាយជាចលករ របស់គណបក្សណាមួយឲ្យសោះ។ សូមបងប្អូនគាំទ្រ លើគោលនយោបាយបក្ស កុំគាំទ្រលើបុគ្គល ពីព្រោះវាជាហេតុធ្វើឲ្យ មានការប្រកាន់បក្សពួក ហើយនឹងធ្លាក់ក្នុងសភាពចលាចល ក្នុងសង្គមជាក់មិនខានឡើយ។
គណបក្សយុវជនខ្មែរ មិនចង់ឃើញខ្មែរ បង្អូរឈាមដាក់គ្នានឹងគ្នានោះឡើយ។

យោងតាម សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឲ្យដឹងថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្ររាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន សហរដ្ឋអាម៉េរិក ពីថ្ងៃ១៥-១៦ កុម្ភៈ ឆ្នាំ២០១៦ នៅសានីលែន ទីក្រុងរ៉េនចុ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

យោងតាម សេចក្តីជូនព័ត៌មានខាងលើ បានឲ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជា ទៅចូលរួមនៅក្នុងកិច្ចប្រជុំនោះ ដែលអមដំណើរដោយ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។

សូមបញ្ជាក់ថា កម្ពុជានិងសហរដ្ឋអាម៉េរិកនៅពេលនេះ កំពុងតែមានការវិវត្តន៍ជឿនលឿន នៅក្នុងវិស័យការទូត រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន៕