ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​១៤ កុម្ភៈ ខានស្អែក កីឡាករ​កម្ពុជា​៤​រូប នឹង​ដាក់​វេន​គ្នា​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​តាម​ការ​គ្រោងទុក​។ អ្នក​ទាំង​៤​សុទ្ធតែ​បាន​ប្រកាស​ពី​ជំហរ​ចង់​ឈ្នះ បើ​ទោះជា​គូប្រកួត​ត្រូវ​គេ​ដឹង​ថា​ជា​កីឡាករ​ខ្លាំង​ៗ មិន​អាច​មើល​ស្រាល​ក្ដី ។ ការ​ប្រកួត​អន្តរជាតិ​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​២​តែ​ស្ថិត​នៅ​ថ្ងៃអាទិត្យ​តែ​មួយ​នោះ មានការ​ប៉ាន់​ស្មានថា​នឹង​មាន​អ្នក​ទស្សនា​កកកុញ​១០០​ភាគរយ ដោយសារ​តែ​ពេលវេលា​នោះ​ត្រូវ​ចំការ​បញ្ចប់​ចំហាយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ផង​។

ធី តុង​ហ៊ី គឺជា​កីឡាករ​វ័យក្មេង​ដែល​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Super Chhai​ក្នុង​ចំណោម​គូ​អន្តរជាតិ​ទាំង​៤ ។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ក្នុង​នាម​ជា​គូ​ឯក​នៅ​ពេល​ព្រឹក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​ចាប់ផ្ដើម​ឡើង​តាំងពី​ម៉ោង​៨​ព្រឹក ។ គូ​នេះ​មានការ​កត់​សម្គាល់ថា​សុទ្ធតែ​ខ្លាំង​ដូច​គ្នា ដោយសារ​តែ​កីឡាករ​កម្ពុជា​ធី តុង​ហ៊ី ជាប់​តំណែង​ថា​ខ្លាំង និង​មាន​សមត្ថភាព​យូរ​ក្រែល​មក​ហើយ ហើយ​ភាគី​ខាង​កីឡាករ​ថៃ​ក៏​ជាប់​លេខ​ថា​ល្អ​ពេញទំហឹង​ដូច​គ្នា ។ កីឡាករ​Super Chhai​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​៤​លើក​រួច​មក​ហើយ ដោយ​២​លើក​ឈ្នះ មួយ​លើក​ស្មើ និង​ចាញ់​តែ​ម្ដង​គត់ ក្នុង​ពេល​ដែល​ការ​ចាញ់​ក្រោម​ដៃ​កីឡាករ​មឿ​ន សុខ​ហ៊ុ​ច ឬ​ពុទ្ធ ហ៊ុ​ច តែ​ម្ដង​កាលនោះ ក៏​ចាញ់​ដោយ​លទ្ធភាព​ត្រដាបត្រដួស ដែល​ត្រូវ​គេ​មើលឃើញ​ថា​ភ្លាត់ស្នៀត ។ កីឡាករ​រូប​នេះ រស់​រវើក​ទាំង​ដៃ​ទាំង​ជើង ដោយ​អាច​និយាយ​ថា​មិន​អាច​មើល​ស្រាល​បាន​ទេ សម្រាប់​កីឡាករ​ធី តុង​ហ៊ី ដែល​មានបទពិសោធន៍​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​។

ជាក់ស្ដែង ការ​ប្រកួត​ឈ្នះ​កីឡាករ​រិ​ទ្ធិ អា​រុណ​, ឯម ខ្លឹម​ខ្មៅ និង​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​រឿង សោ​ភ័​ណ្ឌ សុទ្ធតែ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​កីឡាករ​Super Chhai​អាច​នឹង​ពិបាក​ឲ្យ​ធី តុង​ហ៊ី ទៅ​រួច ។ យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​មើលឃើញ​ថា កីឡាករ​កម្ពុជា​គូ​នេះ​នឹង​អាច​ទៅ​រួច​ដោយសារ​តែ​ក្នុង​ការ​ប្រកួត​កន្លង​មក គេ​ទទួល​បាន​លទ្ធផល​ល្អ​ច្រើន​ជាង​ភ្លាត់ស្នៀត ជា​ពិសេស​ក្នុង​ពេល​គេ​ឡើង​ប្រកួត​ជាមួយនឹង​កីឡាករ​ក្នុងស្រុក​នៅ​លើ​សង្វៀន ។ ឆ្លងកាត់​ការ​ប្រកួត​បាន​៩៦​លើក ឈ្នះ​៧៦​លើក ចាញ់​១៧​លើក និង​ស្មើ​៣​លើក គេ​នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​សម្រាប់​ការ​ប្រកួត​ព្រឹកស្អែក បើ​ទោះជា​ការ​ប្រកួត​៤​លើក​ជាមួយ​បរទេស គេ​ចាញ់​២​ឈ្នះ​២ ដែល​មាន​ន័យ​ថា​លទ្ធផល​ល្អ​មិនសូវ​នឹង​ក្ដី។ ក្រុម​អ្នក​ឃ្លាំមើល​មាន​តែ​ផ្ដោត​ការ​តាមដាន​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​កីឡាករ​Super Chhai​ទាំង​ខ្លាំង​ហើយ​ក៏​មានបទពិសោធន៍​ឡើង​រេញ​រហូត​ដល់​៩១​លើក ឈ្នះ​៨០​លើក និង​ចាញ់​១១​លើក ដែល​មាន​ន័យ​ថា មិន​ចាញ់​ធី តុង​ហ៊ី ដែរ​នោះ ។

កីឡាករ ធា នុ​រាជ ដែល​ទើបតែ​សាង​កេរ្តិ៍ឈ្មោះ​ក្រោយ​ពី​សម្រេចចិត្ត​លុបឈ្មោះ​សូ​យ ភារ​ម្យ​ចោល​នោះ ក៏​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Rithy Chhai​នៅ​វេលា​ពេល​ព្រឹក​នោះ​ដែរ ។ នេះ​ជា​ការ​ប្រកួត​សងសឹក​ដោយសារ​តែ​ការ​ប្រកួត​កាលពី​លើក​មុន កីឡាករ​ថៃ​រូប​នេះ​បាន​វាយ​ឈ្នះ​កីឡាករ ធា នុ​រាជ រួច​ម្ដង​មក​ហើយ​នៅ​លើ​សង្វៀន ។ នៅ​ក្នុង​កំណត់​ត្រា​កីឡាករ​ថៃ Rithy Chhai​ធ្លាប់​ប្រកួត​បាន​៦៩​លើក ឈ្នះ​៥៨​លើក និង​ចាញ់​១០​លើក ចំណែក​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៧៨​លើក ឈ្នះ​៥៤​លើក និង​ចាញ់​៥​លើក ដែល​មាន​ន័យ​ថា​ជា​កំណត់​ត្រា​ល្អ​ជាង​ក៏​ពិតមែន ប៉ុន្តែ​កម្លាំង និង​បច្ចេកទេស​របស់​គេ​ហាក់​មើលទៅ​មិនល្អ​ដូច​មុន​ផ្អាក​ប្រដាល់​មួយ​រយៈ​ក្នុង​ពេល​ល្បីឈ្មោះ​ឆ្ងាយ​នៅឡើយ ទើប​អ្នកគាំទ្រ​ហាក់​មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​ឡើយ​ចំពោះ​គេ​។

កីឡាករ ឈឿ​ន ឆៃ​ដែន នៅ​ថ្ងៃអាទិត្យ​​ខាន​ស្អែក ក៏​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ផង​ដែរ ។ គេ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Fa Phayak នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​រសៀល​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដែល​នឹង​ចាប់ផ្ដើម​ប្រកួត​តាំងពី​ម៉ោង​២​រសៀល​ដល់​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​។ អ្នក​ទាំង​ពីរ​កន្ត្រាក់​បានការ​ចាប់អារម្មណ៍​ពី​អ្នក​ស្នេហា​វិស័យ​កីឡា​មិន​តិច​នោះ​ដែរ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​សុទ្ធតែ​ល្អ ហើយ​ប្រឹង​សង្កៀត​ធ្មេញ​ដាក់​គ្នា​ព្រោះតែ​ចង់​ឈ្នះ​ចាញ់ ។ កីឡាករ​ឈឿ​ន ឆៃ​ដែន ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន ៧៥​លើក ឈ្នះ​៦៣​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក បាន​បញ្ជាក់​ជំហរ​យ៉ាង​មុតមាំ​ថា នឹង​ប្រឹង​ផ្ដួល​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃស្អែក ។

ទោះបី​យ៉ាងណា កីឡាករ​ថៃ​ក៏​ត្រូវ​ភាគី​អ្នកគាំទ្រ​ដែល​ស្គាល់​សមត្ថភាព​រួច​មក​ហើយ​ជឿជាក់​ថា​ឈ្នះ​ដូច​គ្នា​ផង​ដែរ ដោយសារ​តែ​គេ​ក្រៅពី​ល្អ​កែង ម៉ាត់ និង​ទាត់​ហើយ ក៏​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​រហូត​ដល់​៩៩​លើក ឈ្នះ​៧៤​លើក ចាញ់​២៤​លើក និង​ស្មើ​១​លើក ដែល​មាន​ន័យ​ថា​មិនមែន​ថ្មី​ថ្វីដៃ​ផង​ដែរ ។

កីឡាករ សា​រឿ​ន ច័ន្ទ គឺ​កីឡាករ​គូ​អន្តរ ជាតិ​បិទ​គូទ​ចុង​ក្រោយ​សម្រាប់​ការ​ប្រដាល់​នៅ​ថ្ងៃអាទិត្យ​ខាន​ស្អែក ។ គេ​នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Reda បន្ទាប់​ពី​គូ​អន្តរជាតិ​របស់​ឈឿ​ន ឆៃ​ដែន ។ កីឡាករ​ទាំង​ពីរ​ភាគី​ត្រូវ​បាន​គេ​អះអាង​ថា សុទ្ធតែ​បាន​ត្រៀមកម្លាំង​រាងខ្លួន ហើយ​មើលទៅ​ម្នាក់​ៗ​ក៏​មិន​ចង់​ធ្លាក់​ដូច​គ្នា​ដោយសារ​តែ​ការ​បរាជ័យ​នោះ​ដែរ ទើប​ការ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​មួយ​នឹង​ត្រូវ​លេចឡើង ។ កីឡាករ សា​រឿ​ន ច័ន្ទ ធ្លាប់​ប្រកួត​បាន​៧១​លើក ឈ្នះ​៦១​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​Reda​ធ្លាប់​ប្រកួត​បាន​៩៤​លើក ឈ្នះ​៧៩​លើក ចាញ់​១៤​លើក និង​ស្មើ​១​លើក​ដូច​គ្នា ។

ចាំ​មើល តើ​ក្នុង​ចំណោម​ការ​ប្រកួត​អន្តរជាតិ​ទាំង​៤​គូ​ខាងលើ គូ​ណា​នឹង​កន្ត្រាក់​បានការ​ចាប់អារម្មណ៍​ពី​អ្នក​ទស្សនា​ជាងគេ ហើយ​កីឡាករ​កម្ពុជា​រូប​ណាខ្លះ​នឹង​អាច​សម្រេច​គោលដៅ ?