ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ប្រកាស​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​១​រូប​

​កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ឲ្យ​ដឹង​ថា​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ត្រូវ​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​១​រូប​សម្រាប់​អាណត្តិ​៩​ឆ្នាំ​ ដែល​បេក្ខជន​-​បេ​ក្ខ​នារី​អាច​ឈរឈ្មោះ​ជ្រើសតាំង​បាន​ ត្រូវ​មាន​លក្ខណៈសម្បត្តិ​ដូច​តទៅ​ ៖​ -​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​,​ -​មាន​អាយុ​យ៉ាងតិច​៤៥​ឆ្នាំ​(​គិត​មក​ដល់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦)​ -​មាន​សញ្ញាបត្រ​ចាប់ពី​ឧត្តម​សិក្សា​ឡើង​ទៅ​ខាង​ច្បាប់​ ខាង​រដ្ឋបាល​ ខាង​ការទូត​ ឬ​ខាង​សេដ្ឋកិច្ច​ ហើយ​មានបទពិសោធន៍​ក្នុង​ការងារ​យ៉ាងតិច​១៥​ឆ្នាំ​ ។​

​សេចក្តី​ប្រកាស​លេខ​០១១/១៦​ ឧក​ច​.​រប​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ បាន​បញ្ជាក់​ថា​ "​លោក​ជំទាវ​ ឯកឧត្តម​ លោក​ លោកស្រី​ដែល​មាន​បំណង​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ សូម​អញ្ជើញ​មក​ដាក់​ពាក្យ​នៅ​អគ្គលេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​(​វិមាន​រដ្ឋ​ចំការមន​)​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​ "​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមាសភាព​ចំនួន​៩​រូប​ ដែល​ទទួល​អាណត្តិ​៩​ឆ្នាំ​ ។​ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​១​ភាគ​៣​ត្រូវ​ផ្លាស់​ថ្មី​ក្នុង​រយៈពេល​៣​ឆ្នាំ​ម្តងៗ​ ។​ សមាជិក​៣​រូប​ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ ៣​រូប​ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​ ហើយ​៣​រូប​ទៀត​ត្រូវ​ជ្រើសតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ។​ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវ​បាន​ជ្រើសតាំង​ឡើង​តាម​ការ​បោះ​ឆ្នោត​ដោយ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​រៀង​រាល់​៣​ឆ្នាំ​ម្តង​ តាម​មតិ​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក​ទាំងមូល​ បន្ទាប់​ពី​សមាជិក​ថ្មី​៣​រូប​ចូល​កាន់​តំណែង​ ។​

​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើនឹង​ប្រធានរដ្ឋសភា​ ។​ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ឋានៈ​និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធាន​រដ្ឋសភា​ ។​

​បទ​ប្បញ្ញត្តិ​ក្នុង​មាត្រា​ណា​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​ថា​ មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ មិន​អាច​យក​ទៅ​ប្រកាស​ឲ្យ​ប្រើ​ ឬ​យក​ទៅ​អនុវត្តន៍​បាន​ឡើយ​ ។​ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​ ៕​

ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ប្រកាស​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​១​រូប​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ប្រកាស​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​១​រូប​

Related