ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អភិបាល​រដ្ឋ​គូសបញ្ជាក់​ថា ការ​បះបោរ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ក្នុង​ពន្ធនាគារ​មួយ​នា​ភាគ​ខាងជើង​រដ្ឋ NUEVO LEON របស់​ម៉ិចស៊ិក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥២​នាក់ ក្នុង​ចំណោម​ពួក​អ្នកទោស ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង MONTERREY អភិបាល​រដ្ឋ​នេះ​លោក JAMIE RODRIGUEZ CALDERON គូសបញ្ជាក់​ថា ការ​បះបោរ​កើត​មាន​រវាង​ពួក​ឧក្រិដ្ឋជន​២​ក្រុម​ក្នុង​ប្លុក C2 និង​ប្លុក C3 នៃ​ពន្ធនាគារ ។ ការ​បះបោរ​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥២​នាក់ និង​របួស​១២​នាក់ ក្នុង​នោះ​៥​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ មានការ​ដុត​ឱ្យ​ឆេះ​ឃ្លាំង​មួយ​នៃ​ពន្ធនាគារ ។ អភិបាល​រដ្ឋ​រូប​នេះ​បដិសេធ​ព័ត៌មាន ដែល​ថា ភ្លើង​បាន​ឆាបឆេះ​ក្នុង​ផ្នែក​គុ​​ក​ឃុំឃាំង​នារី និង​កុមារ ។

ក្រុម​ឧក្រិដ្ឋជន​មួយ​ក្រុម ដឹកនាំ​ដោយ​ជន​ឈ្មោះ IVAN HERNANDEZ CANTU ហៅ EL COMMANDANTE CREDO និង​ក្រុម​ឧក្រិដ្ឋជន​ដឹកនាំ​ដោយ​ជន​ឈ្មោះ JUAN PEDRO SALVADOR ZALDIVAR ហៅ EL Z-27 បាន​ប៉ះទង្គិច​គ្នា​ដែល​ប្រែ​ក្លាយទៅជា​ការ​បះបោរ ។ CANTU ជា​មេ​ម្នាក់​ក្នុង​ចំណោម​មេក្រុម​រត់ពន្ធ​គ្រឿងញៀន GOLFE ហើយ ZALDIVAR ជា​សមាជិក​ក្រុម​រត់ពន្ធ​គ្រឿងញៀន ZETAS ។

អំពើ​ហិង្សា​ចាប់ផ្តើម​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ កុម្ភៈ រួច​អ្នកទោស​មួយ​ចំនួន​ធំ​ត្រួតត្រា​ទីតាំង​មួយ​ចំនួន ញ៉ាំង​ឱ្យ​មានការ​តបត​យ៉ាង​ខ្លាំង​របស់​កងកម្លាំង​ប៉ូលិស ។

យោង​តាម​ទូរទស្សន៍ MILENIO TV ថា ពួក​អ្នកទោស​បាន​ប្រើប្រាស់​គ្រឿងសង្ហារិម ព្រមទាំង​ធុងសំរាម ដើម្បី​ដុត​ឱ្យ​មាន​ភ្លើង​ឆេះ​ក្នុង​អគារ​មួយ​ក្នុង​ចំណោម​អគារ​ទាំង​៤​នៃ​ពន្ធនាគារ​នេះ ដែល​ពិត​ណាស់​បែប​នោះ​ដើម្បី​ជួយ​ឱ្យ​ពួក​អ្នកទោស​រត់​ចេញពី​គុក ។

ទោះបី​យ៉ាងណា អភិបាល​រដ្ឋ​អះអាង​ថា ពុំ​មាន​អ្នកទោស​ណា​ម្នាក់​អាច​រត់​ចេញពី​គុក​បាន​ឡើយ ដោយ​លោក​ទទួលស្គាល់​ថា ក្នុង​បណ្តា​ពន្ធនាគារ​នៅ​ម៉ិចស៊ិក អាជ្ញាធរ​ជា​រឿយ​ៗ​បាត់បង់​ការ​ត្រួតត្រា ៕