ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម YONHAP ថា មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​មួយ​រូប​ថ្លែង​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ថា សហរដ្ឋអាមេរិក​គ្រោង​បញ្ជូន​នាវាមុជទឹក​នុយក្លេអ៊ែរ​វាយប្រហារ USS NORTH CAROLINA (SSN-777) មក​កាន់​កូរ៉េ​ខាងត្បូង​នា​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដើម្បី​បង្ហាញ​កម្លាំងយោធា​របស់​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​២​ចំពោះ​កូរ៉េ​ខាងជើង​បន្ទាប់​ពី​ប្រទេស​កុំ​មុ​យ​នី​ស្ត​បិទ​ជិត​នោះ​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ​នា​ពេល​ថ្មី​ៗ​នេះ ។

មន្ត្រី​រូប​នេះ​និយាយ​ថា នាវាមុជទឹក​នុយក្លេអ៊ែរ SSN-777 តាម​អ្វី​ដែល​ខ្ញុំ​បានដឹង​នឹង​មក​កាន់​កូរ៉េ​ខាងត្បូង ។ នាវាមុជទឹក​ប្រភេទ VIRGINIA នេះ អាច​ផ្ទុក​មី​ស៊ី​ល​បណ្តែត TOMAHAWK ព្រមទាំង​គ្រាប់បែក​បុក MARK 48 ។ នាវាមុជទឹក​នេះ​អាច​បើក​ក្នុង​ល្បឿន​៤៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

យោង​តាម​មន្ត្រី​ទាំងឡាយ​ថា សហរដ្ឋអាមេរិក​ក៏​គ្រោង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ប្រើ​ថាមពលនុយក្លេអ៊ែរ USS JOHN C. STENNIS (CVN-74 ) មក​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​រវាង​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​េ​ម​រិ​ក​នា​ខែ​ខាង​មុខ​នេះ​ផង​ដែរ ។

ការ​បញ្ជូន​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្ព័ន្ធមិត្ត ដើម្បី​ប្រឈម​មុខ​នឹង​ការ​បង្កហេតុ​យោធា​ដទៃ​ៗ​ទៀត​របស់​កូរ៉េ​ខាងជើង​បន្ទាប់​ពី​ការ​បាញ់​មី​ស៊ី​ល​រយៈ​ឆ្ងាយ​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ។

កងទ័ព​អា​មេ​រិ​ក​នឹង​បញ្ជូន​សារ​ព្រមាន​មួយ ហើយ​អះអាង​ជា​ថ្មី ពី​ការ​សន្យា​របស់​ខ្លួន​ការពារ​កូរ៉េ​ខាងត្បូង តាម​រយៈ​ការ​ដាក់​ពង្រាយ​មធ្យោបាយ​យុទ្ធសាស្ត្រ​សំខាន់​ៗ​នៅ​ឧបទ្វីប​កូរ៉េ ។

ភ្លាម​ៗ​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ របស់​កូរ៉េ​ខាងជើង​កាលពី​ខែ​មុន សហរដ្ឋ​អា​មេ​រិ​កបាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52 មក​កាន់​កូរ៉េ​ខាងត្បូង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បង្ហាញ​កម្លាំង​មួយ ។ សហរដ្ឋ​អា​េ​ម​រិ​ក​ក៏​គ្រោង​ផង​ដែរ​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ឯទៀត​ៗ​មក​កាន់​កូរ៉េ​ខាងត្បូង​ដូច​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 ឬ​យន្តហោះ​ប្រដេញ​បំបាំងកាយ F-22 RAPTOR ជាដើម ៕