ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នាយក CIA លោក JOHN BRENNAN ថ្លែង​តាម​ទូរទស្សន៍ CBS ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រើប្រាស់​ជា​ច្រើន​លើក​រួច​ហើយ​នូវ​អាវុធ​គីមី​លើ​ទីលានប្រយុទ្ធ ហើយ​អាច​ផលិត​ក្នុង​បរិមាណ​មិន​ទាន់​ច្រើន​នៅឡើយ​នូវ​ឧស្ម័ន CHLORINE និង​ឧស្ម័ន MOUTARDE ។

យោង​តាម​ការ​ដកស្រង់​បទ​សម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ដោយ​ទូរទស្សន៍ CBS ប្រមុខ CIA និយាយ​ថា មាន​ជា​ច្រើន​លើក​ដែល​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រើប្រាស់​អាវុធ​គីមី​លើ​ទីលានប្រយុទ្ធ ។ CIA យល់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មាន​សមត្ថភាព​ផលិត​បាន​ក្នុង​ចំនួន​តិច​នូវ​សារធាតុ CHLORINE និង​ឧស្ម័ន MOUTARDE ។ ពេល​សួរ​ពី​សមត្ថ​ភាព​របស់​ពួក​ជី​ហា​ដ​នាំ​ចេញ​ឧស្ម័ន​ពុល​ទាំងនេះ ដើម្បី​យក​ទៅ​ប្រើ​នៅ​ក្រៅប្រទេស​អីុ​រ៉ា​ក់ ឬ​ស៊ី​រី លោក BRENNAN ឆ្លើយ​ថា វា​អាច​មាន​បែប​នោះ​។ អាស្រ័យ​ហេតុនេះ​ហើយ​ប្រការ​សំខាន់​បំផុត​ត្រូវ​កាត់​ផ្តាច់​ផ្លូវ​ដឹក​ជញ្ជូន​ផ្សេង​ៗ និង​ផ្លូវ​រត់ពន្ធ​ដែល​ពួក​ជី​ហា​ដ​ប្រើ ។

កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ កន្លង​មកនេះ អ្នកសម្របសម្រួល​ខាង​ស៊ើបការណ៍​អា​េ​ម​រិ​ក លោក JAMES CLAPPER អះអាង​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ប្រើប្រាស់​បណ្តា​ផលិតផល​គីមី​ពុល​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី​ក្នុង​នោះ​រួម​មាន​ឧស្ម័ន MOUTARDE ផង ។ លោក​ពន្យល់​ថា ជា​លើក​ដំបូង​ដែល​ក្រុម​ជ្រុលនិយម​មួយ​អាច​ផលិត​ហើយ​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​ការ​វាយប្រហារ​ចាប់តាំងពី​ការ​វាយប្រហារ​ភេរវកម្ម​ប្រើ​ឧស្ម័ន SARIN ក្នុង​មេត្រូ​ក្រុង​តូ​ក្យូ កាលពី​ឆ្នាំ​១៩៩៥​មក ។

តាំងពី​ចាប់ផ្តើម​ជម្លោះ​នៅ​ស៊ី​រី​មក ក្រុម​ច្បាំង​គ្នា​ផ្សេង​ៗ​ទទួល​ការ​ចោទប្រកាន់​ជា​ច្រើន​លើក​ថា ប្រើប្រាស់​អាវុធ​គីមី ៕