ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​នៅ​តំបន់​ត្រពាំង​ឈូក​ម្នាក់ ដាច់​លុយ​ជក់​ថ្នាំ​ញៀន បែកគំនិត​ទៅ​គាស់​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ម្តុំ​នៅ​បឹង​សាឡា​ង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃ​ទី​១២ កុម្ភៈ ២០១៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៦​លើ​ផ្លូវ​២៥៥ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌមានជ័យ ។

ជនសង្ស័យ​ឈ្មោះ​ងែ​ត សំ​ដា​រ៉ា អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ខ្ជាយ ស្រុក​អង្គរ​ជ័យ ខេត្ត
កំពត ។ បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ​ឆាង ប៊ុ​ន​រី អាយុ​២៥​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​ទៅ​ហូប​បាយ​នៅ​បន្ទប់​មិត្តភក្តិ​ដែល​នៅ​ក្បែរ​គ្នា​នោះ ហើយ​ចាក់សោរ​បន្ទប់ រួច​ចេញ​ទៅ​តែ​ម្តង ។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ដោយ​ហូប​រួចរាល់ ក៏​ត្រឡប់​មក​បន្ទប់​វិញ ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​របូត​សោ​ហើយ​ចំហ ។ ពេល​នោះ ខ្លួន​បាន​ស្រែក​ឆោឡោ ធ្វើ​ឱ្យ​ជនសង្ស័យ​ដែល​កំពុង​តែ​ប្រមូល​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​នោះ​ភ័យ​ស្លន់​ដែរ  ក៏​ស្ទុះ​រត់​ចេញ​គេចខ្លួន​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បន្ទប់​ជួល នាំ​គ្នា​ដេញចាប់​ជនសង្ស័យ​នោះ ។

ស្រប​ពេល​នោះ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​សាឡា​ង​កំពុង​ល្បាត ឃើញ​ប្រជាពលរដ្ឋ​ផ្អើល​ឈូឆរ ក៏​ជិះ​ទៅ​ត្រូវ​ជន​រង​គ្រោះ​ប្រាប់​ថា​មាន​ចោរ​គាស់​បន្ទប់ ក៏​ដេញ​ស្ទាក់​ចាប់​យ៉ាង​ប្រផាប់​ប្រ​ភីង ។ ឯ​ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​អស់លក្ខណ៍ ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្តង ហើយ​នាំ​យក​មក​ប៉ុស្តិ៍​នគរបាល​បឹង​សាឡា​ង ដើម្បី​សួរនាំ ។  ក្រោយ​ពី​សួរនាំ​រួច សមត្ថកិច្ច​ឆែកឆេរ​ឃើញ​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ និង​សម្ភារ​ធ្វើ​សកម្មភាព​មាន នាឡិកាដៃ​៣​គ្រឿង​, ទូរស័ព្ទ​២​គ្រឿង​, ផ្លា​កដៃ​ផ្លា​ក​ទី​ន​មួយ​ខ្សែ​ទំងន់​៥​ជី​កន្លះ​, ចិញ្ចៀន​១​វង់​, កាបូប​លុយ​មួយ ក្នុង​នោះ​មាន​លុយ​ចំនួន​១១០​ដុល្លារ និង​សម្ភារ​ឆ្កឹះ​សោ​២ និង​កូនសោ​ម៉ូតូ​១ ។