CNRP ស្វាគមន៍​ក្រុម​អ្នកគាំទ្រ​CPP ធ្វើបាតុកម្ម​ប្រឆាំង​ខ្លួន តែ​ទាមទារ​ឲ្យ​មានការ​ការពារ​មេដឹកនាំ​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាស​ស្វាគមន៍​គម្រោង​ធ្វើបាតុកម្ម​របស់​ក្រុមយុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​។ ការប្រកាស​របស់លោក យ៉ែម បុញ្ញឫទ្ធិ ធ្វើឡើង​ក្រោយពី​លោក សាំង សុង និង​លោក ស៊ីម វណ្ណ​រ៉ា ដែល​អះអាងថា ខ្លួន​ជា​តំណាង​ក្រុម​សម្ព័ន្ធ​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ធ្វើបាតុកម្ម​ទាមទារ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បើ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក​ខាងមុខ​។

​ឲ្យ​តែ​ជា​បាតុកម្មអហិង្សា គណបក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​ជានិច្ច​។ នេះ​ជាការ​ឆ្លើយតប​របស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ទៅនឹង​ការព្រមាន​ធ្វើបាតុកម្ម​រំលាយ​បក្ស​សង្គ្រោះ​ជាតិ របស់​បុរស​ពីរ​នាក់ គឺ​លោក ស៊ីម សុវណ្ណ​រ៉ា និង​លោក សាំង សុង ដែល​អះអាងថា ពួកខ្លួន​តំណាង​ឲ្យ​ក្រុម​សម្ព័ន្ធ​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ទន្ទឹមនឹង​ស្វាគមន៍​គម្រោង​បាតុកម្ម​នេះ លោក យ៉ែម បុញ្ញឫទ្ធិ ទាមទារ​ឲ្យ​អ្នកដឹកនាំ​ធ្វើបាតុកម្ម​នោះ  ធ្វើឡើង​ដោយ​អហិង្សា ចៀសវាង​បញ្ហា​កើត​ឡើងដល់​ថ្នាក់ដឹកនាំ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​លើក​មុន​ទៀត​។ « ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ធ្វើបាតុកម្ម​អហិង្សា​។ ដូច្នេះ​យើង​គ្មានអ្វី​ត្រូវ​ស្អប់ យើង​មានតែ​ស្វាគមន៍​បើ​ក្រុមយុវជន​នោះ បើ​បាតុកម្ម​ប្រឆាំង​បក្ស​សង្គ្រោះ​ជាតិ​ដោយ​អហិង្សា​»​។​

​យ៉ាងណាក៏ដោយ​ជាមួយនឹង​ការស្វាគមន៍​នេះ លោក យ៉ែម បុញ្ញឫទ្ធិ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជាពិសេស​ក្រសួងមហាផ្ទៃ ត្រូវការពារ និង​ធានា​សុវត្ថិភាព​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់រូប​។ « យើង​បារម្ភ​ព្រោះ​លើក​មុន​ពួកគាត់​ធ្វើបាតុកម្ម​ផ្ទុះ​ហិង្សា​ម្តង​ហើយ​។ បាតុករ​គប់​ដុំថ្ម​ចូល​ផ្ទះ​ឯកឧត្តម កឹម សុខា និង​វាយ​អ្នកតំណាងរាស្ត្រ​ពីររូប​។ ដូច្នេះ រដ្ឋាភិបាល​ត្រូវការពារ​សុវត្ថិ​ជូន​ថ្នាក់ដឹកនាំ​យើង​»​។ អ្នកនាំពាក្យ​និយាយ​ដូច្នេះ ក៏​ឆ្លៀត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា មាន​កាលវិភាគ​ត្រូវ​ជួប​ភ្ញៀវ​បរទេស​មួយចំនួន​នៅ​កម្ពុជា និង​ប្រជុំ​ជាមួយ​មន្ត្រី​បក្ស​ក្នុងអំឡុង​ថ្ងៃទី ១៥ និង ១៦ កុម្ភៈ​ខាងមុខ​នោះ​។​

​លោក សាំង សុង តំណាង​ក្រុម​សម្ព័ន្ធ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​នៅក្នុង​ឃ្លី​ប​វីដេអូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមយុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹងធ្វើ​បាតុកម្ម​ទាមទា​រ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ប្រសិនបើ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី ១៥ និង​១៦ ខែកុម្ភៈ នៅ​សហរដ្ឋអាមេរិក​ខាងមុខ​។ « យើងទាំងអស់គ្នា ជា​អ្នកគាំទ្រ​បក្ស​ប្រជាជន​កម្ពុជា មិន​សុខចិត្ត​ទេ ហើយ​អាច​នឹង​ទៅដល់​មុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចាក់អង្រែ​ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​រំលាយ​គណបក្ស​នេះ​ចោល​តែម្តង​។ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​មក​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​»​។ នេះ​ជា​ជំហរ​ការពារ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក សាំង សុង ដែល​ចាត់ទុក​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន នៅ​អាមេរិក​ថា ជាការ​រៀបចំ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។

​បើទោះបីជា​មានការ​ចោទប្រកាន់​បែបនេះ​ក្តី ក៏​លោក យ៉ែម បុញ្ញឫទ្ធិ នៅតែ​ការពារ​ថា គម្រោង​ធ្វើបាតុកម្ម​របស់​ពលរ​ដ្ឋ​ខ្មែរ​ប្រឆាំង​នាយករដ្ឋមន្ត្រី​នៅពេល​ខាងមុខ​នោះ មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ លោក​ថា គម្រោង​ធ្វើបាតុកម្ម​នោះ គឺជា​រឿង​បុគ្គល​តែប៉ុណ្ណោះ មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តួចផ្តើម​គំនិត​ដូច​ការ​ចោទ​នោះឡើយ​។

​តែ​យ៉ាងណា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ យល់ថា ប្រសាសន៍​របស់លោក យ៉ែម បុញ្ញឫទ្ធិ គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ​។ លោក សាំង សុង ថ្លែង​ការពារ​វិញ​ថា ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀមខ្លួន​ធ្វើបាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិនមែនជា​គោលការណ៍ និង​មិនមែនជា​ការបង្គាប់បញ្ជា​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នោះដែរ​។​

​ក្រ​ឡែក​ងាក​មកកាន់​អ្នកវិភាគ​នយោបាយ​វិញ លោក អ៊ូ វីរៈ យល់ថា ការធ្វើ​បាតុកម្មអហិង្សា គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​កំណត់ដោយ​ច្បាប់​។ តែ​លោក ហាក់​បន្ទោស​ទៅ​ក្រុមយុវជន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក ដែល​ធ្វើបាតុកម្ម​នាំ​ឲ្យ​ផ្ទុះ​ហិង្សា ជាពិសេស​បាតុករ​នាំគ្នា​គប់​ដុំថ្ម​ចូល​ផ្ទះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​វាយ​អ្នកតំណាងរាស្ត្រ​។ លោក​ថា ប្រសិនបើ​ក្រុមយុវជន​គណបក្សកាន់អំណាច​ធ្វើបាតុកម្ម រដ្ឋាភិបាល​ត្រូវ​ធានា​សុវត្ថិភាព​ចំពោះ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បើ​មិន​ដូច្នោះ​ទេ គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាម៉ាស​បន្ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​