ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិ​ចិត្ត​សិ​ល្បៈ បាន​ចេញ​នូវ​សេចក្តី​អំពាវនាវ​មួយ​ស្នើ​ដល់​យុវវ័យ​ទាំងអស់​ កុំ​ប្រើប្រាស់​ទិវា​នៃ​ក្តី​ស្រឡាញ់​ ដើម្បី​ជា​លេស​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​​អវិជ្ជមាន​នានា ​ដែល​នាំ​ឱ្យ​​ខុស​គន្លង​ទៅ​នឹង​ប្រពៃណី​ខ្មែរ​ ។

សេចក្តី​អំពាវនាវ​ខាងលើ ​កុំ​បាន​ស្នើ​ដល់​អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ឱ្យ​​ចូលរួម​ទប់ស្កាត់ និង​មាន​វិធានការ​នានា​ ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ចូលរួម​ចំណែក​ដាស់តឿន ក្រើនរំលឹក​ដល់​កូនចៅ មិត្តភក្តិ​កុំ​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​ ។

សេចក្តី​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ នា​ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ទិវា​នៃ​ក្តី​ស្រឡាញ់​ បាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ខាងមុខ​​នេះ ខណៈ​​ដែល​កន្លង​មក​ មាន​យុវវ័យ​កម្ពុ​ជាមួយ​ចំនួន ​បាន​ប្រើប្រាស់​ទិវា​នៃ​ប​ច្ចឹ​ម​ប្រទេស​មួយ​នេះ​ ដោយ​ខុស​ឆ្គង និង​បាន​ប្រ​ព្រ​ត្តឹ​នូវ​រឿង​មិន​គប្បី​ផង​​ដែរ​ ។

យោង​តាម​សេចក្តី​អំពាវនាវ​បាន​ឱ្យ​​ដឹង​ថា ថ្ងៃ​ទី​១៤ កុម្ភៈ​ ដែល​មនុស្ស​មួយ​ចំនួន ជា​ពិសេស​គ្រិះ​សាសនិក​ជន ​បាន​កំណត់​ថា​ ទិវា​នៃ​ក្តី​ស្រឡាញ់​បាន​ឈាន​ចូល​មក​ដល់​ហើយ​ ។ ទិវា​នេះ​ បាន​ជ្រៀតចូល​បន្តិច​ម្តង​ៗ ​មក​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ ។ ជា​ការ​ពិត​ ក្នុង​លក្ខ​ណៈ​ធម្មជាតិ​របស់​មនុស្ស សេចក្តី​ស្រឡាញ់​គ្មាន​ព្រំដែន ហើយ​ដែល​មនុស្ស​ម្នាក់​ៗ​ ​អាច​សម្តែង​​នូវ​ទឹកចិត្ត​នេះ ​ចំពោះ​គ្រប់​អ្នក​​ដែល​នៅ​ជុំវិញ​ខ្លួន​គូ​សង្សារ ប្តី​-ប្រពន្ធ កូនចៅ មាតាបិតា ជី​ដូច​ជីតា និង​មិត្តភក្តិ​ជាដើម​ ។

​វា​ជា​ការ​ចាំបាច់​ ដែល​សង្គម​កម្ពុជា ជា​ពិសេស​ស្រទាប់​យុវជន​ត្រូវ​យល់​ដឹងឱ្យ​​ពិតប្រាកដ​ជាទី​បំផុត​ នូវ​វប្បធម៌ ប្រពៃណីដ៏​ថ្លៃថ្នូរ ជា​មរតក​​ញើស​ឈាម ​ដែល​បុព្វបុរស​បន្សល់​ទុក​ឲ្យ ហើយ​​ក៏​ត្រូវ​ស្វែង​យល់​ឱ្យ​​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​ទំនៀម​ ទម្លាប់​ និង​វប្បធម៌​ពី​ក្រៅ​មួយទៀត ដើម្បី​បន្សំ​ចូល​ទៅ​ក្នុង​ឥរិយាបថ​នៃ​បរិបទ​សង្គម​របស់​ខ្លួន សំដៅ​រក្សា​នូវ​អទិ​ភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​ ដែល​មាន​ចំណាស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ ​នៅ​ទ្វីបអាស៊ី​នេះ​។