ក្រសួងវប្បធម៌ អំពាវនាវ ឲ្យប្រជាជនខ្មែរ ចូលរួមទប់ស្កាត់ អំពើខុសឆ្គង ក្នុងទិវានៃ ក្តីស្រលាញ់

ភ្នំពេញ៖ ក្នុងឱកាសទិវា នៃក្តីស្រលាញ់ជិត ឈានចូលមកដល់ មានយុវជនខ្មែរជាច្រើន ត្រៀមខ្លួនបង្ហាញក្តី ស្រលាញ់របស់ខ្លួន សម្រាប់ថ្ងៃនោះ  ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសយុវវ័យធ្វើយ៉ាងណា ទប់ស្កាត់ទង្វើខុសឆ្គងនានាដែលខុស ទំនៀមទំលាប់ប្រពៃណីខ្មែរ។
ដោយក្តីព្រួយបារម្ភ ទិវានៃក្តីស្រលាញ់ដែលជ្រៀតចូលម្តងបន្តិចៗ មកក្នុងប្រទេសកម្ពុជា ជាពិសេសស្រទាប់យុវវ័យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញលិខិតមួយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដោយបានអំពាវដល់ មាតាបិតា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជាពិសេសស្រទាប់យុវជន ឲ្យចូលរួមចំណែកតាមរយៈ វិធានការនានា ដែលអាចធ្វើបានក្នុងការទប់ស្កាត់ ព្រមទាំងជួយពន្យល់ណែនាំ ក្រើនរំលឹកដាស់តឿន ដល់កូនចៅ មិត្តភក្កិកុំឲ្យប្រើប្រាស់ទិវានេះ ជាលេសប្រព្រឹត្តអំពើអវិជ្ជមាននានា ខុសគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដែលនាំឲ្យប៉ះពាល់ដល់អនាគត និងកិត្តិយសរបស់ខ្លួន និងក្រុមគ្រួសារផងដែរ។
ទិវានៃក្តីស្រលាញ់១៤កុម្ភៈ នៅកម្ពុជាគួរជាឱកាសនៃការចែកចាយ និងធានាថាជាក្តីស្រលាញ់ដ៏ទូលំទូលាយ មួយត្រូវតែបានធ្វើឡើងក្នុង សន្តានចិត្តដ៏ស្មោះ សរចំពោះមនុស្សនៅជុំវិញខ្លួន ដូចជាក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅ ក្នុងសង្គមជាមួយគ្នា ដូចជាជនពិការ កុមារកំព្រានិងអ្នកដែល ខ្សត់ខ្សោយជាងខ្លួនជាដើម៕

ក្រសួងវប្បធម៌ អំពាវនាវ ឲ្យប្រជាជនខ្មែរ ចូលរួមទប់ស្កាត់ អំពើខុសឆ្គង ក្នុងទិវានៃ ក្តីស្រលាញ់