ស្នាក់ការបក្ស ហ៊្វុនស៊ិនប៉ិច មួយចំនួនជាកម្មសិទ្ធិ បុគ្គលសម្តេចក្រុមព្រះ គ្មានសិទ្ធិ ដកហូតយកទុក

ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ជាស្ថាបនិកគណបក្ស ខ្មែររួបរួមជាតិ បានថ្លែងថា ទីស្នាក់ការរបស់គណបក្ស ហ៊្វុនស៊ិនប៉ិចមួយចំនួន នៅតាមបណ្តាលខេត្ត ជាកម្មសិទ្ធិរបស់បុគ្គល ហើយសម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិ ពុំមានសិទ្ធិក្នុងការ ដកយកទុកនោះទេ។

ក្រោយពី លោក ញឹក ប៊ុនឆៃ បានប្រកាសជាសាធារណៈថា លោក ចាក់ចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតគណបក្សថ្មីមួយទៀត បានធ្វើឲ្យភាគីទាំងពីរមានភាពប្រទាញប្រទង់គ្នាជាខ្លាំង ទាំងស្លាកសញ្ញា និងទីស្នាក់ការបក្សជាដើម។

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ថា បន្ទាប់ពីបែកបាក់គ្នារួចមក សម្តេចក្រុមព្រះបានបញ្ជាមន្រ្តីក្រោមឱវាទ ចុះទៅចាក់សោរទ្វាទីស្នាក់ការ របស់បក្សមួយចំនួន ព្រោះស្នាក់បក្សទាំងនោះ ពុំមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បក្សឡើយ គឺជារបស់ អតីតមន្រ្តីមួយចំនួនដែលបានរ៉ៃអង្គាសសាងសង់ឡើងប៉ុណ្ណោះ។

លោកបញ្ជាក់ថា “ទីស្នាក់ការចំនួន២១ មានមួយចំនួនគឺមិនមែនជាកម្មសិទ្ធិរបស់គណបក្សហ៊្វុនស៊ិនប៉ិចទេ គឺជាកម្មសិទ្ធិឯកជនរបស់សមាជិកគណបក្ស ដែលអ្នកទាំងអស់នោះ បានបម្រើនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ហើយអស់លោកស្ម័គ្រចិត្តឲ្យយកកន្លែងហ្នុងដាក់ជាទីស្នាក់ការរបស់គណបក្សដើម្បីបម្រើការងារ”។

លោកបន្តថា នៅពេលដែលក្រុមមន្រ្តីទាំងនោះ បានចេញពីគណបក្សហ៊្វុនស៊ិនប៉ិច គឺពួកគាត់ត្រូវយកមកធ្វើការ ងារនៅកន្លែងថ្មីវិញហើយ។

ស្ថាបនិកគណបក្សខ្មែររួបរួមជាតិបន្ថែមថា ទីស្នាក់ការទាំងនោះ មិនមែនកកើតនៅក្នុងរជ្ជកាល សម្តេចក្រុមព្រះ ដែលទើបឡើងកាន់ដំណែងថ្មីនេះទេ គឺកើតឡើងតាំងពីរជ្ជកាលលោក កែវ ពុទ្ធរស្មី និងសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អារុណរស្មី ដែលជាព្រះប្រធានគណបក្ស។

លោកអះអាងទៀតថា ដោយឡែកទីស្នាក់ការបក្សធំនៅកណ្តាលខេត្តកំពត ត្រូវបានសម្តេចក្រុមព្រះ យកទៅលក់បាត់ហើយ ចំណែកស្នាក់ការតូចមួយទើបសាងសង់ឡើងថ្មីជាថវិកាបានមកពីលោកកែវ ពុទ្ធរស្មី និងថវិកាផ្ទាល់ខ្លួនតែម្តង៕