យុវជន​ជាង​១ពាន់​​នាក់ បាន​បង្វែ​ទិស​ដៅ​មក​រត់​​ប្រណាំង​ក្នុង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់

យុវជនជាង​១ពាន់​នាក់ ​បាន​សម្រេច​បោះ​បង់​ចោល​គម្រោង​ដើរហើរ​ជាមួយ​គូរ​ស្នេហ៍ តាម​តំបន់​ឆ្ងាយៗ នៅ​ថ្ងៃនៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ដើម្បី​ចូល​រួម​​រត់​ប្រណាំង ​នៅ​ក្នុង​បរិវេណមជ្ឈ​មណ្ឌល​កោះពេជ្រ ដែល​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មការ​ស្ត្រី និង​កីឡា អម​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​ NOCC វិញ។

running-khតាម​កញ្ញា តៃ លីដា អគ្គ​លេខាធិការ​គណៈ​កម្មការ​ស្ត្រី និង​កីឡា អម​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​ឲ្យ​ថា​ គិត​មក​ដល់​ពេល​នេះ មាន​យុវវ័យ​បាន​មក​ចុះ​ឈ្មោះ​ចូល​រួម​រត់​ប្រណាំង នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ បាន​ជាង ១០០០ នាក់​ហើយ ខណៈ​ព្រឹត្តិការណ៍​នេះ​មាន​ការ​រត់​ប្រណាំង​​ចម្ងាយ​៣​គីឡូម៉ែត្រ និង​៥​គីឡូ​ម៉ែត្រ ហើយ​ក៏​មាន​កម្ម​វិធី​សប្បាយៗ​មួយ​ចំនួន​ទៀត​ផង​ដែរដូចជា​ដើរ​ចង​ជើង​ជា​គូ ២០០ ម៉ែត្រ ជា​ដើម​។

នៅ​ក្នុងការ​ប្រកួត​នោះ មាន​បែង​ចែក​​ការ​រត់​ប្រណាំង​ទៅ​តាម​ផ្នែក គឺ​ការ​​រត់របស់​ក្រុម​យុវជន​​អាយុ​ក្រោម​១៥​ឆ្នាំ ការ​រត់​ចាប់​ពី​អាយុ១៦​ឆ្នាំ​ ដល់​៣០​ឆ្នាំ និង​ការ​រត់​ពី​អាយុ ៣១ ឆ្នាំ​ឡើង ហើយ​​ក៏​មាន​ការ​រត់​ជា​ក្រុម និង​ការរត់​ម្នាក់​ឯង ​ដោយ​មាន​ការ​តុប​តែង​ខ្លួន​​ឲ្យ​មានលក្ខណៈ​ប្លែក ផង​ដែរ​ ក្នុង​គោល​បំណង​ទាក់ទាញ​យុវ​វ័យ ដែល​ច្រឡំ​យក​ថ្ងៃ ១៤ កុម្ភៈ ទៅ​ជា​ថ្ងៃ​លះ​បង់​ស្នេហ៍​ តាមវប្ប​ធម៌​ប្រ​ទេស​ដទៃនោះ ឲ្យងាក​មក​រត់​​ប្រណាំងម្តង​វិញ​។​ លោក ​វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា(NOCC) បានថ្លៃង​ឲ្យ​ដឹងដែរ​ថា ការ​បង្កើត​ឲ្យ​មាន​ការ​រត់​ប្រណាំង នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​នេះ គឺ​យើង​ចង់​ផ្លាស់​ប្ដូរ​ឥរិយា​បថ​ និង​ផ្នត់​គំនិត​របស់​យុវវ័យ ដែលកន្លង​មក​បាន​យល់​ច្រឡំ​ថា ថ្ងៃ​បុណ្យ​​នៃ​សេចក្ដី​ស្រ​ឡាញ់ គឺជា​ថ្ងៃ​បុណ្យ​សង្សារ ដោយ​ធ្វើ​ឲ្យ​នារីៗ​ស៊ូ​លះ​បង់ខ្លួន​ប្រាណឲ្យ​ទៅ​គូ​ស្នេហ៍ ដើម្បី​បញ្ជាក់​ពី​ក្តី​ស្មោះ​ស្ម័គ្រ​​បទៅ​វិញ ហើយ​នេះ​ជា​​ការ​ខុស​ឆ្គងដ៏​​ធ្ងន់ធ្ងរ​បំផុត ហេតុ​​យើង​គួរ​គប្បី​នាំ​គ្នា​កែ​ប្រែ​ផ្នត់​គំនិត​មិន​ល្អ​នេះ​ឡើង​វិញ​ គឺ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ងាក​មក​ចូល​រួម​លេង​កីឡា​វិញ​ម្តង។ ​

តំណាង​ម្ចាស់​ឧបត្ថម្ភ ក្នុង​ការ​​រត់​ប្រណាំង ​នា​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ខាង​មុខ​នេះ រួម​មាន​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត ​Smart​ និងភេសជ្ជៈ​ប៉ូវ​កម្លាំង​ Sponsor​ សុទ្ធ​តែ​​បង្ហាញ​ពី​ការ​គាំ​ទ្រ​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​ឡើង ព្រោះ​ពួក​គេ​ក៏​ចង់​ឃើញ​យុវជន​ខ្មែរ ងាក​មក​លេង​កីឡា​តាម​រយៈ​ការ​រត់​ប្រណាំង​នេះ ហើយ​បោះ​បង់​ចោល​ការ​យក​​ពេល​វេលា​ទៅ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ដែល​បាន​បំពានយ៉ាង​ធ្ងន់​ធ្ងរ​ដល់​ទំនៀម​ទំលាប​ប្រពៃណី​ដ៏​ល្អ​ផូរ​ផង់​របស់​ខ្មែរ​ផង​ដែរ៕