Tavia Yeung បដិសេធថតរឿងថ្មីឲ្យ TVB ហើយនឹងចាក ចេញនៅខែមេសា

ដោយសារតែ ជិតផុតកុងត្រាជាមួយ ប៉ុស្តិ៍ទូរទស្សន៍ហុងកុង TVB នៅខែមេសាខាងមុខ តារាសម្ដែងល្បីឈ្មោះ Tavia Yeung បានបដិសេធនឹង សំណើថតរឿងថ្មីជាមួយរៀមច្បង ដែលនាងចូលចិត្ត។

កំពូលតារាសម្ដែងស្រីរបស់ TVB នាង Tavia Yeung បានឲ្យដឹងថាខ្លួនពិតជា ត្រេកអរខ្លាំងណាស់នៅ ពេលផលិតកររឿង Wong Wai Sing ប្រគល់រឿងថ្មីឲ្យនាងលេងជាមួយតារារៀមច្បង Gallen។ យ៉ាងណាមិញ ដោយសារតែកុងត្រា របស់នាងនឹងត្រូវដាច់ នៅពេលរឿងនេះចាប់ ផ្ដើមថតបាន១ខែ ដូចនេះហើយនាងត្រូវបដិសេធនឹងសំណើនេះ ព្រោះមិនចង់ឲ្យរឿង ផ្ទាល់ខ្លួនប៉ះពាល់នឹង ក្រុមការងារទាំងមូល។ តារាអាយុ ៣៦ ឆ្នាំបានបន្ថែមថា ខ្លួនពិតជាសោកស្ដាយ ខ្លាំងណាស់ដែលមិនចូលរួមក្នុងរឿងលើកនេះ។

ស្របជាមួយគ្នានេះដែរ មានពាក្យចចាមអារ៉ាមលេចឮថា ដោយសារតែ Tavia សម្រេចមិនបន្តកុងត្រា ជាមួយក្រុមហ៊ុន TVB ដូចនេះហើយប៉ុស្តិ៍ ទូរទស្សន៍នេះនឹងលុបចោលការបញ្ចាំងរឿងភាគ ចុងក្រោយរបស់នាងគឺរឿង “The Last Healer In Forbidden City”។ យ៉ាងណាមិញ តារាសម្ដែងនៅក្នុងរឿងនេះជាមួយ Tavia Yeung លោក Roger Kwok បានចេញមុខមកស្រាយថា លោកមិនបារម្ភពីព័ត៌មាន គ្មានការពិតនេះទេ។

“នេះគឺជារឿងដែលត្រូវបាន ចំណាយដើមទុនច្រើន។ ខ្ញុំមិនដែលឮអ្នកណា ដែលបោះទុនហើយមិនចង់ បានចំណេញវិញនោះទេ”។

Tavia Yeung បញ្ចប់ការសិក្សាពី វគ្គបណ្ដុះបណ្ដាលតារា សម្ដែងជំនាន់ទី ១៣ របស់ TVB ក្នុងឆ្នាំ ១៩៩៩។ តារាសម្ដែងកើតឆ្នាំ ១៩៧៩ នេះគឺជាតារាស្រីទី១ ដែលទទួលបានពានរង្វាន់ទាំង ៤ ដ៏មានតម្លៃរបស់ TVB ដោយក្នុងនោះរួមមាន៖ តារាសម្ដែងមានការ រីកចម្រើនក្នុងឆ្នាំ ២០០៣ តារាសម្ដែងរងល្អ បំផុតក្នុងឆ្នាំ២០០៨ តារាសម្ដែងស្រីមានប្រជា ប្រិយភាពបំផុតក្នុងឆ្នាំ ២០០៩ និងតារាសម្ដែងស្រី ល្អបំផុតក្នុងឆ្នាំ ២០១២៕