មតិ​នានា​ជុំវិញ​គម្រោង​ដំឡើង​ប្រាក់ខែ​ឱ្យ​មន្ត្រី​តុលាការ

ក្រសួង​យុត្តិធម៌​កំពុង​ដឹកនាំ​កិច្ចពិភាក្សា​ជុំវិញ​ការ​បង្កើត​ផែនការ​ការងារ​របស់​ខ្លួន​ក្នុង​ទិសដៅ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ ក្រសួង​ក៏​កំពុង​សិក្សា​ពី​គម្រោង​ដំឡើង​ប្រាក់ខែ​ឱ្យ​មន្ត្រី​តុលាការ មាន​ចៅក្រម និង​ព្រះរាជអាជ្ញា​ជាដើម។

មន្ត្រី​តុលាការ​ស្វាគមន៍​ចំពោះ​គម្រោង​នេះ ដោយ​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​គ្រឹះ​មួយ​ទាក់ទង​នឹង​ផែនការ​កំណែ​ទម្រង់​ស្ថាប័ន​យុត្តិធម៌​អោយ​ដំណើរ​ការ​ទៅ​ដោយ​រលូន។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​ភាគ​ច្រើន​សាទរ​ចំពោះ​គម្រោង​ដំឡើង​ប្រាក់​ខែ​ឱ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​ជាដើម​នេះ ប៉ុន្តែ​ពួកគាត់​មិន​ទាន់​មាន​ជឿ​ថា នឹង​អាច​កាត់បន្ថយ​អំពើ​ពុករលួយ​នៅ​ស្ថាប័ន​នេះ​បាន​នោះ​ទេ។

លោក​មេធាវី សុក សំអឿន ជា​ប្រធាន​ការិយាល័យ​មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ។ លោក​កត់សម្គាល់​ឃើញ​ថា ជីវភាព​របស់​ចៅក្រម ឬ​ព្រះរាជអាជ្ញា​ភាគ​ច្រើន​មិន​ក្រលំបាក​ទេ ដូច្នេះ​បើ​ការ​ដំឡើង​ប្រាក់ខែ​នោះ​តិចតួច​មិន​អាច​ឲ្យ​ពួកគាត់​ចាយវាយ​គ្រប់គ្រាន់​ទៅ​តាម​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន ឬ​ស្មើ​នឹង​អ្វី​ដែល​ពួកគាត់​កំពុង​មាន​ស្រាប់​នោះ។ ប្រការ​នេះ ពិត​ជា​មិន​អាច​ឲ្យ​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ងាក​ចេញ​មក​វិញ​បាន​ឡើយ៖ «ជា​ទូទៅ​ការ​ដំឡើង​ប្រាក់ខែ​នេះ​វា​តែង​មាន​ប្រយោជន៍​ហើយ ក៏​ប៉ុន្តែ​បើ​ប្រាក់​ដំឡើង​នោះ​វា​នៅ​តែ​មិន​គ្រប់គ្រាន់​តាម​សេចក្ដី​ត្រូវ​ការ វា​នៅ​តែ​អត់​ប្រយោជន៍​ដដែល​ហ្នឹង»

​លោក​បន្ត​ថា ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ យុត្តិធម៌​ទៅ​បាន គេ​ត្រូវតែ​ពិនិត្យ​ប្រព័ន្ធ​ការងារ​ច្បាប់​នានា ក្នុង​ស្ថាប័ន​មួយ​នេះ​ឡើង​វិញ រួម​មាន​ក្រមសីលធម៌​ចៅក្រម ព្រះរាជអាជ្ញា និង​ត្រូវ​រឹត​បន្តឹង​លើ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ទន្ទឹម​ហ្នឹង​ពាក់ព័ន្ធ​តុលាការ​ក៏​ត្រូវ​មាន​ការ​កែទម្រង់​ដែរ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ស្រុក​ខ្មែរ​យើង​នៅ​ខ្វះ​ច្បាប់​ភស្តុតាង ហើយ​នីតិវិធី​ខ្លះ​មិន​អាច​ឲ្យ​ចៅក្រម​ប្រកាន់​អព្យាក្រឹត​នៅ​ឡើយ​ទេ»

មន្ត្រី​ជាន់​ខ្ពស់​របស់​តុលាការ​មាន​ចៅក្រម ព្រះរាជអាជ្ញា ឬ​ប្រធាន​តុលាការ តាម​បណ្ដា​ខេត្ត​ក្រុង​នានា ភាគ​ច្រើន​មាន​ជីវភាព​ធូរធារ​ជាង​មន្ត្រី​រាជការ​ដទៃ​ទៀត ដូចជា​គ្រូបង្រៀន​ជាដើម។ ​បញ្ហា​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​គន់​ចំពោះ​គម្រោង​ដំឡើង​ប្រាក់ខែ ទៅ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​ថ្នាក់​បន្តបន្ទាប់​ក្នុង​ប្រព័ន្ធ​តុលាការ​នេះ។

​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ថា គណៈកម្មការ​កែទម្រង់​ច្បាប់ ប្រព័ន្ធ​យុត្តិធម៌ នៅ​ក្រសួងយុត្តិធម៌ ចង់​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ឱ្យ​មន្ត្រី​ដែល​ធ្វើការ​លើ​ប្រព័ន្ធ​យុត្តិធម៌​គ្រប់រូប ពិសេស​ចៅក្រម ក្រឡាបញ្ជី និង​ព្រះរាជអាជ្ញា។

​លោក​ថា ចំនួន​ទឹកប្រាក់​ដែល​គ្រោង​ស្នើ​ទៅ​រដ្ឋាភិបាល​នោះ មិន​ជា​ច្រើន​ណាស់ណា​ទេ គឺ​ប្រមាណ​ជា​ពី ៤០ ទៅ ៥០​ភាគរយ នៃ​ប្រាក់ខែ​ដែល​មាន​ស្រាប់ គឺ​មាន​ជាង​មួយ​លាន​រៀល ឬ​ស្មើ​ប្រមាណ​ជា ៣០០​ដុល្លារ​អាមេរិក ឬ​ខ្លះ​លើស​ពី​នេះ ទៅ​តាម​តួនាទី​ភារកិច្ច និង​អាច​មាន​ប្រាក់​ឧបត្ថម្ភ ឬ​ប្រាក់​បេសកកម្ម​ផ្សេង​ទៀត។

​លោក​បញ្ជាក់​ថា ចំនួន​នេះ​អាច​មាន​ការ​ប្រែប្រួល​ព្រោះ​គម្រោង​នេះ​កំពុង​ជជែក​ជាមួយ​ក្រុម​មន្ត្រី​ជំនាញ​ដែល​មកពី​ក្រសួង​ពាក់ព័ន្ធ​នៅ​ឡើយ៖ «ប្រាក់​ខែ​របស់​ចៅក្រម ព្រះរាជអាជ្ញា មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ក្របខ័ណ្ឌ ពាក់ព័ន្ធ​នឹង​ក្រសួង​មុខងារ​សាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យើង​កំពុង​ជជែក​គ្នា​ដើម្បី​ឲ្យ​ឡើង​ទៅ​ស្រប​គ្នា​នឹង​មន្ត្រី​ក្រសួង​ដទៃ​ទៀត»

លោក​បញ្ជាក់​ថា ការ​ដំឡើង​ប្រាក់​ខែ​នេះ ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មន្ត្រី​ទាំង​នោះ​មាន​ឆន្ទៈ​ក្នុង​ការងារ និង​ធ្វើ​ឱ្យ​ការងារ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ដើម្បី​ឲ្យ​ដើរ​ស្រប​គ្នា​ទៅ​នឹង​ទិសដៅ​ដទៃ​ទៀត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌៖ «មិន​មែន​យក​តែ​កត្តា​ប្រាក់​ហ្នឹង​តែមួយ​មុខ​ទេ គឺ​មាន​កត្តា​រួមផ្សំ​ដទៃ​ផ្សេង​ទៀត។ ការ​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់ ការ​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ និង​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ផ្នែក​យុត្តិធម៌​យើង គឺ​ត្រូវ​មាន​ការ​រួមផ្សំ»

ទាក់ទង​រឿង​នេះ ចៅក្រម​ជើង​ចាស់​មួយ​រូប​វ័យ​ជិត ៦០​ឆ្នាំ និង​ជា​អនុប្រធាន​តុលាការ​​ខេត្ត​តាកែវ ផង គឺ​លោក កែ សាខន បាន​សាទរ​ចំពោះ​គម្រោង​ដំឡើង​ប្រាក់​ខែ​នេះ ហើយ​លោក​ចាត់​ទុកជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​រីកចម្រើន​បន្ថែម​ទៀត៖ «ទៅ​ថ្ងៃ​ខាង​មុខ​ធ្វើ​ម៉េច ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា មាន​ការ​រស់នៅ​សមរម្យ ឲ្យ​អារម្មណ៍​គាត់​មូល​ក្នុង​ការងារ ក្នុង​ការ​កាត់ក្ដី​ជូន​ប្រជាជន​ទូទៅ​បាន​យុត្តិធម៌»

​លោក​បន្ត​ថា តួនាទី​ជា​ចៅក្រម​ទោះបី​ក្រ ទោះ​មាន​ទ្រព្យធន​បែប​ណា​ក៏ដោយ ក៏​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ។

ចំណែក​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​វិញ​លើក​ឡើង​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​មិន​មែន​មក​ពី​ប្រាក់ខែ​តិច​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​មក​ពី​ភាព​លោភលន់​របស់​មន្ត្រី​មួយ​ចំនួន និង​ស្ថាប័ន​តុលាការ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​គណបក្ស​កាន់​អំណាច។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ លើក​ឡើង​ថា ការ​ដំឡើង​ប្រាក់ខែ​ឱ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡា​បញ្ជី​ជាដើម មិន​មែន​ជា​យន្តការ​ត្រឹមត្រូវ​ដែល​អាច​លុបបំបាត់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា នោះ​ឡើយ។ លោក​ថា កត្តា​សំខាន់ ក្រសួង​យុត្តិធម៌ ឬ​ស្ថាប័ន​តុលាការ ត្រូវ​ក្លាហាន​ទទួល​ស្គាល់​ថា ខ្លួន​កំពុង​មាន​ចំណុច​ខ្វះខាត ហើយ​ត្រូវ​ហ៊ាន​ធ្វើ​ការ​កែប្រែ​ឲ្យ​បាន​ទើប​ជា​រឿង​ត្រឹមត្រូវ។

​ថ្វីត្បិតតែ​លោក អ៊ូ វីរៈ មើល​ឃើញ​ថា ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា បច្ចុប្បន្ន គឺ​កើត​ចេញ​ពី​ភាព​លោភលន់​របស់​មន្ត្រី​ក្នុង​តុលាការ​ក្ដី  លោក​ក៏​វាយតម្លៃ​ដែរ​ថា ចំណុច​សំខាន់​បំផុត​គឺ​ត្រូវ​កែទម្រង់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ធ្វើ​យ៉ាង​ណា​ឲ្យ​ងាក​ចេញ​ឲ្យ​ផុត​ពី​សម្ពាធ​នយោបាយ៖ «ព្រោះ​អី​ពួកគាត់​មាន​តួនាទី​ក្នុង​ការ​ឃ្លាំមើល​នូវ​ឯករាជភាព និង​អព្យាក្រឹតភាព​របស់​តុលាការ ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​ឯករាជ្យ​ពី​តុលាការ អត់​មាន​មន្ត្រី​ក្រសួង​យុត្តិធម៌ អត់​មាន​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​ហ្នឹង ហើយ​គាត់​មាន​អំណាច ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ​ជាមួយ​សភា​ថែម​ទៀត ការ​កែទម្រង់​នោះ​នឹង​មាន​ប្រសិទ្ធភាព»

​លោក ជិន ម៉ាលីន មិន​បដិសេធ​ចំពោះ​រឿង​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា វា​កំហុស​ឆ្គង​របស់​មន្ត្រី​តិចតួច​ប៉ុណ្ណោះ៖ «ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គឺ​ថា​មន្ត្រី​យុត្តិធម៌​ទទួល​រង​គ្រោះ​ជាងគេ​ដោយសារ​ការ​វាយ​តម្លៃ​ខុស​ពី​សាធារណជន»

​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស​មាន​ប្រមាណ ៦០០​នាក់។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា តុលាការ​ត្រូវតែ​ជា​ស្ថាប័ន​មួយ​ដែល​មាន​អភ័យឯកសិទ្ធិ​ពេញលេញ មាន​ឯករាជភាព និង​មិន​ត្រូវ​មាន​ការ​រំលោភបំពាន​ពី​ស្ថាប័ន​ផ្សេងៗ និង​អ្នក​នយោបាយ​ជា​ដាច់ខាត ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ទូទៅ។ បន្ថែម​ពីលើ​នេះ មន្ត្រី​ផ្នែក​យុត្តិធម៌ ត្រូវ​តែ​មាន​សិទ្ធិ​សេរីភាព មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​ត្រឹមត្រូវ មាន​បុព្វសិទ្ធិ និង​មាន​ភាព​ឯករាជ​ក្នុង​នាម​ជា​អ្នក​ស្វែង​រក​សុចរិតភាព និង​មិន​គួរ​ឱ្យ​លុយ និង​អំណាច​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ស្វែង​រក​យុត្តិធម៌​ក្នុង​សង្គម​បាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។