ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាងជើង​និយាយ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ចំពោះ​ការ​សម្រេចចិត្ត​របស់​ក្រុង​សេ​អ៊ូ​ល​ផ្អាក​សកម្មភាព​ឧទ្យាន​ឧស្សាហកម្ម​អន្តរ​កូរ៉េ​កា​អឺ​សុង​ថា ជា​ការ​ប្រកាសសង្គ្រាម ហើយ​ប្រទេស​នេះ​ប្រកាស​កាត់​ផ្តាច់​ទូរស័ព្ទ​ក្រហម​យោធា​រវាង​ប្រទេស​ទាំង​២ ។

ក្រុង​សេ​អ៊ូ​ល​ប្រកាស​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ផ្អាក​សកម្មភាព​ឧទ្យាន​ឧស្សាហកម្ម​កា​អឺ​សុង​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាញ់​កាំជ្រួច​រយៈ​ឆ្ងាយ​របស់​ក្រុង​ព្យុ​ង​យ៉ាង កាលពី​ចុង​ស​ប្តា​ហ៍​មុន ។

ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ដាក់​ប្លុក​ឧស្សាហកម្ម​កា​អឺ​សុង​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង​ថា​ជា​តំបន់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​យោធា​ចាប់ពី​ថ្ងៃ​ទី​១១ កុម្ភៈ ទៅ ហើយ​ចេញ​បញ្ជា​ឱ្យ​ជនជាតិ​កូរ៉េ​ខាងត្បូង​ទាំងអស់​ដែល​ធ្វើការ​នៅ​ទីនោះ​ចាកចេញ​ឱ្យ​អស់ ដោយ​យក​តាមតែ​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ រថយន្ត​កាំ​មី​ញ៉ុ​ង​កូរ៉េ​ខាងត្បូង​ជា​ច្រើន​សិប​គ្រឿង​បាន​ឆ្លងកាត់​ព្រំដែន​ដោយ​ដឹក​ទំនិញ និង​ឧបករណ៍​នានា​បន្ទាប់​ពី​ការ​សម្រេចចិត្ត​របស់​ក្រុង​សេ​អ៊ូ​ល​ផ្អាក​រាល់​សកម្មភាព​ឧទ្យាន​នេះ ។ ដោយ​ដកស្រង់​សេចក្តី​ប្រកាស​ផ្លូវការ​មួយ KCNA បន្ត​ថា បណ្តា​កម្មករ​កូរ៉េ​ខាងជើង​ក៏​ត្រូវ​ចាក​ចេញពី​ទីនោះ​ដែរ រួចរាល់​សម្ភារ​រក្សា​ទុក​នៅ​ទីនោះ ។

គណៈកម្មាធិការ​ដើម្បី​បង្រួបបង្រួម​កូរ៉េ​ដោយ​សន្តិវិធី​ដែល​គ្រប់គ្រង​លើ​ទំនាក់ទំនង​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​សេ​អ៊ូ​ល​ចាត់​ទុក​ការ​ផ្អាក​សកម្មភាព​នៅ​កា​អឺ​សុង​ថា មិន​អាច​អត់ឱន​ឱ្យ​បាន ហើយ​ចាត់​ទុក​កូរ៉េ​ខាងត្បូង​ជា​អា​យ៉ង​របស់​សហរដ្ឋអាមេរិក ដូចដែល​ខ្លួន​ធ្លាប់តែ​និយាយ​បែប​នេះ ។

កូរ៉េ​ខាងត្បូង​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​និយាយ​ថា អាទិភាព​របស់​យើង​គឺ​ការ​វិល​ត្រឡប់​ដោយ​សុខ​សប្បាយ​របស់​ជនជាតិ​យើង ។

ការ​បញ្ឈប់​សកម្មភាព​ក្នុង​ប្លុក​ឧស្សាហកម្ម​ដែល​បើក​ចាប់តាំងពី​ឆ្នាំ​២០០៥​មក ដោយ​សហគ្រាស​កូរ៉េ​ខាងត្បូង​១២៤ ប្រើប្រាស់​ពលករ​កូរ៉េ​ខាងជើង​៥៥.០០០​នាក់ ជា​ការ​កាត់​ផ្តាច់ទំនាក់ទំនង​សំខាន់​ចុង​ក្រោយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​កូរ៉េ​ទាំង​២ ។ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ចាត់​ទុក​ការ​ផ្អាក​សកម្មភាព​នៅ​កា​អឺ​សុង​ថា​ជា​ការ​ប្រកាសសង្គ្រាម ហើយ​ចេញ​បញ្ជា​ដល់​ជនជាតិ​កូរ៉េ​ខាងត្បូង​ធ្វើការ​នៅ​ទីនោះ​ទាំង​២៨០​នាក់​វិល​ទៅ​ស្រុក​វិញ រយៈពេល​៣០​នាទី ។ ជនជាតិ​កូរ៉េ​ខាងត្បូង​ទាំងអស់​នៅ​ទីនោះ​បាន​វិល​ត្រឡប់​មក​វិញ​អស់ហើយ​ដោយ​សុខ​សប្បាយ ។

ជាមួយ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ចំពោះ​កូរ៉េ​ខាងជើង ក្រោយ​ការ​បាញ់​បង្ហោះ​កាំជ្រួច​វា​ហាក់ដូចជា​ចៀស​មិន​រួច បន្ទាប់​ពី​ផ្អាក​សកម្មភាព​នៅ​ឧទ្យាន​ឧស្សាហកម្ម​កា​អឺ​សុង​ដែល​ក្រុង​សេ​អ៊ូ​ល​ធ្វើការ​សម្រេចចិត្ត​ផ្អាក​គម្រោង​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី RAJIN- KHASSAN រវាង​កូរ៉េ​ទាំង​២ និង​រុ​ស្ស៊ី​សម្រាប់​រយៈពេល​មិន​កំណត់​មួយ ។

គម្រោង​នេះ​សំដៅ​បង្កើត​ទំនាក់ទំនង​ផ្លូវដែក​រវាង​ក្រុង KHASSAN រុ​ស្ស៊ី និង​ក្រុង RAJIN កូរ៉េ​ខាងជើង បន្ទាប់​មក​ពង្រីក​កំពង់​ផែ RAJIN សម្រាប់​ការ​ដឹក​ជញ្ជូន​ធនធាន​ធម្មជាតិ​រុ​ស្ស៊ី​មក​កាន់​កូរ៉េ​ខាងត្បូង​តាម​ផ្លូវ​សមុទ្រ ។ ជាមួយ​សភាពការណ៍​បច្ចុប្បន្ន​ដែល​តានតឹង​ខ្លាំង​ការ​ចរចា​ជាមួយ​រុ​ស្ស៊ី ដើម្បី​ចុះហត្ថលេខា​លើ​កុងត្រា​សំខាន់​ដែល​គ្រោង​ធ្វើ​ពិតជា​ជួប​ការ​លំបាក​ហើយ ៕