សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ មិន​ទាន់​ទាំង​បើក​កាមេរ៉ា​ថត​ផង គ្រាន់តែ​ទៅ​ដល់ទី​តាំង និង​ឃើញ​ឧបករណ៍​ច្នៃ​ជា​រូប​ខ្មោច​ធ្វើ​ឲ្យ​តារា​សម្តែង​មាន​អារម្មណ៍​ភ័យ​ខ្លាច ព្រឺ​សម្បុរ​បាត់​ទៅ​ហើយ​។ ការ​ភ័យ​ខ្លាច​នេះ ព្រោះ​អ្នក​ផលិត យក​ទីតាំង​ស្ងាត់​នៅ​កណ្តាល​ព្រៃ​សម្រាប់​ថត​រឿង «​កំណត់ហេតុ​នាង​នាថ​» ។

ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​«​កំណត់ហេតុ​នាង​នាថ​» ជា​វណ្ណ​ម្ម​របស់​ផលិតកម្ម «​ឥន្ទ្រា​និ​មិ្ម​ត​ហ្វីល​ម៍​» បាន​ធ្វើ​ពិធី​ក្រុង​ពលី​បើក​ដំណើរការ​ថត​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ២០១៦ នៅ​ស្រុក​ទឹកឈូ​ខេត្តកំពត ។ ក្នុង​ចំណោម​តារា​សម្តែង​ជា​ច្រើន​មាន​តារា​សម្តែង​កូនកាត់​ខ្មែរ​អ៊ិ​ស្លា​ម កញ្ញា​ណា​តា ហ្សា កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ នាង​ប៉េងប៉ោង លោក​ភី ម៉ៃ លោក​អ៊ុ​ក សុ​ភ័​ក្កិ​រិ​ទ្ធ និង​ក្រុម​តារាចម្រៀង Difinite ជាដើម ។

អគ្គ​នាយិកា​ផលិតកម្ម «​ឥន្ទ្រា​និម្មិត​ហ្វីល​ម៍​» អ្នក​នាង​ចាន់​ណា សុខ​ឃី​ម បញ្ជាក់​ថា ខ្សែភាពយន្ត​នេះ​គ្រោង​ចំណាយ​ប្រាក់​ផលិត​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​ដើម្បី​ឱ្យ​ប្រាកដ​ថា ប្រកបដោយ​គុណភាព​ខ្ពស់ ទាំង​បច្ចេកទេស ទាំង​ទេព​កោសល្យ​សម្តែង ។ ថ្វី​ដ្បិតតែ​ជា​រឿង​ទី​មួយ​របស់​ផលិតកម្ម ប៉ុន្តែ​អ្នក​នាង​សុ​ឃី​ម រំពឹង​ខ្ពស់​ចំពោះ​ខ្សែភាពយន្ត​នេះ ព្រោះ​ទាំង​តារា​សម្តែង និង​ផលិតករ​សុទ្ធតែ​មាន​ជំនាញ​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​សម្តែង និង​ដឹកនាំ​ការ​ផលិត​កន្លង​មក​។

អ្នក​នាង​ចាន់​ណា សុ​ឃី​ម បញ្ជាក់​ថា ខ្សែភាពយន្ត​ជា​ច្រើន​ដែល​លោក​ចាន់​ណា​រ៉ូ​ណា​ន និពន្ធ​សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ពិសេស​តាម​រយៈ​ការ​គាំទ្រ​ដ៏​ច្រើន​លើសលប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្នុង​ខ្សែភាពយន្ត​រឿង​«​ក្រមុំ​៣១​កំលោះ​៥២»​។ ខ្សែភាពយន្ត​ថ្មី​នេះ​រំពឹង​នឹង​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​បច្ចុប្បន្ន ។

ផលិតករ និង​ជា​អ្នកនិពន្ធ​រឿង លោក​ចាន់​ណា រ៉ូ​ណា​ន បញ្ជាក់​ថា​តារា​សម្តែង បង្ហាញ​ម៉ូ​ដ និង​ជា​ពិធី​ការិនី កញ្ញា​ណា​តា ហ្សា មាន​ទម្រង់​មុខ​ស្រ​ដៀង​គ្នា​ទៅ​នឹង​នារី​នា​សម័យ​លង្វែក ហើយ​ជា​ហេតុ​ដែល​លោក​ជ្រើសរើស​នាង​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​បែប​ភ័យរន្ធត់ និង​កំប្លែង​រឿង «​កំណត់ហេតុ​នាង​នាថ​» នេះ ។ «​ខ្សែភាពយន្ត​រឿង «​កំណត់ហេតុ​នាង​នាថ​» នឹង​បន្ត​ថត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត ពិសេស​លើ​ទឹកដី​ខេត្តកំពត​ផ្ទាល់​ដែល​សរុប​រយៈពេល​ផលិត​ប្រមាណ​ជាង​៣​ខែ​។ ក្រៅពី​កញ្ញា​ណា​តា ហ្សា ក៏​មាន​វត្តមាន​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​ទៀត​ចូលរួម​សម្តែង​ផង​ដែរ ។

កញ្ញា​ណា​តា ហ្សា និយាយ​ថា នាង​មាន​អារម្មណ៍​រំភើប​ប្លែក​ដែល​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ ពិសេស​ស្ថិត​ក្រោម​ការ​ផលិត​របស់​ក្រុម​ផលិតករ​ជំនាញ​មានបទពិសោធន៍ ។ តាម​គម្រោង​មាន​ឈុត​ឆាក​ភ័យរន្ធត់ និង​កំប្លែង​ជា​ច្រើន ដែល​ជា​ចំណុច​លំបាក​សម្រាប់​នាង​ប៉ុន្តែ​នាង​នឹង​ខិតខំ​សម្តែង​ឲ្យ​អស់ពី​សមត្ថភាព​បើ​ទោះបីជា​ជួប​ឧបសគ្គ​ច្រើន និង​ត្រូវ​ចំណាយពេល​ថត​ពេល​ខ្លះ​ស្ទើរ​ពេញ​មួយ​រាត្រី​ក្តី​។ «​វា​គឺជា​ក្តី​ស្រមៃ​របស់ខ្ញុំ​ក្នុង​ការ​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ស្ថិត​ក្រោម​ការ​ផលិត​របស់​ក្រុម​អ្នកជំនាញ​មានបទពិសោធន៍​ខ្ពស់​ជា​ច្រើន​» ។

ស្នាដៃ​របស់​ផលិតករ​វ័យក្មេង​លោក​ចាន់​ណា​រ៉ូ​ណា​ន កន្លង​មកនេះ គឺ​រឿង «​ក្រមុំ​៣១​កំលោះ​៥២» ទទួល​បានការ​សរសើរ​ពី​យុវវ័យ​ថា​ល្អមើល ។ រឿង​នេះ​មាន​អ្នក​ទស្សនា ណែន​ៗ​រោង រហូត​អ្នក​មើល​ខ្លះ​ចង់ឱ្យ​ចាក់​បញ្ចាំង​យូរ​ទៀត​ផង ។

ចំពោះ​ស្នាដៃ​ថ្មី​រឿង «​កំណត់ហេតុ​នាង​នាថ​»​ចូលរួម​ដឹកនាំ​រឿង​ពី​លោក​ជ័យ រិ​ទ្ឋា និង​លោក​ចាន់​ណា រ៉ូ​ណា​ន ។ ដឹកនាំ​ប្លង់​ដោយ​លោក​ជ័យ ខេ​មរ​ដ្ឋា ថត​ដោយ​លោក​ឱ ពុ​ទ្ឋិ​សភា​រិ​ទ្ឋ គ្រប់គ្រង​ការ​ផលិត​ដោយ​លោក​ឆែម សុ​ជាតិ និង​លោក​ស៊ី​វុ​ត្ថា និង​និពន្ធ​ដោយ​លោក​ចាន់​ណា រ៉ូ​ណា​ន ៕