ទូតអាមេរិកថ្មី តាំងចិត្តបន្តរក្សា កិច្ចសហប្រតិបត្តិការ យូរអង្វែងជាមួយកម្ពុជា

ភ្នំពេញ៖ លោក William A.Heidt ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញពីការ តាំងចិត្តក្នុងការបន្តរក្សាកិច្ច សហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងជាមួយកម្ពុជា។ ការតាំងចិត្តនេះបានធ្វើឡើង នៅក្នុងជំនួបពិភាក្សា និងសម្តែងការគួរសមជាមួយលោក ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦នេះនាវិមានសន្តិភាព ។

លោក William A.Heidtបានថ្លែងឲ្យដឹងថា អាមេរិកនឹងបន្តរក្សាសហប្រតិបត្តិការ ដ៏ល្អជាមួយកម្ពុជា លើគ្រប់វិស័យ សំខាន់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម គ្រាដែលលោកបានមើលឃើញថា សង្គមកម្ពុជាបានក្លាយ ជាសង្គមមួយដែលមានចំណូល ជាមធ្យមរួចស្រាចមកហើយ ។ ដូច្នេះហើយ នេះជាឱកាសមួយសម្រាប់ វិនិយោគទុនអាមេរិក បណ្តាកទុនរកស៊ីនៅកម្ពុជា ក៏ដូចជាការបើកច្រកឲ្យ កម្ពុជាទៅវិនិយោគទុន នៅសហរដ្ឋអាមេរិក ។

លោក William A.Heidt ក៏បានស្នើសុំដោយទទូច ឲ្យមានការយល់ព្រមរវាងកម្ពុជា និងអាមេរិកក្នុងការ ចុះកិច្ចព្រមព្រៀងផ្នែក ពាណិជ្ជកម្មជាមួយគ្នា ដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្មដល់វិនិយោគទុន ទាំងសងខាង សំដៅឲ្យមានការទុកចិត្តគ្នាក្នុងការរកស៊ី ។ លោកបន្តថា ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការនោះ លោកមានបំណងចង់ អញ្ជើញអ្នកវិនិយោគទុន កម្ពុជាទៅជួបពិភាក្សាជាមួយអ្នក វិនិយោគទុនអាមេរិក ដើម្បីបង្ហាញ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលកំពុងផ្តល់អំណោយផល ដល់អ្នកវិនិយោគអាមេរិក ។

លោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានថ្លែងការកោតសរសើរ ដល់ដំណើរការនៃសាលាក្តីខ្មែរ ក្រហមខណដែល អាមេរិកក៏បាន ចូលរួមចំណែក ច្រើនក្នុងសាលាក្តីកូនកាត់មួយនេះផងដែរ ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានលើកឡើងអំពីការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌នៅកម្ពុជា ក្រោមការជួយឧបត្ថម្ភ មូលនិធិដ៏ច្រើនរបស់សហរដ្ឋអាមេរិក ករណីដូចជាអាមេរិកបានបញ្ជូនរូបបដិមាករ ដែលមានតម្លៃមហាសាល ជាបន្តបន្ទាប់មកកម្ពុជា ។ ផ្តើមពីនោះភាគីទាំងពីរនឹងរិះរកមធ្យោបាយ យ៉ាងណាដែលកាន់តែប្រសើរជាង ដើម្បីអភិរក្សនិងអភិវឌ្ឍន៍ វិស័យវប្បធម៌នៅកម្ពុជា។

គួរកត់សម្គាល់ថា ក្នុងជំនួបពិភាក្សានោះ ឯកអគ្គរដ្ឋអាមេរិកបានបង្ហាញកាន់តែច្បាស់ និងបើកចំហរជាងមុន អំពីគោលបំណងក្នុងការ ពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការដ៏ល្អជាមួយប្រទេសកម្ពុជា អ្វីទាំងអស់នោះគឺបាន បង្ហាញឡើងបន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់លោក ចន ឃេរី រដ្ឋមន្ត្រីការបរទេស អាមេរិកមកកាន់ប្រទេសកម្ពុជា កាលពីពេលថ្មីៗ នេះ ៕

ទូតអាមេរិកថ្មី តាំងចិត្តបន្តរក្សា កិច្ចសហប្រតិបត្តិការ យូរអង្វែងជាមួយកម្ពុជា

ទូតអាមេរិកថ្មី តាំងចិត្តបន្តរក្សា កិច្ចសហប្រតិបត្តិការ យូរអង្វែងជាមួយកម្ពុជា