អ្នកនាំពាក្យ ថា ការរិះគន់​របស់​រដ្ឋ​បាល​លោក អូ​បា​ម៉ា មក​រដ្ឋាភិបាល​ក​ម្ព​ជា ជាការ​បញ្ចេញយោបល់​មិន​ច្បាស់

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សម្តែង​ការរិះគន់​រដ្ឋាភិបាល​ក​ម្ពុ​ជា ចំពោះ​ការគំរាមកំហែង​ធ្វើបាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា។ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​តប​វិញ​ថា ការរិះគន់​របស់​រដ្ឋ​បាល​លោក អូ​បា​ម៉ា នេះ​គឺ​គ្រាន់តែ​ជាការ​បញ្ចេញយោបល់​ដោយ​មិនមាន​ភាពច្បាស់លាស់ មិន​ឆ្លើយតប​ពី​ស្ថានភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ។

លោក ផៃ ស៊ី​ផាន ក៏​សុំ​មិនបាន​បញ្ចេញ​ទស្សនៈ​អ្វី​ច្រើន​ទាក់ទង​និង​ការរិះគន់​ពី​សំណាក់​រដ្ឋបាល​លោក អូ​បា​ម៉ា ពេលនេះ​ឡើយ ដោយ​លោក​ថា បើ​មាន​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​មែន​នោះ គឺ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​នោះទេ ព្រោះ​នោះ​ជា​សិទ្ធិ​របស់​ម្ចាស់ឆ្នោត ដែល​ពួកគេ​គាំទ្រ​និង​ពេញចិត្ត​ការដឹកនាំ​របស់​គណបក្សកាន់អំណាច។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​រូបនេះ បញ្ជាក់​ដូច្នេះ​ថា«បើ​មាន​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​មែន រដ្ឋាភិបាល​ក៏​មិនបាន​ប្រើ​អំ​ណា​រំលោភបំពាន និង​មិនមាន​សិទ្ធិ​បង្គាប់​ឲ្យ​មាន​បាតុកម្ម​ដែរ។ ព្រោះ​ការធ្វើ​បាតុកម្ម​នោះ អាច​កើតឡើង​ដោយ​ម្ចាស់ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន ពួកគេ​ក៏​ចង់​ការពារ​រដ្ឋាភិបាល​ដែរ»។

បើទោះជា​មិន​ប្រតិកម្ម​ខ្លាំង​តប​ជា​មូ​យ​រដ្ឋបាល​លោក អូ​បា​ម៉ា ក៏ដោយចុះ តែ​លោក ផៃ ស៊ី​ផាន អះអាងថា បើ​ពលរដ្ឋ​ខ្មែរ-អាមេរិក ទាំងនោះ​ធ្វើបាតុកម្ម​ប្រឆាំង​សម្ដេច ហ៊ុន សែន នោះ​ពួកគេ​ហាក់ដូចជា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​រវាង​អាមេរិក និង​កម្ពុជា ខណៈដែល​ប្រទេស​ទាំងពីរ​កំពុង​ផ្សះផ្សារ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក។

ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​លោក Ben Rhodes បាន​រិះគន់​ចំពោះ​ការ​រឹតត្បិត និង​បំភិតបំភ័យ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​មកលើ​បក្សប្រឆាំង នៅមុន​ពេល​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​អាមេរិក។លោក Ben Rhodes បានបង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​ការ​វាយ​ធ្វើបាប​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង​ក្នុង​រយៈពេល​ថ្មី​នេះ ក៏ដូចជា​ការ​គំរាម​ចំពោះ​ផែនការ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​អាមេរិក​ផងដែរ៕

 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​