សមាជិកព្រឹទ្ធសភា អាមេរិក អំពាវនាវឲ្យ លោក សម រង្ស៊ី ចូលស្រុកនិងទាមទារ ដោះលែងអ្នកជាប់ ឃុំ១៥នាក់

ភ្នំពេញ ៖ សមាជិកសភា សហរដ្ឋអាមេរិក ជាន់ខ្ពស់៧រូប បានធ្វើការអំពាវនាវ ឲ្យលោក សម រង្ស៊ី និងសមាជិក សភាគណបក្សសង្រ្គោះជាតិ ឲ្យចូលស្រុកវិញ ដោយមិនមានការាំភ័យខ្លាច និងស្នើឲ្យដោះលែង អ្នកជាប់ពន្ធនាគារ ទាំង១៥រូបរបស់គណបក្សប្រឆាំង មួយនេះមានសេរីភាព។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលនិរទ្ទេស ខ្លួនទៅអាមេរិកនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា “ក្នុងលិខិតមួយជូននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន របស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដ៏មានឥទ្ធិពលចំនួន៧នាក់ ដែលមកពី គណបក្សប្រជាធិបតេយ្យ បានសម្តែងការគាំទ្រលើជំហរ សមាជិកសភាសហរដ្ឋអាមេរិក ដែលអំពាវនាវឲ្យ សមាជិក សភាគណបក្សប្រឆាំង បានវិលត្រឡប់ចូលប្រទេសវិញ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬការយកមកកាត់ទោសអ្វីឡើយ”។

ប្រភពខាងលើបន្តថា សមាជិកព្រឹទ្ធសភាទាំងនេះ ក៏ស្នើសុំឲ្យដោះលែងលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្ស សង្គ្រោះជាតិជាបន្ទាន់ផងដែរ។ សមាជិព្រឹទ្ធិសភាទាំងនោះ ក៏បានអំពាវនាវឲ្យបញ្ចប់ការរឹបអូស យកដីធ្លីនៅ ក្នុងប្រទេសកម្ពុជានិងនាំយកជនល្មើសមកកាត់ទោស។

ការអំពាវនាវរបស់អាមេរិកនេះ បានធ្វើឡើងមុនពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅថ្ងៃទី១៥-១៦ខែកុម្ភៈនេះ៕