រដ្ឋមន្តី្រការ បរទេសខ្មែរ ឲ្យអាជីវករនៅ ផ្សាររ៉ុងក្លឿ បើកលក់ ទំនិញធម្មតាវិញ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ខ្មែរនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានស្នើឲ្យអាជីវករ ខ្មែរដែលលក់ដូរ នៅផ្សាររ៉ុងក្លឿ ក្នុងខេត្តសាកែវ ប្រទេសថៃបើកលក់ជាធម្មតាវិញ ព្រោះគ្មានអាជ្ញាធរថៃ ណាចុះចាប់ទំនិញទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា  ដោយមានសារព័ត៌មានមួយចំនួនបានផ្សាយថា តូបលក់ដូររបស់អាជីវករខ្មែរនៅ ផ្សាររ៉ុងក្លឿ ខេត្តសាកែវ ប្រទេសថៃ បានបិទទ្វារដោយសារមានការភ័យខ្លាចថា អាជ្ញាធរថៃ នឹងចុះចាប់ទំនិញរបស់ពួកគាត់ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានណែនាំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តសាកែវ ចុះសួរសុខទុក្ខអាជីវករទាំងអស់ និងណែនាំឲ្យបើកលក់ដូរជាធម្មតាវិញ តែជៀស វាងការលក់ទំនិញ ក្លែងក្លាយខុសច្បាប់ ដែលនាំឲ្យមានបញ្ហាជាមួយសមត្ថកិច្ចផ្នែកកម្មសិទ្ធិ បញ្ញារបស់ថៃ។

ត្រូវបន្តជួបទំនាក់ទំនងជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយការព្រួយបារម្ភរបស់អាជីវករខ្មែរ និងធានាបានការប្រកបអាជីវកម្មធម្មតាឡើងវិញ។ តាមការចុះអង្កេត ផ្ទាល់របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តសាកែវ បានឲ្យដឹងថា ផ្សាររ៉ុងក្លឿពុំបានបិទទ្វារទេ ប៉ុន្តែដោយសារអាជីវករមួយចំនួនបានឈប់សំរាកក្នុងឱកាស បុណ្យចូលឆ្នាំចិន និងអាជីវករមួយចំនួនទៀតមានការភ័យខ្លាចដោយខ្លួនឯងថាសមត្ថកិច្ចថៃ នឹងចុះចាប់ទំនិញរបស់ពួកគាត់ទៀត។

ចំពោះករណីពលរដ្ឋខ្មែរ ចំនួន០២នាក់ ដែលអាជ្ញាធរថៃកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល០៣ខែ ក្នុងហេតុការណ៍នៃការប៉ះទង្គិច គ្នារវាងក្រុមអាជីវករខ្មែរ និងក្រុមស៊ើបអង្កេត ពិសេសថៃមកពីទីក្រុងបាងកក ដែលចុះមកពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ កាល ពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦  ស្ថានអគ្គកុងស៊ុល កម្ពុជានៅខេត្តសាកែវ បានជូនព័ត៌មានថា សាលាឧទ្ធរណ៍ថៃ បានបដិសេធសំណើធានាឲ្យនៅក្រៅឃុំរបស់មេធាវីស្ថានអគ្គ- កុងស៊ុល។

មេធាវីស្ថានអគ្គកុងស៊ុល បានផ្ដល់យោបល់ថាការប្ដឹងតវ៉ាបន្ធូរបន្ថយទោស នឹងត្រូវប្រើ ពេលវេលាយូរ ដែលអាចអូសបន្លាយរយៈពេលជាប់ពន្ធនាគារ និងថាគួរទទួល យកការកាត់ ទោសរបស់តុលាការជាប់ពន្ធនាគារ ០៣ ខែ។

ចំពោះករណីនេះ លោកឧបនាយករដ្ឋមន្រ្តី បានណែនាំឲ្យស្ថានអគ្គកុងស៊ុល ទំនាក់ទំនងជំរាបជូនឳពុក-ម្តាយរបស់សាម៉ីជនទាំងពីរនាក់នេះ៕